ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​5,5​លាន​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ (​ភាព​សម្បូរ​បែប​នៃ​ទីផ្សារ​) និង

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ (​ភាព​សម្បូរ​បែប​នៃ​ទីផ្សារ​) និង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៥​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ  និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២ តុលា ថា ផ្តើម​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ និង​បាន​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់​ទុក​ជា​មាស​បៃតង​បាន​និង​កំពុង​បោះ​ជំហាន​រីក​ចម្រើន​ជា​លំដាប់ ដោយ​រក្សា​បាន​នូវ​កំណើន​ជា​រៀង​រាល់​ឆ្នាំ រួមចំណែក​ប្រមាណ​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ និង​ប្រយោល​ជា​ច្រើន​ម៉ឺន​នាក់​បន្ថែម​ទៀត ។

លោក​បន្ត​ថា ឆ្លើយ​តប​នឹង​បរិបទ​ភាព​ស្អាត និង​បៃតង​នេះ ផ្នែក​សេវាកម្ម​ម្ហូបអាហារ​កម្ពុជា យើង​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែល​បាន​អនុម័ត​ដោយ​ប្រកាស​លេខ​១០៩ ប្រក ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ជា​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​ដំណើរការ​អាជីវ​កម្ម​ដោយ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​បរិស្ថាន ការ​រៀបចំ​ទីតាំង​សុ​វ​តិ្ថ​ភាព អនាម័យ ជំនាញ​វិជ្ជាជីវៈ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​របស់​បុគ្គលិក ដោយ​ឈរ​លើ​មូលដ្ឋាន​គោលការណ៍​វាយតម្លៃ​ចំនួន​១០​សូចនាករ និង​១០៤​លក្ខណៈ​វិនិច្ឆ័យ ។ បច្ចុប្បន្ន អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែល​មាន​ចំណាត់ថ្នាក់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា សរុប​ចំនួន​៤​អាជីវកម្ម ក្នុង​នោះ​នៅ​រាជ​ធានី​​ភ្នំពេញ មាន​២​អាជីវកម្ម និង​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​២​អាជីវកម្ម ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ថា ផ្អែក​លើ​កំណើន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ កម្ពុជា​ចាប់ផ្តើម​ទទួល​កំណើន​ភ្ញៀវ​២​ខ្ទង់​ឡើង​វិញ បន្ទាប់​ពី​ថមថយ​ល្បឿន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ហេតុនេះ យើង​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ភ្ញៀវ​រហូត​ដល់​ប្រមាណ​៥,៥​លាន​នាក់ ហើយ​វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ជាង​១​លាន​នាក់ រួម​បញ្ចូល​ទាំង​ការ​ដឹក​ជញ្ជូន​ដែល​បម្រើ​ឲ្យ​វិស័យ​នេះ​ផង ដែរ ។

លោក​បន្ត​ថា ៖« ក្រសួង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន​ដើម្បី​បង្កើន និង​ពង្រឹង​សេវា​បដិសណ្ឋារកិច្ច និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ ព្រោះ​ដើម្បី​ឲ្យ​វិស័យ​នេះ​មានការ​អភិវឌ្ឍ​ដោយ​និរន្តរភាព យើង​ត្រូវ​មាន​ធនធានមនុស្ស​ប្រក​ដោយ​គុណវុឌ្ឍិ » ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា តាម​អ្វី​ដែល​ទិន្នន័យ​បាន​បង្ហាញ​នៃ​កំណើន​ទេសចរណ៍​ឆ្នាំ​នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​នឹង​ឈរ​ចំណាត់ថ្នាក់​លេខ​១ ជំនួស​ភ្ញៀវ​ទេសចរ​វៀតណាម ដែល​បាន​នាំមុខ​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។ លោក​បន្ត​ថា កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ ឆ្លុះ​បញ្ចាំង​នូវ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ជា​ពិសេស គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បន្ត​ថា ៖« ទេសចរណ៍ ជា​វិស័យ​មួយ ដែល​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ខ្លាំង ព្រោះ​ពេល​ភ្ញៀវ​ទៅ​ដល់​ទីណា តែងតែមាន​សកម្មភាព​សេដ្ឋកិច្ច​កើតឡើង​នៅ​ទីនោះ » ៕