ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ខ្លាធំ​ពី​ប្រទេស​ឥណ្ឌា នឹង​មាន​វត្តមាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ចំនួន​សត្វ​ខ្លាធំ​ដែល​បាន​បាត់​វត្តមាន​តាំងពី​ឆ្នាំ​២០០៧

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ចំនួន​សត្វ​ខ្លាធំ​ដែល​បាន​បាត់​វត្តមាន​តាំងពី​ឆ្នាំ​២០០៧ គឺ​មាន​រយៈពេល​១០​ឆ្នាំ​គត់ គិត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ ចាប់តាំងពី​សត្វ​ខ្លាធំ​ត្រូវ​បាន​ប្រទះ​ឃើញ ជា​ចុង​ក្រោយ​នៅ​ក្នុង​ដែន​ជម្រក សត្វព្រៃ​ស្រែ​ពក​។ នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០១៧ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​តំបន់​សត្វ​ខ្លាធំ ដែល​នឹង​រៀបចំ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​នេះ​។

ដោយ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ​ឲ្យ​មានការ​នាំ​ចូល និង​បង្កាត់​ពូជ​ខ្លាធំ ដើម្បី​បង្កើត​វត្តមាន​សត្វ​នេះ​នៅ​ក្នុង​ព្រៃរបស់​កម្ពុជា​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧​។ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​មាន​សុទិដ្ឋិនិយម​ចំពោះ​ផែនការ​ប្រតិបត្តិ​ស្តារ​សត្វ​ខ្លាធំ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី និង​គាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​របស់​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។

ទោះ​យ៉ាងណា ក៏​ដោយ​ចំនួន​សត្វ​ខ្លា និង​ពេលវេលា​ជាក់លាក់ ដែល​ត្រូវ​នាំ​មក​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ឲ្យ​ពួក​វា​រស់នៅ​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ ខណៈ​អាជ្ញាធរ និង​ជំនាញ​កំពុង​បន្ត​ការ​សិក្សា​លម្អិត ដើម្បី​នាំ​យក មក​នៅ​ពេល​ខាង​មុខ​នេះ​។​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ក្រសួងបរិស្ថាន បាន​ចាប់ផ្ដើម​ពិភាក្សា ជាមួយ​មន្ត្រី​ជំនាញ​ក្នុង​ការ​នាំ​សត្វ​ខ្លា​មក​ពី​ប្រទេស​ឥណ្ឌា ដើម្បី​លែង​ឲ្យ​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ គិត​ត្រឹម​ឆ្នាំ​២០០៧ សត្វ​ខ្លា​ប្រមាណ​១០​ទៅ​១៥​ក្បាល មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​៕