ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃលោករន្ទះ…! ប្រហារទូចែកចាយចរន្តភ្លើងផ្ទុះឆេះទាំងព្រលឹម​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូ​ចែកចាយ​ចរន្តអគ្គិសនី​តង់ស្យុង​មធ្យម​ជា​ច្រើន​គ្រឿង​បាន​ផ្ទុះ​ឆេះ

រាជធានី​ភ្នំពេញ ៖ ទូ​ចែកចាយ​ចរន្តអគ្គិសនី​តង់ស្យុង​មធ្យម​ជា​ច្រើន​គ្រឿង​បាន​ផ្ទុះ​ឆេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រួម​ជាមួយ​អគារថ្ម​មួយ​ខ្នង បន្ទាប់​ពី​ភ្លៀង​បាន​បង្អុរ​យ៉ាង​ខ្លាំង​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី០៨ តុលា​ បង្ក​ឱ្យ​មានរ​ន្ធះ​បាញ់​​នៅ​ចំ​អនុ​ស្ថានីយ​អគ្គិសនី ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ឆ្លង​ចរន្ត ។ ការ​ផ្ទុះ​ឆេះ​នោះ​បណ្តាល​ឱ្យ​អគ្គិសនី​ស្ទើរ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​បាន​ដាច់​ផង​ដែរ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​អនុ​ស្ថានីយ​អគ្គិសនី​ទី​៥ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ សាក្សី​បានឱ្យ​ដឹង​ថា នៅ​ពេល​ភ្លៀង បាន​បង្អុរ​ធ្លាក់​ទាំង​ព្រឹក និង​មាន​ខ្យល់​និង​ផ្លេកបន្ទោរ ស្រាប់តែ​មានរ​ន្ធះ​បាញ់​នៅ​ចំ​ពីមុខ​បន្ទប់​ភ្លើង​ជា​ហេតុ​ធ្វើ​ឱ្យ​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​បន្ទប់​ចែកចាយ​ចរន្ត​តែ​ម្តង ។

តាម​សាក្សី​បានឱ្យ​ដឹង​ទៀត​ថា ខណៈ​ដែល​មាន​រន្ទះ​លាន់ឮ​ស្ទើរ​រហែក​មេឃ​នោះ​គេ​ឃើញ​ភ្លើង​ខៀវ​បាន​ជះ​នៅ​តំបន់​ក្បែរ​នោះ និង​លាន់ឮ​យ៉ាង​កក្រើក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ក្រាប​គ្រប់​ៗគ្នា​។ ភ្លាម​ៗ​នោះ អគារ​មួយ​ខ្នង​នៅ​ក្នុង​បរិវេណ​ផ្នែក​ខាងជើង​នៃ​អនុ​ស្ថានីយ​បាន​ផ្ទុះ​ឆេះ​ហុយផ្សែង​ទ្រលោម និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ដោយឡែក​ភ្លើងអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ព្រែក​ព្នៅ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដាច់​ផង​ដែរ ។ បន្ទាប់​ពី​មាន​អគ្គិភ័យ​ដែល​បង្ក​ឡើង​ពី​រន្ទះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង បាន​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ប្រមាណ​២​ម៉ោង​ទើប​រលត់ ។ នៅ​ព្រឹក​នោះ​មន្ត្រី​អគ្គិសនី ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

តាម​មន្ត្រី​អគ្គិសនី​មួយ​រូប​បានឱ្យ​ដឹង​ថា ការ​កើត​មាន​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​រន្ទះបាញ់​នៅ​ចំ​ពីមុខ​អនុ​ស្ថានីយ​អគ្គិសនី​ទី​៥​បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ទៅ​ម៉ាស​ដែល​កប់​ក្រោម​ដី ជា​ហេតុ​ធ្វើ​ឱ្យ​ឆេះ​អគារ​ធ្វើការ និង​ផ្ទុក​ទៅ​ដោយ​ទូ​ចែកចាយ​ចរន្តអគ្គិសនី​តង់ស្យង់​មធ្យម​ជា​ហេតុ​ធ្វើ​ឱ្យ​ចរន្តអគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់ ។

មន្ត្រី​អគ្គិសនី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា អគារ​ថ្ម​ទំហំ​បណ្តោយ​ប្រវែង​៥៨​ម៉ែត្រ​និង​ទទឹង​ប្រវែង​១៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​គ្រឿងក្នុង​បណ្តាល​ឱ្យ​ទូ​ចែកចាយ​អគ្គិសនី​តង់ស្យង់​មធ្យម​ចំនួន​១៥​ទូ​បាន​រង​ការ​ខូចខាត ដែល​ក្នុង​នោះ​មាន​៥​ទូ​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ប្រាក់​អស់​ប៉ុន្មាន​នោះ​ឡើយ ។តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ចំណុច​ដែល​រន្ទះបាញ់​ចំ​នោះ​បាន​ឆេះ​ខ្លោច​ស្មៅ និង​មាន​រណ្តៅ​ធំ​មួយ​នៅ​ក្បែរ​ប៉ាណូ​ទុក​ចោល ៕ ​