ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី្វ​ដែល​ម្ចាស់​រថយន្ត​គួរ​ដឹង​នៅ​ពេល​បើកបរ​កាត់ទឹក​ញឹកញាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មាន​ភ្លៀង​ម្ដង​ៗ តាម​បណ្ដា​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែង​លិច​ទឹក ក្នុង​នោះ​គេ​សង្កេត​ឃើញថា

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មាន​ភ្លៀង​ម្ដង​ៗ តាម​បណ្ដា​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែង​លិច​ទឹក ក្នុង​នោះ​គេ​សង្កេត​ឃើញ​ទាំង​ម៉ូតូ និង​រថយន្ត​ខ្លះ​ត្រូវ​ខូច​នៅ​តាម​ដងផ្លូវ​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​ថែម​ទៀត​។ ដើម្បី​បើកបរ​រថយន្ដ​កាត់ទឹក​ប្រកបដោយ​សុវត្ថិភាព មិន​រលត់​តាម​ផ្លូវ ថ្ងៃនេះ សារព័ត៌មាន​កោះសន្ដិភាព ផ្នែក​រថយន្ដ និង​បច្ចេកវិទ្យា សូម​លើក​វិធី​ប្រើប្រាស់ និង​ថែទាំ ព្រមទាំង​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ដំណើរការ​ម៉ាស៊ីន​យានយន្ត​រលត់​ពេល​កំពុង​បើកបរ​កាត់ទឹក ។

លោក ភិន ដេ​ត ម្ចាស់​យានដ្ឋាន​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ បានឱ្យ​ដឹង​ថា ការ​បើកបរ​រថយន្ត​កាត់​ផ្លូវ​លិច​ទឹក វា​ប្រឈម​នឹង​បញ្ហា​រលត់​ម៉ាស៊ីន បើសិនជា​ម្ចាស់​រថយន្ដ​មិនដឹង​ពី​របៀប​បើកបរ ។
លោក​ថា ៖«​ជា​ញឹកញាប់ តែងតែ​ឃើញ​រថយន្ដ​រលត់​នៅ​តាម​ផ្លូវ​លិច​ទឹក​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​ៗ ។ កត្តា​ទាំងនេះ​មក​ពី​អ្នកបើកបរ​ហាក់ដូចជា​ស្លន់ស្លោ​ពេល​ឃើញ​ទឹក​ជ្រាប​ចូល​ក្នុង​រថយន្ដ ឬ​ឃើញ​រថយន្ដ​មាន​បញ្ហា​ម៉ាស៊ីន​ពេល​កំពុង​បើកបរ ដូច​ជា ម៉ាស៊ីន​ដំណើរការ​ខុស​ប្រក្រតី​ជាដើម » ។

លោក​បន្ត​ថា ពេល​បើកបរ​កាត់​ផ្លូវ​លិច​ទឹក​ដោយ​ជៀស​ពុំ​រួច អ្នកបើកបរ​មិន​គួរ​បើក​លឿន​ពេក​ទេ គឺ​បើក​សន្សឹម​ៗ ហើយ​កុំ​បន្ធូរ​ហ្គា ជៀសវាង​ម៉ាស៊ីន​រលត់​នៅ​កណ្ដាល​ទឹក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ចូល​ក្នុង​ម៉ាស៊ីន និង​តួ​រថយន្ត ប៉ុន្តែ​បើសិនជា​រថយន្ត​រលត់​នៅ​កណ្ដាល​ទឹក សូមអ្នក​បើកបរ​កុំ​ព្យាយាម​បញ្ឆេះ​ឱ្យ​សោះ ពីព្រោះ​វា​នឹង​បណ្ដាល​ឱ្យ​វៀច​ប៊ូ​ស្តុ​ង និង​ម៉ាស៊ីនរថយន្ត​កាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។

លោក​ថា ៖« អ្វី​ដែល​ត្រូវធ្វើ គឺ​ព្យាយាម​រុញ​រថយន្ត​ឱ្យ​ដល់​កន្លែង​គោក ដោះ​បូ​ហ្ស៊ី​វា​ចេញ រួច​ដេ​បញ្ឆេះ​២-៣​ដង ហើយ​ដាក់​បូ​ហ្ស៊ី​ចូល​វិញ ពេល​នោះ ម៉ាស៊ីនរថយន្ត​នឹង​អាច​ដំណើរការ​បាន​វិញ​ហើយ ក៏​ប៉ុន្តែ បើ​យក​ល្អ ម្ចាស់​រថយន្ត​គួរតែ​យក​ទៅ​ឱ្យ​ជាង​ពិនិត្យ​មើល ជៀសវាង​មានទឹក​ចូល​ក្នុង​ម៉ាស៊ីន និង​ប្តូរ​ប្រេងម៉ាស៊ីន​ចេញ »​។

លោក​បន្ថែម​ថា បើសិនជា​រថយន្ត​បើក​កាត់ទឹក​ហើយ​វា​មិន​រលត់​ទេ ម្ចាស់​រថយន្ត​មិន​ចាំបាច់​យក​ទៅ​ត្រួតពិនិត្យ​ទេ ប៉ុន្តែ​បើសិនជា​ជៀស​បើក​កាត់​ទឹកបាន ពោល​គឺ​បើ​មាន​ផ្លូវ​ណា​អាច​វាង គួរតែ​វាង​ទៅ ទោះជា​វា​ឆ្ងាយ​បន្តិច​ក៏​ដោយ ពីព្រោះ​បើ​រថយន្ត​បើក​កាត់ទឹក​ញឹកញាប់ វា​នឹង​បង្ក​បញ្ហា​នៅ​ពេល​ណាមួយ ជាក់ស្ដែង ពេល​បើកបរ​សុខ​ៗ ត្រូវ​រលត់​ដោយ​មិនដឹង​មូលហេតុ​ជាដើម ។

លោក តាំង ម៉េ​ង​លាង ម្ចាស់​យានដ្ឋាន​តាំង​ម៉េ​ង​លាង នៅ​ផ្លូវ​វ៉េ​ង​ស្រេង បាន​ចែករំលែក​ផង​ដែរ​ថា រថយន្ត​ប្រើប្រាស់​ចង្កឹះ​លេខ​អូ​តូ មិន​ងាយ​ប្រឈម​នឹង​រលត់​ម៉ាស៊ីន​ទេ ពេល​បើកបរ​កាត់ទឹក បើ​ទោះជា​ទឹក​ជ្រៅ​ប៉ុនណា​ក៏​ដោយ ប៉ុន្តែ​អ្នកបើកបរ​មិន​គួរ​ជាន់​ហ្គា​បង្ខំ​លឿន​ពេក​ដែរ​។

លោក​ថា ៖« មាន​អ្នកបើកបរ​ខ្លះ​ឃើញ​ទឹក​លិច​ផ្លូវ​នៅ​ខាង​មុខ ដែល​មាន​ប្រវែង​ខ្លី ហើយ​គិត​ថា ជាន់​ហ្គា​បង្ខំ​ឲ្យ​ឆាប់​ហួស​ទឹក តែ​ការ​គិត​បែប​នេះ​ខុសស្រឡះ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ម៉ាស៊ីន​រថយន្ត​​ទៅ​វិញ​ទេ ។ ពេល​យើង​ជាន់​ហ្គា​ខ្លះ វា​នឹង​ធ្វើ​ឲ្យ​ទឹក​ចូល​អ៊ែ ពេល​នោះ រថយន្ត​នឹង​រលត់ ហើយ​វា​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ » ។

លោក​បន្ត​ថា ចំពោះ​រថយន្ត​ប្រើ​ចង្កឹះ​លេខ​ដៃ វា​ពិបាក​បន្តិច​ពេល​បើកបរ​កាត់ទឹក ប៉ុន្តែ​វិធី​ម្យ៉ាង​អាច​ជួយ​អ្នកបើកបរ​កុំ​ឲ្យ​រលត់​នៅ​កណ្ដាល​ទឹក​នោះ គឺ​ពេល​បើកបរ​កាត់ទឹក គួរតែ​បិទ​ម៉ាស៊ីនត្រជាក់​សិន ដើម្បី​កុំ​ឲ្យ​ម៉ាស៊ីន​វា​ប្រឹង និង​រោទ៍​ខ្លាំង ។

លោក​បញ្ជាក់​ថា ទាំង​រថយន្ត​ប្រើ​លេខ​ដៃ និង​អូ​តូ ពេល​បើកបរ​កាត់​ផ្លូវទឹក​លិច គួរតែ​បើក​សន្សឹម​ៗ កុំ​បង្ខំ​វា​ពេក ហើយ​ពេល​បើក​ផុត​ពី​ទឹក អ្នកបើកបរ​គួរតែ​ឧស្សាហ៍​ជាន់​ហ្វ្រាំង​ឱ្យ​បាន​ញឹកញាប់​ដើម្បី​ឱ្យ​ទឹក​ឆាប់​ស្ងួត បើ​មិន​អីចឹង​ទេ ពេល​បើក​លឿន រួច​ជាន់​ហ្វ្រាំង​យក​តែ​ម្ដង វា​នឹង​មិន​ស៊ី ហើយ​អាច​មាន​គ្រោះថ្នាក់​ទៀត​ផង ។ លោក​ថា ៖« មិន​ចាំបាច់​យក​ទៅ​ឆែក (​ត្រួតពិនិត្យ​) នៅ​យាន​ដ្ឋាន​​ទេ បើ​គ្រាន់តែ​ឡាន​របស់​យើង​បើក​កាត់ទឹក​នោះ សំខាន់​កុំ​ឲ្យ​វារ​លត់​នៅ​កណ្ដាល​ទឹក​ទៅ​បាន​ហើយ » ៕