ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំព្យូទ័រ​មួយ​ទឹក​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់ ខណៈ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចេកវិទ្យា​ថ្មី​ៗ​កាន់តែ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ក៏​តម្រូវការ​កុំព្យូទ័រ​មួយ​ទឹក​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់ ខណៈ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចេកវិទ្យា​ថ្មី​ៗ​កាន់តែ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ក៏​តម្រូវការ​កុំព្យូទ័រ​មួយ​ទឹក​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់ ខណៈ​ក្រុមហ៊ុន សហគ្រាស ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​តែ​ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​គុណភាព​របស់​មួយ​ទឹក ។

បើ​តាម​ម្ចាស់​ហាង​កុំព្យូទ័រ Theara Computers បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ តុលា ថា​ហាង​របស់​លោក​នាំ​ចូល​កុំព្យូទ័រ​មួយ​ទឹក​ពី​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​មក​ពី​អូស្ត្រាលី ។

លោក ប៊​ន ឡាក់​គី ម្ចាស់​ហាង​រូប​នេះ​បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ អតិថិជន​នៅ​តែ​ជឿជាក់​លើ​គុណភាព​របស់​កុំព្យូទ័រ​មួយ​ទឹក ដោយ​ក្នុង​១​ថ្ងៃ ខ្ញុំ​លក់រាយ​ឲ្យ​អតិថិជន​ពី​៣​ទៅ​៤​គ្រឿង និង​តែងតែមាន​ម្ចាស់​ក្រុមហ៊ុន ឬ​សាលារៀន មក​កុម្ម​ង់​ទិញ​ពី​១០​ទៅ​២០​គ្រឿង​ជា​ហូរហែ » ។

លោក​ថា ៖« ការ​ចាប់​យកមុខ​របរ​នេះ ដោយសារ​ខ្ញុំ​មាន​ជំនាញ​ខាង​ព័ត៌មានវិទ្យា ហើយ​មើលឃើញ​ថា គ្រប់​បណ្ដា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​សាលារៀន​សព្វថ្ងៃ គឺ​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការងារ ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​បើក​កន្លែង​មួយ​ដោយ​ខ្លួនឯង​តែ​ម្ដង ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ » ។

លោក ប៊​ន ឡាក់​គី បាន​បង្ហើប​ថា ៖« ការ​លក់ និង​ទិញ​កុំព្យូទ័រ​មួយ​ទឹក ពិតជា​ចំណេញ​បាន​ច្រើន​ទាំង​អ្នកលក់ និង​អ្នកទិញ និយាយ​រួម គឺ​មិនសូវ​ចំណាយ​ច្រើន ។ ម្យ៉ាងទៀត ខ្ញុំ​ឃើញ​ថា អ្នក​ប្រើប្រាស់​គាត់​ទទួលស្គាល់​ថា កុំព្យូទ័រ​មួយ​ទឹក គឺ​ល្អ​ជាង​កុំព្យូទ័រ​ថ្មី ព្រោះ​របស់​ទាំងនោះ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​មក​ពី​អូស្ត្រាលី » ។

លោក ឌុំ ផា​ន់​ណា ម្ចាស់​ហាង​លក់​កុំព្យូទ័រ​មួយ​ទឹក High Teach Computer បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​នាំ​ចូល​កុំព្យូទ័រ​ក្នុង​ហាង​របស់​លោក ភាគច្រើន​យក​ពី​ប្រទេស​ជប៉ុន និង​អា​មេ​រិ​ក ហើយ​ម៉ូ​ដែល ដែល​លក់ដាច់​ច្រើន​ជាងគេ គឺ​ម៉ាក Dell និង HP ។ ក្នុង​នោះ​ក៏​មានការ​ធានា​ជូន​រយៈពេល​១​ឆ្នាំ​ផង​ដែរ សម្រាប់​អតិថិជន​ដែល​ទិញ​នៅ​ហាង​របស់​លោក ។

បើ​តាម​លោក ណូ​ន តុលា អតីត​សិស្ស​ផ្នែក​ទំនាក់ទំនង​សង្គម បាន​ឲ្យ​ដឹង​ថា លោក​សម្រេចចិត្ត​ទិញ​កុំព្យូទ័រ​មួយ​ទឹក​ដោយសារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​ណាមួយ​គិត​ថា វា​អាច​ប្រើ​បាន​ដូច​គ្នា ។

លោក​និយាយ​ថា ៖« និយាយ​រួម​ទៅ​មិន​ថា​កុំព្យូទ័រ​ថ្មី​ឬ​មួយ​ទឹក​ទេ គឺ​យើង​ប្រើ​បាន​ដូច​គ្នា ហើយ​តម្លៃ​ខុស​គ្នា​បន្តិចបន្តួច ។ យ៉ាងណា​ខ្ញុំ​គិត​ថា​របស់​ថ្មី​គឺ​វា​ល្អ​ជាង និង​ស្រួល​ធ្វើការ​ជាង​របស់​ចាស់ គ្រាន់តែ​ការ​សម្រេចចិត្ត​អាស្រ័យ​លើ​អ្នកទិញ » ៕