ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិិលមិញ… ភ្លៀងហែកមេឃ​ ចាក់ពន្លិចក្រុងភ្នំពេញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ កញ្ញា ក្រោយ​ពី​ភ្លៀង​បាន​ធ្លាក់​យ៉ាង​គំហុក​១​មេ​ធំ​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ កញ្ញា ក្រោយ​ពី​ភ្លៀង​បាន​ធ្លាក់​យ៉ាង​គំហុក​១​មេ​ធំ​ លើ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​បង្ក​ឱ្យ​បណ្តា​ដងផ្លូវ​តូច​ធំ​ទាំងឡាយ ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ផ្លូវ​មួយ​ចំនួន​ត្រូវ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណា​ន់​តាន់​តាប់ ធ្វើ​ឱ្យ​អ្នក​ដែល​ធ្វើ​ដំណើរមានការ​លំបាក​ជា​ខ្លាំង និង​ខ្លះ​បាន​បណ្តើរ​ម៉ូតូ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​ជម្រៅ​ទឹក​លិច​ជិត​ដល់​ចង្កេះ។ ទោះបីជា​យ៉ាងណា នៅ​តំបន់​មួយ​ចំនួន​ភ្លៀង​ធ្លាក់​ត្រូវ​តិចតួច និង​មិន​បណ្តាល​ឱ្យ​មានការ​ជន់​លិច​ខ្លាំង​ពេក​ទេ ។ តាម​ការ​កត់​សម្គាល់​​​​ទឹកភ្លៀង​លិច​ស្ទើរ​គ្រប់​ខណ្ឌ ស្ទើរ​គ្រប់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​គ្រាន់តែ​លិច​មិនយូរ​ប៉ុណ្ណោះ​ឆាប់​ស្រក​ទៅ​វិញ​ក្នុង​រយៈ​ពេល​២​ម៉ោង​ក្រោយ​ភ្លៀង​រាំង ។

ការ​ធ្លាក់​ភ្លៀង​ដូច​គេ​ហែក​មេឃ​ចាក់​អស់​ប្រមាណ​ជាង​១​ម៉ោង​នៅ​វេលា​ថ្ងៃត្រង់ គេ​ឃើញ​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម​ចាប់ពី​វិទ្យាល័យ​ជា​ស៊ី​ម សន្ធរ​ម៉ុ​ក​ទៅ​ទិស​ខាងលិច ត្រូវ​ទឹក​ជន់​លិច​ដែល​កន្លែង​ខ្លះ​ត្រឹម​ជង្គង់ ហើយ​បាន​ធ្វើ​ឱ្យ​យានយន្ត​មួយ​ចំនួន​បាន​បើក​វាង​ទៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី បណ្តាល​ឱ្យ​កកស្ទះ​យ៉ាង​ខ្លាំង​លើ​កំណាត់​ផ្លូវ​នេះ ។ បាតុភូត​ធម្មជាតិ​នេះ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​ចំនួន​បាន​រលត់​ម៉ូតូ​ហើយ​បណ្តើរ ទៅ​រក​ជាង ។ ក្រៅពី​ផ្លូវ​កម្ពុជា​ក្រោម ក៏​មាន​ផ្លូវ​ធំ​និង​តូច​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​ទឹក​ជន់​លិច និង​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​អ្នកដំណើរ​ជិះ​វាង​ទឹកជា​ហេតុ​បណ្តាល​ឱ្យ​ផ្លូវ ធំ​មួយ​ចំនួន​ដែល​មិន​លិច​ទឹកបាន​កកស្ទះ​ចរាច​ណ៍ ដូច​ជា​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ត្រង់​ស្តុ​ប​កោសដូង​និង​ផ្លូវ​លេខ​២០០៤​ក៏​ត្រូវ​ទឹក​លិច​យ៉ាង​ជ្រៅ​ផង​ដែរ ។

ហើយ​អ្វី​ដែល​មានការ​កត់សម្គាល់​នោះ​គឺ​លូ​មួយ​នៅ​ក្បែរ​របង​សាលា​ណ​ត​ប្រ៊ី​ដ ដែល​ជា​លូ​ខ្ពស់​ជាង​ផ្លូវ​មានទឹក​បាញ់​ចេញពី​លូ​ប្រៀប​ដូច​ទឹកផុស​ឡើង​លើ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ក៏​ស្រាប់តែ​បាត់ លុះ​មើលទៅ​ឃើញ​លូ​ធំ​មួយ​បង្ហូរ​ចេញពី​ក្នុង​សាលា​នោះ ។ មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ទឹក​ដែល​បាញ់​ចេញពី​មាត់​លូ​នោះ​ហូរ​មកពីណា​នោះ​ទេ ។ ការ​កត់សម្គាល់​មួយទៀត​ដែរ​មាន​ការ​បង្ហោះ​ផ្សាយ​ត​ៗ​គ្នា​នោះ​គឺ​រថយន្ត​ឡង់​គ្រី​ស្ស័​រ​១​គ្រឿង​ដែល​បើក​កាត់ទឹក​អែប​របង​តាម​ផ្លូវ​លេខ​៥៦៦​បាន​ផុង​លូ​លិច​ក្បាល​កប់​លើ​ផ្ទៃ​ទឹក​បះ​គូទ​ឡើង​លើ ។ ទោះបី​យ៉ាងណា​ការ​ជន់​លិច​មិនយូរ​ប៉ុន្មាន​នោះ​ទេ តែ​ក្នុង​រយៈពេល​ពី​១​ម៉ោង​ទៅ​២​ម៉ោង​ទឹក​ក៏​បាន​ស្រក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ការ​ជន់​លិច​រាជធានី​ភ្នំពេញ គឺ​បណ្តាល​មក​ពី​ស្ថានភាព​លូ​មួយ​ចំនួន​បាន​ស្ទះ​ដោយសារ​តែ​សំរាម និង​ដី​និង​លូ​មួយ​ចំនួន​តូច ទឹក​មិន​អាច​ហូរ​ទាន់​រួម​នឹង​បរិមាណ​ទឹកភ្លៀង​ខ្លាំង ។ ម្យ៉ាងវិញទៀត​លូ​និង ប្រឡាយ​មេ​នៅ​តំបន់​មួយ​ចំនួន​ដាក់​ដូច​ជា​មិន​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ស្តារ​ឡើយ ។

សម្រាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្លូវ​១​ខ្សែ​និង​លំនៅ​ឋាន​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​កា​កាប  និង​១​ខ្សែ​ទៀត​ស្ថិត​នៅ​ក្នុង សង្កាត់​​​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវ​បាន​លិច​ទឹក​ក្រោយ​ដែល​មាន​ភ្លៀង​ធ្លាក់​រយៈពេល​ជិត​១​ម៉ោង កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ។ ការ​ជន់​លិច​ផ្លូវ​នេះ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ ហើយ​ក្រោយ​ពេល​រាំង​ភ្លៀង​ទឹក​ក៏​មិន​ងាយ​នឹង​ស្រក​ទៅ​វិញ​ភ្លាម​ៗ​នោះ​ឡើយ ដោយ​សារ​តែ​ប្រព័ន្ធ​លូ​ចាស់​ៗ​មាន​លក្ខណៈ​តូច​ព្រមទាំង​មានការ​ស្ទះ ឬ​ក៏​កន្លែង​ខ្លះ​ទៀត​គ្មាន​ប្រព័ន្ធ​សម្រាប់​បង្ហូរ​ទឹកតែ​ម្ដង ។

ដោយឡែក ​ផ្លូវ​មួយ​ខ្សែ​គឺជា​ផ្លូវ​បេតុង ស្ថិត​នៅ​ជាប់​របង​រោងចក្រ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​លិច​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ តាំងពី​អំឡុង​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ម្លេ​៉ះ ប៉ុន្តែ​នៅ​ពេល​មាន​ភ្លៀង​នា​ថ្ងៃ​ដដែល​នោះ​ថែម​ទៀត​បាន​ធ្វើ​ឱ្យ​លិចលង់ កាន់តែ​ខ្លាំង​ឡើង​ដែល​កន្លែង​ខ្លះ​មាន​ជម្រៅ​ត្រឹម​ភ្លៅ និង​កន្លែង​ខ្លះ​ទៀត​មាន​ជម្រៅ​ត្រឹម​ជង្គង់ ។

ព្រោះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍ ក្រុមហ៊ុន​អ្នក​សាងសង់​ផ្ទះ​បាន​ចាក់​ដី​លុប​បឹង​ត្រពាំង​និង​ថ្លុក​ជិត​អស់ មិនតែប៉ុណ្ណោះ​បាន​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​ថែម​ទៀត​ផង ។ ជា​ពិសេស​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​ត្រឹមត្រូវ​នៅឡើយ ។ ដូច្នេះ​ផ្លូវ​មួយ​នេះ​គ្មាន​សង្ឃឹមថា​និង​អាច​ស្រក​ទៅ​វិញ​ត្រឹម​១​ថ្ងៃ​ឬ​២​ថ្ងៃ ឬ​ក៏​មួយ​អាទិត្យ​ក្រោយ​ពេល​រាំងភ្លៀង​នោះ​ទេ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​សម្រាប់​ធ្វើ​ដំណើរ​វាង​ផង​ដែរ ។

ស្ថានីយ​បូមទឹក​១៣​កន្លែង​កំពុង​មមាញឹក​បូមទឹក​ចេញពី​ក្នុង​ក្រុងលោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រោម​ឥទ្ធិពល​ព្យុះ ទឹកភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ។ ខណៈ​ពេល​នេះ​ស្ថានីយ​បូមទឹក​ចំនួន​១៣​កន្លែង និង​ក្រុមការងារ​កំពុង​ដំណើរការ​បូម​យ៉ាង​មមាញឹក​គ្មាន​សម្រាក​ទេ ។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​កូនចៅ និង​ទ្រព្យសម្បត្តិ​ព្រោះ​ស្ថានភាព​ទឹកទន្លេ​កំពុង​មាន​សន្ទុះ​កើនឡើង​ខ្លាំង ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ។ 

លោក ម៉ៅ ប៊ុ​ន​ធឿ​ន បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ទូ​ទាំង​ខេត្ត ពិសេស​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឱ្យ​ទឹកទន្លេ​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

លោក​បន្ត​ថា បញ្ហា​ទឹកទន្លេ​ឡើង​នេះ មន្ត្រី​ជំនាញ​កំពុងធ្វើការ​អង្កេត​តាមដាន​ស្ថានភាព​ទឹក​ជាប់​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ ត្រូវ​ប្រុង​ប្រយ័ត្ន​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង ហើយ​បើ​ឃើញ​បញ្ហា​ទឹក​ឡើង​មិន​ប្រក្រតី ត្រូវ​ប្រ​ញ៉ាប់​រាយ​ការណ៍​​ជូន​អាជ្ញាធរ ដើម្បី​ផ្តល់​ព័ត៌មាន​បន្ត​ទៅ​ក្រសួង​ចាត់វិធានការ ។ លោក​ប្រធាន​មន្ទីរ​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មាត់ទន្លេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និង​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង បើ​មាន​បញ្ហា​ណា​កើតឡើង​ខុស​ប្រក្រតី​ណាមួយ សូម​ជួយ​រាយការណ៍​ជូន​អាជ្ញាធរ​ដែនដី ដើម្បី​អាជ្ញាធរ​ដែនដី ធ្វើ​របាយ​ការ​ណ៏​បន្ត​ទៅ​ក្រសួង​ចាត់វិធានការ ។

លោក​បាន​បញ្ជាក់​ថា តាម​ព្រឹ​ត្ត​ប័ត្រ​ព័ត៌មាន និង​ការ​ព្យាករណ៍​បាន​បង្ហាញ​ថា ស្ថានភាព​ទឹកជំនន់​នៅ​តាម​ដង​ទន្លេ​នានា​នៅ​កម្ពុជា​កំពុង​បន្ត​ហក់​ឡើង ពិសេស​នៅ​ទន្លេមេគង្គ ។ ដោយឡែក​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​ចតុមុខ នា​ពេល​នេះ ទឹក​មានកំ​ពស់​៨,៣០​ម៉ែត្រ ហើយ​ប៉ុន្មាន​ថ្ងៃ​ទៀត បើសិន​ស្ថានភាព​ទឹកភ្លៀង​នៅ​តែ​ធ្លាក់​បន្ត ទឹក​អាច​នឹង​ឡើង​ដល់​កំពស់​ជាង​៩​ម៉ែត្រ ។ ដូច្នេះ​តាម​រយៈ​ស្ថានភាព​នេះ លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ដង​ទន្លេ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​យកចិត្តទុកដាក់​តាមដាន​ឱ្យ​បាន​ជាប់លាប់ ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ។

សូម​បញ្ជាក់​ថា តាម​ការ​ព្យាករ​អំពី​កម្ពស់​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​១០,៥០​ម៉ែត្រ​ឡើង​ទៅ ទើប​ប្រកាស​អាសន្ន នៅ​តាម​ស្ថានីយ​ជល​សាស្ត្រ​ចតុមុខ ៕