ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ជាង​12​លាន​ដុល្លារជួយ​ដល់​ស្ត្រី​សម្រាលកូន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ប្រាក់​១២,១​លាន​ដុល្លារ​ជួយ​ស្ត្រី​សម្រាលកូន​ក្នុង​វិស័យ​ពីរ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ប្រាក់​១២,១​លាន​ដុល្លារ​ជួយ​ស្ត្រី​សម្រាលកូន​ក្នុង​វិស័យ​ពីរ​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួក​គេ ។ វា​ជា​ផ្នែក​មួយ​នៃ​សំណាញ់​សុវត្ថិភាព​សង្គម​ដែល​រាជរដ្ឋាភិបាល​កំពុង​ដាក់​ចេញ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​៦​ពាន់​នាក់​មក​ពី​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ថា គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​រាជរដ្ឋាភិបាល​បាន​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ថវិការដ្ឋ ឥឡូវនេះ ស្ត្រី​ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ផ្នែក​ស៊ី​វិល និង​កង​កម្លាំង​ប្រដាប់អាវុធ​សរុប​៩២.១៩៨​នាក់ ក្នុង​នោះ​រដ្ឋបាល​ស៊ី​វិល​មាន​៨២.៥១៧​នាក់ ។

សម្តេច​បន្ត​ថា នៅ​រដ្ឋបាល​កណ្តាល​មាន​ចំនួន​១៦.៥០៣​នាក់ ហើយ​ជំនាញ​ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​ជំនាញ​នានា ៦៦.៦១៤​នាក់ នគរបាល​៣.៨៧៥​នាក់ និង​យោធា​៥.៨០៦​នាក់ ។ បើ​គិត​ពី​លទ្ធភាព​នៃ​អ្នក​មានកូន គឺ​គ្មាន​កូន​ទាំងអស់​ទេ គឺ​គិតតែ​ក្នុង​វ័យ​ដែល​ត្រូវ​មានកូន​ប៉ុណ្ណោះ ស្មើ​ប្រមាណ​១០% ហើយ​សម្រាប់​គម្រោង​ចំណាយ​របស់​រាជ​រដ្ឋា​ភិបាល​ចាប់ពី​ឆ្នាំ​២០១៨​តទៅ គឺ​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ​២,១​លាន​ដុល្លារ​សម្រាប់​ចំណាយ​ទៅ​លើ​ស្ត្រី​សម្រាលកូន​ជា​មន្ត្រីរាជការ ហើយ​ផ្នែក​កម្មករ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ប្រមាណ​១០​លាន​ដុល្លារ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស ស្ត្រី​ក្នុង​ផ្នែក​ទាំង​ពីរ​នេះ ។ វា​ជា​សំណាញ់​សុវត្ថិភាព​សង្គម ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់ ហើយ​នេះ​ជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​គាំពារ​សង្គម ប៉ុន្តែ​ការ​ចំណាយ​នេះ ក៏​ជា​សម្ពាធ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​ត្រូវ​ពង្រីក​ទំហំ​នៃ​ការ​ចំណាយ ។

លោក​បណ្ឌិត​បាន​បន្ត​ថា ទោះជា​យ៉ាងណា តាម​រយៈ​ការ​កែទម្រង់​ប្រព័ន្ធ​ពន្ធដារ​របស់​រាជ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​បាន​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​មុន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​លើ​ប្រាក់ខែ​របស់​មន្ត្រីរាជការ និង​ការ​វិនិយោគសាធារណៈ​ផ្សេង​ៗ ។

លោក​បន្ត​ថា ៖« នៅ​ពេល​ប្រទេស​មានការ​រីក​ចម្រើន រដ្ឋាភិបាល​ត្រូវ​ពង្រីក​កិច្ច​គាំពារ​សង្គម​ពិតជា​រឿង​ត្រឹមត្រូវ និង​ចាំបាច់ ដើម្បី​សម្រេច​បាន​សង្គម​មួយ​មាន​សុខុមាល​ភាពល្អ និង​ប្រជាជន​រស់នៅ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ » ៕