ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​ក្រោម​ថ្នាក់ឧត្តម​សិក្សា មិន​គួរ​ប្រើ​ស្មា​ត​ហ្វូ​ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​វាយលុក​ទីផ្សារ​មក ប្រទេស​កម្ពុជា​ក៏​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ពិសេស​នៅ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​វាយលុក​ទីផ្សារ​មក ប្រទេស​កម្ពុជា​ក៏​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រកបដោយ​ស្ថិរភាព ។ នៅ​ឆ្នាំ​២០១៧​នេះ ទិន្នន័យ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​កាន់តែ​មាន​កំណើន​ខ្ពស់ ក្នុង​នោះ​វា​ក៏​មាន​បញ្ហា​ប្រឈម​ជាមួយ​យុវ​សិស្ស​សម័យ​ថ្មី​ដែល​កំពុង​តែ​មាន​ស្មា​ត​ហ្វូ​ន​ប្រើ​ស្ទើរ​គ្រប់​ដៃ​ផង​ដែរ​។

បើ​តាម​យុវ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​សិស្ស​ដែល​ទើបនឹង​បញ្ចប់​វិទ្យាល័យ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ថ្វី​ដ្បិតតែ​ការ​ប្រើ​ស្មា​ត​ហ្វូ​ន វា​ចុះ​ចំណោម​គេ តែ​សម្រាប់​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ ដូច​ជា​មិនសូវ​ចាំបាច់​នោះ​ទេ ប៉ុន្ដែ​ប​ច្ចុ​ប្ន្ន សិស្ស​តាម​វិទ្យាល័យ​ភាគច្រើន​កាន់​ស្មា​ត​ហ្វូ​ន​ស្ទើរ​គ្រប់​ដៃ​ទៅ​ហើយ ។

យុវ​សិស្ស​ស្រី​ឈ្មោះ​គី​ម ឡា​ង ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សិស្សានុសិស្ស​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ​ស្ទើរ​គ្រប់​គ្នា ។ ថ្វី​ដ្បិតតែ​កាន់​ទៅ​វា​ទាន់សម័យ​មែន តែបើ​គិត​ពី​ភាព​ចំ​បាច់​វិញ ដូច​ជា​មិនសូវ​មាន​នោះ​ទេ ខណៈ​អ្នកខ្លះ​ប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​កម្សាន្ដ លេង​ហ្គេ​ម និង​ប្រើ​បណ្ដាញ​សង្គម​តិចតួច ។

យុវ​សិស្ស​ស្រី​រូប​នេះ​បន្ដ​ថា ៖« ក្នុង​នាម​ខ្ញុំ​ជា​សិស្ស​វិទ្យាល័យ​ម្នាក់ ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់ ស្មា​ត​ហ្វូ​ន គឺ​មាន​ផល​ប៉ះពាល់​ច្រើន​ដូច​ជា មិនសូវ​បាន​រៀន ចំណាយ​លុយ​អត់​ប្រយោជន៍ និង​ប៉ះពាល់​ដល់​ភ្នែក​ទៀត​ផង » ។

ចំណែក​យុវ​សិស្ស ឆោម វិ​ច្ឆ័​យ ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន វា​ពិតជា​មាន​ផល​ប៉ះពាល់​ចំពោះ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​មែន ខណៈ​ពួក​គេ​ជិត​ដល់​ឆ្នាំ​ប្រឡង​ផង​នោះ ។

យុវ​សិស្ស​រូប​នេះ​បន្ដ​ថា ៖« វា​ប្រឈម​នឹង​ការ​សិក្សា​ផ្ទាល់ខ្លួន ដោយសារ​ចំណាយពេល​ទៅ​លើ​ទូរស័ព្ទ នាំ​ឲ្យ​ភ្លេចខ្លួន​នឹង​ការ​សិក្សា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាត់បង់​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្ដិ ពេល​ខ្លះ​គឺ​ទទួល​ព័ត៌មាន​មិន​ពិត​ពី​បណ្ដាញ​សង្គម​ផ្សេង​ៗ និង​អាច​ធ្វើ​ឲ្យ​ពួក​គេ​សេពគប់​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់​មុខជា​ដើម » ។

យុវ​សិស្ស វិ​ច្ឆ័​យ បាន​បន្ដ​ថា ៖« ការ​ប្រើ​ស្មា​ត​ហ្វូ​ន មិន​ត្រឹមតែ​បាត់​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្ដិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិនសូវ​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ទៀត ព្រោះ​ពួក​គេ​ទៅ​ណា​មក​ណា គឺ​កាន់តែ​ស្មា​ត​ហ្វូ​ន​ជាប់ដៃ​រហូត ហើយ​ឆែក​មើល​អ្វី​តាមតែ​អំពើ​ចិត្ត និង​មួយ​ចំនួន​ទៀត គឺ​គាត់​ប្រើប្រាស់​សម្រាប់​ការ​កម្សាន្ត​ដូច​ជា មើល​រឿង ឬ​វី​ដេ​អូ​អាសអាភាស​ជាដើម » ។

បើ​ទោះបីជា​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ផ្ដល់​ផល​ប៉ះពាល់​ក្នុង​ករណី​អ្នក​ប្រើប្រាស់​មិន​ចំ​គោលដៅ​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​ប្រើ​ចំ​គោលដៅ​វិញ វា​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​ទំនាក់ទំនង ចែក​រំលែក​ព័ត៌មាន និង​កម្សាន្ដ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ជំនួយការ​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​អ្នក​ប្រើ​ផង​ដែរ ។

កញ្ញា ហុង ដា​នេ អាយុ​២០​ឆ្នាំ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​និយាយ​ថា ៖« សម័យនេះ គឺជា​សម័យ​បច្ចេកវិទ្យា ដែល​តម្រូវ​ឲ្យ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​សម្រាប់​បម្រើ​ការងារ និង​ការ​សិក្សា មិនមែន​គ្រាន់តែ​កាន់​ដើម្បី​ភាព​សង្ហា​ទេ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consuting លោក ង៉ែត ជូ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ ទី​៣ តុលា ថា ៖« យើង​ដឹង​ហើយ​ស្មា​ត​ហ្វូ​ន​ជា​អាវុធ​មុខ​២ បើ​យើង​ប្រើ​វា​ក្នុង​ន័យ​សិក្សា ឬ​ស្រាវជ្រាវ​នោះ គឺ​វា​ល្អ​ណាស់ តែបើ​យើង​ជា សិស្ស ហើយ​ប្រើ​វា​ក្នុង​ន័យ​កម្សាន្ត លេង​ហ្គេ​ម សម្រាប់​ឆ្លើយឆ្លង​គ្នា និង​មើល​វី​ដេ​អូ​អាសអាភាស​ផ្សេង​ៗ គឺ​យក​ល្អ អាណាព្យាបាល ឬ​ថ្នាក់ដឹកនាំ​សាលា គួរតែ​មាន​វិធានការ​អ្វីមួយ​ដល់​ពួក​គាត់ ព្រោះ​របស់​ទាំងនេះ វា​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដែល​កើតឡើង​ចំពោះ​ក្មេង​ៗ ជា​ពិសេស​គឺ​សិស្សសាលា ធ្វើ​ឲ្យ​គាត់​ខាតបង់​ពេលវេលា បំផ្លាញ​ថវិកា​គ្រួសារ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ទៀត​ផង » ។

យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​បើក​ទូលាយ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា (OpenInstitute) ឆ្នាំ​២០១៦ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា​គឺ​មាន​សន្ទុះ​កើនឡើង ដែល​ចំនួន​ជាង​៩៦%​នៃ​ប្រជាជន​កម្ពុជា អះអាង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន និង​ច្រើន​ជាង​៩៩%​អះអាង​ថា ពួក​គេ​អា​ចរក​មធ្យោបាយ​ផ្សេង​ៗ​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​បាន ។

ក្នុង​នោះ​ផង​ដែរ វិទ្យាស្ថាន​បាន​រក​ឃើញ​ថា មាន​ប្រមាណ​៤៨%​នៃ​ប្រជាជន​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​(Smartphone) យ៉ាង​ហោច​ណាស់​១​គ្រឿងក្នុង​ដៃ កើន​ជាង​ឆ្នាំ​២០១៥ ដែល​រក​ឃើញ​ត្រឹមតែ​ប្រមាណ​៣៩,៥%​ប៉ុណ្ណោះ ៕