ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ដឹកនាំ​មន្ត្រីរាជការ ចូលរួម​គោរព​វិញ្ញាណក្ខន្ធសព​លោក វណ្ណ ម៉ូ​លី​វណ្ណ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​-​អង្គភាព កងកម្លាំងប្រដាប់អាវុធ គណៈ​អភិបាលក្រុង ស្រុក ក្រុមប្រឹក្សា​ក្រុង​-​ស្រុក បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​លោក វណ្ណ ម៉ូ​លី​វណ្ណ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ ដ៏​ល្បីល្បាញ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ផង​ដែរ​។

លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាល ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា មរណភាព​របស់​លោក វណ្ណ ម៉ូ​លី​វណ្ណ ដែល​ជា​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ ដ៏​ល្បីល្បាញ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ គឺជា​ការ​បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួសារ ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់ នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​ដែល​ជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បីល្បាញ ទាំង​ចំណេះដឹង និង​ទេព​កោសល្យ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វប្បធម៌​របស់​ជាតិ​។ សូម​រម្លឹក​ផង​ដែរ​ថា បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ រួច​ដឹក​យក​មក​ធ្វើបុណ្យ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

បើ​យោង​តាម​ឯកសារ លោកតា វណ្ណ ម៉ូ​លី​វណ្ណ កើត​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ស្រុក​រាម ខេត្តកំពត​។ លោក​បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។ ក្នុង​អារម្ភកថា​របស់​សាស្ត្រាចារ្យ Ashley Thomson ដែល​ធ្លាប់​ជា​សហការី​របស់​លោកតា វណ្ណ ម៉ូ​លី​វណ្ណ ក្នុង​សៀវភៅ បុរី​ខ្មែរ​ក្នុង​សម័យ​ទំនើប បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​១៩៤៦ យុវជន វណ្ណ ម៉ូ​លី​វណ្ណ បាន​ទៅ​ប្រទេស​បារាំង​ដំបូង​រៀន​ច្បាប់ បន្ទាប់​មក​រៀន​ស្ថាបត្យកម្ម និង​សិល្បៈ​ខ្មែរ​។ ពេល​ដែល​លោក​ត្រលប់​មក​ប្រទេស​វិញ​នៅ​ឆ្នាំ​១៩៥៦​នោះ បាន​ក្លាយ​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប ដោយ​បាន​ចូល​បម្រើ​ការ​ជា​រាជការ​។

ឯកសារ​នេះ​ក៏​បាន​បង្ហាញ​អំពី​ទម្រង់​ស្នាដៃ​របស់​លោកតា​ដែរ ដោយ​បាន​ពិពណ៌នា​ថា សំណង់​ទាំងនោះ​សុទ្ធ​សឹង​មាន​លំនាំ ឬ​រចនាបថ​ថ្មី ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​ស្ថាបត្យកម្ម​ខ្មែរ បត់បែន​ទៅ​តាម​ស្ថានភាព​ទីតាំង របៀប​រស់នៅ​៖ វិមាន​ឯករាជ្យ មន្ទីរពេទ្យ​កុមារ សាលសន្និសីទ​ចតុមុខ ពហុ​កីឡាដ្ឋាន​ជាតិ សាល​មហោស្រព​ព្រះ​សុរា​ម្រិ​ត អាគារ​គ្រូបង្រៀន (​កំពង់កន្ទួត​) វិមាន​រដ្ឋ (​ចម្ការមន​) ទីស្តីការគណៈរដ្ឋមន្ត្រី អាកាសយានដ្ឋាន​សៀមរាប មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​ខ្មែរ​នៅ​បរទេស​ខ្លះ​…​។ ក្នុង​សម័យ​សង្គមរាស្ត្រនិយម លោកតា​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ដើរតួ​នាទី​សំខាន់​ខាង​វប្បធម៌​របស់​រដ្ឋាភិបាល​។ ជំនាន់​នោះ​ហើយ ដែល​លោកតា​បាន​រៀបចំ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​ក្នុង​ឋានៈ​ជា​សាកល​វិទ្យា​ធិ​ការ បំពេញ​នាទី​ជា​រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ​ជាតិ គ្រប់គ្រង​យុវជន និង​កីឡា​។ ក្រោយ​ភៀសខ្លួន​ទៅ​បរទេស​ជិត​២០​ឆ្នាំ​ក្នុង​សម័យ​សង្គ្រាម លោកតា​បាន​ត្រលប់​ចូល​ប្រទេស​វិញ​ក្នុង​ឆ្នាំ​១៩៩៣ ដើម្បី​រួមចំណែក​កសាង​ប្រទេស​។ នៅ​ក្នុង​អាណត្តិ​ពីរ ត​គ្នា លោក​មាន​តួនាទី​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​ដែនដី​នគ​រូប​នី​យ​ដ្ឋា​ន និង​សំណង់​។

ម្យ៉ាងទៀត លោក​ជា​ក៏​ប្រធាន​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​ជា​អនុប្រធាន​ប្រឹក្សា​ជាន់ខ្ពស់​វប្បធម៌​ជាតិ​។ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ ព្រមទាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​។ ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៤​មក គឺ​នៅ​ពេល​ដែល​លោកតា​មាន​វ័យ​កាន់តែ​ទ្រុឌទ្រោម លោកតា​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​មក​រស់នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​គេហដ្ឋាន​បុរាណ​របស់​លោក ប្រប​តាម​មាត់​ស្ទឹង​ផ្នែក​ខាងលិច សម្រាប់​ជីវិត​ចុង​ក្រោយ​។ ដោយ​យល់​ច្បាស់​អំពី​ជីវិត​មិន​ស្ថិតស្ថេរ លោកតា​បាន​រៀបចំ​កសាង​ចេតិយ​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​ក៏​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ដៃ​ចុង​ក្រោយ​របស់​លោក​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា សព​លោកតា វណ្ណ ម៉ូ​លី​វណ្ណ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ ដង្ហែ​ទៅ​បូជា នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែកញ្ញា​ឆ្នាំ​២០១៧ ស្ថិត​នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍​ខាងកើត​ស្ទឹង​សៀមរាប ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​លោកតា បាន​ធ្វើ​ចេតិយ​នេះ យក​រចនាបថ​តាម​ប្រាសាទបាគង និង​បាន​សាងសង់​រួចរាល់​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៦៕