ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ពុំ​មាន​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​មកនេះ បណ្ដា​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅ​កម្ពុជា ដោយ​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​មកនេះ បណ្ដា​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នៅ​កម្ពុជា ដោយ​អះអាង​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​រុ​ស្ស៊ី​លើ​គម្រោង​នេះ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ក៏​ដូច​ជា​ក្រសួងបរិស្ថាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា មិន​មាន​គម្រោង​នេះ​លេចឡើង​នៅ​កម្ពុជា​ទេ តែ​នឹង​ជំរុញ​មានការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ថាមពលនុយក្លេអ៊ែរ​នេះ ។

លោក ម៉េ​ង សក្តិ​ធា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ថា លោក​មិនដឹង​ពី​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នៅ​កម្ពុជា​ទេ ហើយ​កន្លង​មក គ្រាន់តែ​ជា​កិច្ច​ពិភាក្សា​ដើម្បី​យល់​ពី​បញ្ហា​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ដំណើរការ​សាងសង់​រោងចក្រ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ។

សូម​រំឭក​ថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី ហើយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ សម្ដេច​តេ​ជោ​បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​រុ​ស្ស៊ី លើ​ចំណុច​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​គម្រោង​ពាក់ព័ន្ធ​នឹង​ថាមពលនុយក្លេអ៊ែ​រដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គម្រោង​ដ៏​ធំ​មួយ​នេះ​នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ។ គោលបំណង​នៃ​គម្រោង​វិស័យ​ថាមពលនុយក្លេអ៊ែរ​នេះ​ដែរ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ដកស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ថា វា​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ។

លោក ទិន ពន្លក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​របៀបវារៈ​ដែល​បាន​ជួប​ជាមួយ​ភាគី​រុ​ស្ស៊ី កាលពី​ពេល​កន្លង​ទៅ​នេះ មិន​មានការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ទេ ក៏​ប៉ុន្តែ​កាលពី​២​ស​ប្ដា​ហ៍​មុន​នេះ អន្តររដ្ឋាភិបាល​ដែល​មាន​កម្ពុជា និង​រុ​ស្ស៊ី បាន​ចុះហត្ថលេខា​មួយ​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​កម្ពុជា​ពី​ជំនាញ ចំណេះដឹង​លើ​វិស័យ​ថាមពលនុយក្លេអ៊ែរ។

លោក​ថា ៖« កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​រុ​ស្ស៊ី ឲ្យ​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ហើយ​ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​ក៏​បាន​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​និស្សិត​ឲ្យ​ចាប់អារម្មណ៍​លើ​ជំនាញ ចំណេះដឹង​លើ​វិស័យ​ថាមពលនុយក្លេអ៊ែរ ក្នុង​នោះ យើង​ក៏​បាន​ជំរុញ​ឲ្យ​មានការ​កសាង​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ​នៅ​កម្ពុជា​ផង​ដែរ » ។

លោក​បន្ត​ថា មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​នេះ ក៏​មិន​ទាន់​ប្រាកដ​ថា នឹង​លេច​ជា​រូបរាង​នៅ​ពេល​ណា​នៅឡើយ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការ​ចរចា​រវាង​កម្ពុជា និង​រុ​ស្ស៊ី​ប៉ុណ្ណោះ​។ មួយវិញទៀត កម្ពុជា​ក៏​គ្មាន​គម្រោង ឬ​ផែនការ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ តែ​កម្ពុជា​ជំរុញ​ឲ្យ​សិស្ស​និស្សិត​សិក្សា​ពី​ចំណេះដឹង ឬ​ជំនាញ​នុយក្លេអ៊ែរ ព្រោះ​ជំនាញ​នេះ​វា​មាន​សារសំខាន់​ទាក់ទង​នឹង​វិស័យ​ផ្សេង​ទៀត ដូច​ជា វិស័យ​សុខាភិបាល និង​គីមី​ចំណីអាហារ​ជាដើម ។

លោក​ថា ៖« អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​នៅ ពេល​នេះ គឺ​ទាក់ទាញ​សិស្ស​និស្សិត​ឲ្យ​ចាប់ អារម្មណ៍​នឹង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត ព្រោះ​តាម​បរិបទ​នៃ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រទេស​អភិវឌ្ឍន៍ ត្រូវការ​អ្នក​វិទ្យាសាស្ត្រ ហើយ​យើង​ក៏​មិន​អាច​ទៅ​ពឹង​លើ​វិស័យ​កសិកម្ម​ដូច​កាល​មុន​ទៀត​ដែរ គឺ​យើង​ត្រូវការ​ផ្លាស់​ប្តូរ​ពី​មួយ​ជំហាន​ទៅ​មួយ​មួយ​ជំហាន ។ ដូចនេះ ជំនាញ​មួយ​នេះ​ប្រាកដជា​មាន​តម្រូវការ​ខ្ពស់​នៅ​ពេល​អនាគត ។ អីចឹង​បានជា​យើង​ត្រូវ​ទាក់ទាញ​ឲ្យ​និស្សិត​មាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​នុយក្លេអ៊ែរ » ។

លោក​បន្ថែម​ថា នៅ​ក្នុង​របៀបវារៈ​ដែល​កម្ពុជា​ដាក់​សំណើ​ទៅ​រុ​ស្ស៊ី មិន​មាន​លើក​ឡើង​ពី​ការ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ ព្រោះ​គម្រោង​នេះ​ធំ​ណាស់ ត្រូវការ​សិក្សា​ច្រើន​។ ដូចនេះ ការ​ចំណាយ​នានា​ក៏​អស់​ច្រើន​ដែរ ហើយ​ក៏​គ្មាន​ទុន​សម្រាប់​ធ្វើ​វា​ទេ ។ ម្យ៉ាងទៀត ការ​សាងសង់​នេះ ក៏​ត្រូវ​គិតគូរ​ច្រើន​ពី​បញ្ហា​ប្រឈម​ដូច​ជា បរិស្ថាន និង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ជាដើម ៕