ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​គយ​ថៃ ដើម្បី​រៀបចំ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់

6 ឆ្នាំ មុន

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា (​មន្ត្រី​គយ និង​តំណាង​ក្រសួងពាណិជ្ជកម្ម​) ទៅ​ចូលរួម​កិច្ច​ប្រជុំ​​ជាមួយ​រដ្ឋបាល​គយ​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ចរចា​បញ្ចប់សេចក្តី​ព្រាង​អនុស្សា​រណៈ​យោគ​យល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់ និង​គ្រោង​ចុះ​ហត្ត​លេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​នេះ​ឲ្យ​បាន​មុន​កាលបរិច្ឆេទ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ដែល​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

កិច្ចប្រជុំ​បាន​ប្រារព្ធ​ឡើង​ស្រប​តាម​ស្មារតី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិ​បតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​​ថៃ​។ គោលបំណង​នៃ​ការ​រៀបចំ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់​នេះ គឺជា​ការ​បំពេញ​លក្ខខណ្ឌ​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​តាម​ផ្លូវគោក ស្រប​តាម​បញ្ញត្តិ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​។ អង្គប្រជុំ​បាន​ពិភាក្សា​និង​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ ដូច​ខាងក្រោម​៖

– ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​លើ​ខ្លឹមសារ​សេចក្តី​ព្រាង​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់ មាន​ប្រាំពីរ​មាត្រា​។ ខ្លឹមសារ​នៃ​អនុស្សា​រណៈ​យោគយល់​គ្នា​នេះ មិន​ត្រឹម​តែ​បាន​បំពេញ​លក្ខខណ្ឌ​ ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ​តាម​ផ្លូវគោក ស្រប​តាម​បញ្ញត្តិ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​​ទាំង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​បន្ថែម​ទៀត លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​អនុលោម​ភាព​លើ​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ។

-​បាន​ឯកភាព​កំណត់​មាត់ច្រក​ចំនួន ០៦ សម្រាប់​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវគោក ទៅ​កាន់​ឬ​មក​ពី​ប្រទេស​ទី​បី

– ​បាន​ឯកភាព​លើ​កាលបរិច្ឆេទ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​គឺ​ឲ្យ​បាន​មុន​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ដែល​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

លើស​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិត​ស្និ​ទ​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្ងាត់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​អំពើ​គេច​រត់ពន្ធ និង​ជម្រុញ​កិច្ចសហការ​លើ​ការងារ «​យន្តការ​លើកទឹកចិត្ត​ពាណិជ្ជករ​ល្អ​បំផុត» និង «ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​» (Best Traders Incentives Mechanism and Authorized Economic Operators) ក្នុង​ការ​ផ្ដល់​ប្រព្រឹត្ត​កម្ម​ពិសេស​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។