ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​រដ្ឋាករ​របស់​លោក​ត្រាំ ផ្តល់​ប្រយោជន៍​អ្វី

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​លុប​បំបាត់ Obamacare នា​ឆ្នាំ​២០១០​មក រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

ទីក្រុង​ញូ​វ​យ៉​ក ៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​លុប​បំបាត់ Obamacare នា​ឆ្នាំ​២០១០​មក រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ងាក​ទៅ​រក​កំណែទម្រង់​ច្បាប់​រដ្ឋាករ​វិញ ។ គោលនយោបាយ​រដ្ឋាករ គួរតែ​បង្កើត​ឡើង​ដោយ​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ និង​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក​ជួប​ប្រទះ​នឹង​បញ្ហា​ធំ​ៗ​ចំនួន​៤ រួម​មាន ការ​រីក​ធំ​ឡើង​នៃ​វិសមភាព​ប្រាក់​ចំណូល​, អសន្តិសុខ​ការងារ​, បម្រែបម្រួល​បរិយាកាស និង​ការ​លូតលាស់​ទន់ខ្សោយ​ក្នុង​សមត្ថភាព​ផលិត ។

លើស​ពី​នេះ សហរដ្ឋអាមេរិក​ត្រូវ​តែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​តែ​ខូចខាត ហើយ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ថ្នាក់បឋមសិក្សា និង​អនុ​វិទ្យាល័យ​ជាដើម ។

ប៉ុន្តែ​អ្វី​ដែល​លោក​ត្រាំ និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្តល់​ជូន​ពលរដ្ឋ​នោះ បែរជា​កំណែទម្រង់​ច្បាប់​រដ្ឋាករ ដែល​ផ្តល់​អត្ថប្រយោជន៍​ភាគច្រើន​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទៅ​វិញ ។

នៅ​ក្នុង​ចំណោម​អ្នក​ទទួល​អត្ថប្រយោជន៍​ច្រើន​រួម​មាន សាជីវកម្ម និង​អាជីវកម្ម ។ សមាជិក​គណបក្ស​នេះ​យល់​ថា ពួក​គេ​គួរ​ផ្តល់​អត្ថប្រយោជន៍​ដល់​សាជីវកម្ម និង​អាជីវកម្ម ដោយ​កាត់​បន្ថយពន្ធ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​នៅ​សហរដ្ឋអាមេរិក និង​បង្កើត​ការងារ ខណៈ​បង្កើន​ពន្ធ​លើ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ផ្ទុយ​ពី​នេះ ។

គណបក្ស​ខាងលើ ក៏​ចង់​ឲ្យ​យកពន្ធ​តែ​លើ​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​រកបាន​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ។ ការ​ធ្វើ​ដូច្នេះ នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ប្តូរ​ទីតាំង​ផលិតកម្ម ។ ដើម្បី​ជៀសវាង​បញ្ហា​នេះ រដ្ឋាភិបាល​អាច​ដាក់​អត្រា​អប្បបរមា​សម្រាប់​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក ។
រដ្ឋ និង​តំបន់​គ្រប់គ្រង​ផ្សេង​ៗ​នៅ​សហរដ្ឋអាមេរិក គឺជា​អ្នករ៉ាប់រង​ការ​ចំណាយ​លើ​ការ​អប់រំ និង​ផ្នែក​ដ៏​ធំ​នៃ​វិស័យ​សុខាភិបាល ។ ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ក្រុមហ៊ុន គឺជា​វិធី​ដ៏​ល្អ​សម្រាប់​ប្រមូល​ថវិកា ។ នេះ​ប្រហែល​មក​ពី​ក្នុង​រដ្ឋាភិបាល​លោក​ត្រាំ ចង់​ឲ្យ​រដ្ឋ​ផ្សេង​ៗ​ងាក​ទៅ​យកពន្ធ​លើ​ការ​លក់ ។

ការ​ដោះស្រាយ​បញ្ហា​ដែល​សហរដ្ឋអាមេរិក​កំពុង​តែ​ជួប​ប្រទះ គឺ​ត្រូវការ​ប្រាក់​ចំណូល​រដ្ឋាភិបាល​កាន់តែ​ច្រើន ។ ឧទាហរណ៍ ដើម្បី​បង្កើន​គុណភាព​ការ​រស់នៅ​របស់​ពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ និង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ជាដើម ។ ប៉ុន្តែ​ថវិកា​ដែល​រដ្ឋាភិបាល​ជួយ​ដល់​ការ​ស្រាវជ្រាវ​នេះ គឺ​ស្មើនឹង​កម្រិត​ផ្តល់​ឲ្យ​កាលពី​៦០​ឆ្នាំ​នៅឡើយ ។

សំណើ​កំណែទម្រង់​របស់​លោក​ត្រាំ នឹង​ប​ងើ្ក​ន​បំណុល​ប្រទេស​រាប់​ទ្រី​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ខុស​ពី​ការ​អះអាង​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ថា វា​នឹង​បន្ថែម​ប្រាក់​១,៥​ទ្រី​លាន​ដុល្លារ ។

ពេល​នេះ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ស្មើ​ប្រមាណ​៤% ហើយ​រាល់​ការ​បង្កើន​តម្រូវការ​នឹង​បង្ក​ឲ្យ​មាន​កំណើន​អត្រា​ការ​ប្រាក់ ។ ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ និង​ការ​លូតលាស់​ធ្លាក់​ចុះ ។

ក្របខ័ណ្ឌ​អាច​បង្កើន​ប្រាក់​ចំណូល និង​ជំរុញ​ដល់​ការ​លូតលាស់​រួម​មាន កំណែទម្រង់ពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម គឺ​លុប​បំបាត់​ការ​បង់ពន្ធ​កម្រិត​ទាប​របស់​ក្រុមហ៊ុន​ទាំងនោះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រៀប​ជាង​អាជីវកម្ម​តូច​ៗ ។

វា​រួម​មាន​ពន្ធ​អប្បបរមា និង​ការ​លុប​បំបាត់​រាល់​អត្ថប្រយោជន៍​ផ្សេង​ៗ ដែល​អនុញ្ញាត​ឲ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​បង់ពន្ធ​ប្រាក់​ចំណូល​ក្នុង​កម្រិត​ស្មើ​ពលរដ្ឋ​ដទៃ ។ លើស​ពី​នេះ រដ្ឋាភិបាល​គួរតែ​ចេញ​ពន្ធ​លើ​ឧស្ម័ន​កាបូ​និក ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​បៃតង ។

ច្បាប់​រដ្ឋាករ ក៏​អាចយ​កមក​ប្រើប្រាស់​ដើម្បី​រៀបចំ​សេដ្ឋកិច្ច​ផង​ដែរ ។ ក្រៅពី​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​វិនិយោគិន ការ​ស្រាវជ្រាវ និង​បង្កើត​ការងារ​ក្នុង​ប្រទេស ការ​បង្កើន​ពន្ធ​លើ​ដី និង​អចលនទ្រព្យ នឹង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​ការ​បង្កើន​សមត្ថភាព​ផលិត ដែល​ជា​កត្តា​ជំរុញ​ការ​រស់នៅ​រយៈពេល​វែង ។

កំណែទម្រង់​ច្បាប់​រដ្ឋាករ​នេះ នឹង​ជា​កាដូ​កាន់តែ​ធំ​សម្រាប់​សាជីវកម្ម និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ។ វា​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ដែល​អាច​បង្ក​ឲ្យ​ប្រទេស​ជួប​ប្រទះ​បំណុល​កាន់តែ​ខ្លាំង ហើយ​ការ​លូតលាស់​នៃ​សមត្ថភាព​ផលិត​អាច​នឹង​ផ្អាក និង​មាន​វិសមភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ៕