ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទូដែក​ស្នើ​សុំ​ទ្រព្យសម្បត្តិ​មក​វិញ ខណៈ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​បាត់​ទូដែក​ហើយ​រក​ឃើញ​ទូ ព្រមទាំង​ដកហូត​បាន​មាស​ដែល​បាត់បង់​មួយ​ចំនួន

ខេត្តកំពង់ស្ពឺ ៖ ករណី​បាត់​ទូដែក​ហើយ​រក​ឃើញ​ទូ ព្រមទាំង​ដកហូត​បាន​មាស​ដែល​បាត់បង់​មួយ​ចំនួន ខណៈ​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំ​នោះ ពេល​នេះ​ម្ចាស់​ទូដែក ទាំង​ប្តី​ប្រពន្ធ​បាន​ន​ដាក់​ពាក្យ​ស្នើ​សុំ​យក​ទ្រព្យសម្បត្តិ​(​មាស និង​លុយ​) របស់​ខ្លួន​ដែល​ដកហូត​ពី​ក្រុម​ជនសង្ស័យ​មក​គ្រប់គ្រង​វិញ​តែ​លោក​ចៅក្រម​នៅ​មិន​ទាន់​អនុញ្ញាត​នោះ​ទេ ដោយ​សម្អាង​ថា​កំពុង​បន្ត​នីតិវិធី​។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០១៧ នៅ​មុខ​តុលាការ​កំពង់ស្ពឺ បុរស​ជា​ប្តី​ឈ្មោះ ប៉ែន សា​វឿ​ន បាន​រៀបរាប់​ថា លោក​បាន​បាត់​ទូដែក​កាលពី​ថ្ងៃ​ទី​១០ កញ្ញា​២០១៧ ខណៈ​នាំ​ប្រពន្ធ និង​កូន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​ពេល​ត្រលប់​មក​វិញ ស្រាប់តែ​បាត់​ទូដែក​ដែល​ពី​ក្នុងផ្ទះ ធ្វើ​ឲ្យ​លោក និង​ភរិយា​មានការ​សោកស្តាយ​ជា​ខ្លាំង ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​។

លោក ប៉ែន សា​វឿ​ន បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​១២ កញ្ញា ២០១៧ ក្រោម​ការ​ស្រាវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ព្រមទាំង​ដកហូត​បាន​មាស​ពី​អ្នកទិញ​ចំនួន​៥​ត​ម្លឹ ង​៧​ជី និង​លុយ​១៣.០០០​ដុល្លារ​។ មូលហេតុ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​អ្នក​ទទួលផល​នេះ​បាន​ដោយសារ​តែ​អ្នក​ទទួលផល​នោះ ពេល​ទិញ​មាស​ពី​ជនសង្ស័យ​មិន​មាន​លុយ​គ្រប់គ្រាន់​ហើយ​ក៏​ទៅ​ខ្ចី​លុយ​អ្នក​ដទៃ​ដើម្បី​យក​មក​ទិញ​មាស​។ ម្ចាស់​ទូដែក​បាន​ប្រាប់​ថា មាស​របស់​លោក​ដែល​ទុក​នៅ​ក្នុង​ទូ​រួម​មាន​ប្លា​ទី​ន​មួយ​ចំនួន លុយ​ខ្មែរ​៣២​លាន​រៀល និង​លុយ​ដុល្លារ​២.០០០​ដុល្លារ​។ ពេល​នេះ​ទោះជា​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្តី លោក​មិន​ថា​នោះ​ទេ តែ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​យក​ទ្រព្យសម្បត្តិ​របស់​លោក​(​មាស និង​លុយ​) មក​គ្រប់គ្រង​វិញ​បើ​ទោះជា​ការ​ដកហូត​នេះ​មិន​ទាន់​គ្រប់​ចំនួន​ក៏​ដោយ​។

ក្នុង​នាម​លោក​ជា​ជន​រង​គ្រោះ​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​ខេត្តកំពង់ស្ពឺ សូម​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​របស់​លោក​នេះ​ផង ព្រោះ​ជនសង្ស័យ និង​អ្នក​ទទួលផល​ត្រូវ​បាន​ដោះ​លែង​អស់ហើយ លោក​គ្រាន់តែ​សុំ​យក​មាស និង​លុយ​ដែល​ដកហូត​ពី​ក្រុម​ជនសង្ស័យ​មក​វិញ​តែ​ប៉ុណ្ណោះ បើ​ទោះជា​មិន​ទាន់​គ្រប់​ចំនួន​នៃ​ការ​បាត់បង់​ក៏​ដោយ ព្រោះថា​ពេល​នេះ​លោក​មិន​មាន​សេសសល់​អ្វី​ឡើយ​។ ជាង​នេះ​ទៅ​ទៀត​ចាប់តាំងពី​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលណា​មក ប្រពន្ធ និង​កូន​របស់​លោក​ហាក់​មានការ​ភិតភ័យ​បារម្ភ​អំពី​សុវត្ថិភាព​ជា​ខ្លាំង​។ ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូ​តាម​ស័ព្ទ​ឡើយ​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៧  មាន​ករណី​ចោរ​មួយ​ក្រុម​បាន​លួច​ចូល​កាត់​សោ​ផ្ទះ​លួច​យក​ទូរ​ដែក​ដាក់​លុយ និង​មាស ក្នុង​ពេល​ដែល​ម្ចាស់ផ្ទះ​ទៅ​លេង​កំពង់សោម​។ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន សា​វឿ​ន ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ មុខរបរ​អាជីវករ​។ សម្ភារ​បាត់បង់​រួម​មាន​៖ មាស​ចំនួន​២០​តម្លឹង​លុយ​ដុល្លារ  ២០០០​ដុល្លារ លុយ​ខ្មែរ ៣២​លាន​រៀល​។ ក្រោយមក​២​ថ្ងៃ សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុ​ន សុខ​ជា ប្រុស​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ចេក ឃុំ​ស្តុក ស្រុក​គងពិសី ជា​អ្នក​យក​មាស​ទៅ​លក់ ឲ្យ​ជាងមាស​ម្នាក់​ឈ្មោះ ស្រា លឹ​ម​ហៀ​ង ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ចំនួន​៨​តម្លឹង​៧​ជី សរុប​ទឹកប្រាក់​ចំន​នួន​១៣ ៧០០​ដុល្លារ​(​មាស​ពី​ដុំ​)​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​មាស និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​បានជា​បន្តបន្ទាប់ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​សមត្ថកិច្ច​បញ្ជូន​ក្រុម​ជនសង្ស័យ និង​អ្នក​ទទួលផល​ចោរកម្ម​មក​ដល់​តុលាការ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង តុលាការ​ក៏​ដោះ​លែង​ក្រុម​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទាំងអស់​គ្នា​តែ​ម្តង​៕