ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ជួសជុល​នាឡិកា​នៅ​តែ​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ស្រួល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មុខរបរ​មួយ​ចំនួន​កំពុង​ប្រកួតប្រជែង​លើ​ទីផ្សារ​នោះ បច្ចុប្បន្ន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មុខរបរ​មួយ​ចំនួន​កំពុង​ប្រកួតប្រជែង​លើ​ទីផ្សារ​នោះ បច្ចុប្បន្ន របរ​ជួសជុល​នាឡិកាដៃ ហាក់​នៅ​តែ​រីករាយ​នឹង​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ស្រួល បើ​ទោះបីជា​បច្ចេកវិទ្យា​មួយ​ចំនួន​អាច​មើល​ម៉ោង​ជំនួស​នាឡិកា​ក៏​ដោយ ។ ជាក់ស្តែង​ជាង​ជុស​ជុល​នាឡិកា​នៅ​ជិត​ផ្សារ​ដើម​គ បាន​អះអាង​ថា គិត​ជា​មធ្យម លោក​អាច​រក​ចំណូល​បាន​មិន​ក្រោម​២០​ទៅ​៣០​ដុល្លារ​ទេ ដែល​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​គ្រួសារ ហូប​ចុក ផ្តល់​ឱ្យ​កូន​រៀន និង​បង់ថ្លៃ​សាលា​ឱ្យ​កូន​បាន​យ៉ាង​គ្រប់គ្រាន់ ។

លោក អឹុ​ង ទី ដែល​ប្រកប​របរ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​អះអាង​ថា របរ​ជុស​ជុល​នាឡិកា​នេះ គឺ​រក​លុយ​បាន​ស្រួល​ណាស់​។ លោក​ថា ៖« ក្នុង​១​ថ្ងៃជា​មធ្យម ខ្ញុំ​រកបាន​មិន​ក្រោម​៣០​ដុល្លារ​ទេ ខុស​ពីរ​បរ​តូច​ៗ​មួយ​ចំនួន ទម្រាំ​រក​ចំណូល​បាន​៤​ឬ​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ត្រូវការ​ទាំង​ពេលវេលា និង​កម្លាំង​ពលកម្ម » ។

លោក​បន្ដ​ថា ជំនាញ​ជុស​ជុល​នាឡិកា​នេះ លោក​បាន​រៀន​ពី​គ្រូ​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី​ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ហើយ​សព្វ​ថ្ងៃនេះ ជាង​នាឡិកា​មិនសូវ​មាន​ច្រើន​ទេ ព្រោះ​វា​ជា​មុខរបរ​ត្រូវធ្វើ​នៅ​កណ្តាលវាល ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង ហើយ​ភ្នែក​មើល​ច្បាស់​ល្អ ខុស​ពីមុខ​របរ ឬ​ជំនាញ​ផ្សេង​ៗ ប៉ុន្ដែ​មុខរបរ​នេះ​អាច​រក​ចំណូល​បាន​ស្រួល​ណាស់ ពិសេស​នៅ​ពេល​មាន​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ​ក្រៅពី​ការ​ជុស​ជុល ដាក់​ថ្ម ប្ដូរ​ខ្សែ​ហើយ គឺ​មាន​អ្នកដំណើរ​មួយ​ចំនួន​បាន​ទិញ​នាឡិកា​ជូន​បងប្អូន​ទៀត​ផង ។

លោក​បន្ដ​ទៀត​ថា មុខរបរ​នេះ​មិនសូវ​នឿយហត់​ទេ ។ លើស​ពី​នេះ ខណៈ​ប្រជាពលរដ្ឋ​មិន​ចាប់អារម្មណ៍​រៀន​មុខ​ជំនាញ​នេះ វា​នៅ​តែ​ផ្តល់​ឱកាសល្អ​ក្នុង​ការ​ទទួល​បាន​អតិថិជន ក៏​ដូច​ជា​ប្រាក់​ចំណូល​សម្រាប់​អ្នក​ដែល​កំពុង​ជុស​ជុល​នាឡិកា​នា​ពេល​បច្ចុប្បន្ន ។

ចំណែក​លោក គី​ម ធឿ​ន ដែល​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ដែរ​នោះ​ឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ លោក​អាច​រក​ចំណូល​បាន​២០​ទៅ​៣០​ដុល្លារ ឬ​លើស​ពី​នេះ​ទៅ​តាម​ពេលវេលា  ហើយ​មុខរបរ​នេះ​នៅ​តែ​ដំណើរការ​ល្អ និង​រក​ចំណូល​បាន​ស្រួល បើ​ធៀប​នឹង​មុខរបរ​តូចតាច​នៅ​តាម​ចិញ្ចើម​ផ្លូវ ឬ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​៣​សព្វថ្ងៃ ដែល​ប្រឈម​នឹង​ការ​កកស្ទះ​ផង និង​គ្រោះថ្នាក់​ផង ។

លោក​បញ្ជាក់​ថា ៖« ចំពោះ​ប្រាក់​ចំណូល​ដែល​រកបាន​នេះ ក្រៅពី​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ហើយ គឺ​ខ្ញុំ​អាច​សន្សំទុក​មួយ​ផ្នែក​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនាគត ជា​ពិសេស កូន​ៗ​របស់ខ្ញុំ » ។

បុរស​ដែល​យក​នាឡិកា​មក​ជួសជុល​បាន​ឲ្យ​ដឹង​ថា នាឡិកាដៃ​របស់​លោក​មិន​ថ្លៃ​ទេ តែបើ​មិន​ពាក់ វា​ហាក់ដូចជា​ស្រាល​ដៃ ហើយ​អារម្មណ៍​ចេះ​តែ​គិត​ថា ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង ។
លោក អ៊ុយ សំអាត បន្ដ​ថា ៖« សព្វថ្ងៃ​ថ្វី​ដ្បិតតែ​សម្ភារ​មួយ​ចំនួន យើង​អាច​មើល​ម៉ោង​ជំនួស​នាឡិកា​បាន ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​ធ្លាប់​ពាក់​វា​ហើយ គឺ​ពិបាក​នឹង​អត់​វា​ណាស់ ។ ម្យ៉ាងទៀត ការ​ពាក់​នាឡិកា​សំខាន់​ណាស់​សម្រាប់​មើល​ពេលវេលា ពិសេស​អ្នកធ្វើការ ឬ​ធុរជន​នានា ព្រោះ​ពួក​គេ​មមាញឹក និង​មានការ​ណាត់ជួប​ច្រើន ។ ដូច្នេះ​ហើយ ទើប​ទីផ្សារ​នាឡិកា​នៅ​តែ​ដំណើរការ​ល្អ ដែល​នាំ​ឲ្យ​មុខរបរ​ជួសជុល​រក​លុយ​បាន​ងាយ » ៕