លោកយាយ​ខ្មែរឥស្លាម​អាយុ​១០៨​ឆ្នាំ ក្នុង​ខេត្ត​ត្បូងឃ្មុំ


ខេត្ត​ត្បូងឃ្មុំ ៖ លោកយាយ​ជនជាតិ​ខ្មែរឥស្លាម​ឈ្មោះ អ៊ែ​ល តៃ​ប៉ះ អាយុ​១០៨​ឆ្នាំ ដែល​ពិការ​ភ្នែក​សងខាង រស់នៅ​ភូមិ​តា​បូក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ត្រូវ​បាន​ចាត់ទុកជា​អ្នក​ដែល​មាន​អាយុ​វែង​ជាងគេ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​ថែម​ទាំង​មាន​ចៅ ចៅទួត រហូត​ដល់​ទៅ​ជាង​៥០​នាក់​។ រាល់ថ្ងៃ​លោកយាយមិន​អាច​ដើរទៅ​ណា​បាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​នៅ​លើ​ផ្ទះ​ឈើ​ក្រោម​ការ​ថែរក្សា​បីបាច់​ពី​សំណាក់​កូនស្រី​តែ​ប៉ុណ្ណោះ ដោយ​ថែម​ទាំង​មាន​ស្មារតី​មិន​ចង​ចាំ​នោះ​ទេ​។ តាម​កូនស្រី​ឈ្មោះ អ៊ែ​ល ខ​ហ្គា​ស អាយុ​៦៩​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៧​ថា ម្តាយ​របស់​គាត់​មានស្រុក​កំណើត​កើត​នៅ​ភូមិ​ឃុំ​ខាងលើ​នេះ​តែ​ម្តង រួម​ទាំង​ជីដូន​ជីតា​ថែម​ទៀត​។

កាលពី​សង្គមចាស់​គឺ​មាន​ជីវភាព​ធូរធារ​ជាងគេ​នៅ​ក្នុងភូមិ មាន​គោក្របី និង​ដីស្រែ​ចម្ការ​ជា​ច្រើន​កន្លែង ព្រមទាំង​មានកូន​ចំនួន​៧​នាក់​។ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ទ្រព្យសម្បត្តិ​របស់​គាត់​ត្រូវ​បាន​គេ​ដកហូត រួម​ជាមួយនឹង​ដីស្រែ​ចម្ការ គាត់​បាន​ធ្លាក់ខ្លួន​ក្រ ហើយ​កូន​ៗ​ចំនួន​៣​នាក់​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​ថែម​ទៀត​។ ស្ត្រី​ជា​កូន​ឈ្មោះ ខ​ហ្គា​ស ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​បាត់បង់​កូន​ដែល​ជាទី​ស្រលាញ់ ម្តាយ​របស់​គាត់​បាន​យំទួញសោក​ស្រណោះ​ដល់​កូន​ៗ ហើយ​ទឹកភ្នែក​បាន​ហូរ​រហូត ទីបំផុត​បាន​កើត​ជំងឺ​ភ្នែក ក្រោយមក​ក៏​ពិការ​ម្ខាង​ទៀត ដែល​កាលពីមុន​ម្តាយ​ពិការ​ភ្នែក​ម្ខាង ដោយ​កើត​ជំងឺ​អុតស្វាយ​ចេញ​ក្នុង​ភ្នែក​។

ក្រោយ​ឆ្នាំ​១៩៧៩ ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​បាន​៣​ឆ្នាំ​ក៏​ឪពុក​ឈ្មោះ ម៉ី អ៊ែ​ល អាយុ​៩២​ឆ្នាំ បាន​ស្លាប់​នៅ​សល់​តែ​ម្តាយ​ជាមួយនឹង​កូន​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​២ ប្រុស​២ ហើយ​រាល់ថ្ងៃ​គាត់​(​ខ​ហ្គា​ស​) បាន​រស់​ជាមួយនឹង​ម្តាយ​។ មាន​ពេល​មួយ​នោះ​ម្តាយ​គាត់​បាន​ដើរ​នៅ​លើ​ផ្ទះ​ឈើ​ប្រហែល​ជាង​១០​ឆ្នាំ​មុន​នេះ​ក៏​ងងឹតមុខ បាន​រអិល​ធ្លាក់​ពីលើ​កាំជណ្តើរ​មក​ដី ចាប់តាំងពី​ពេល​នោះ​មក​ម្តាយមិន​អាច​ដើរទៅ​ណា​មក​ណា​រួច​នោះ​ទេ គឺ​បាន​ត្រឹមតែ​នៅ​លើ​ផ្ទះ​តែ​ប៉ុណ្ណោះ​។

ចំពោះ​មូលហេតុ​ដែលម្តាយ​គាត់​អាយុ​វែង​បែប​នេះ ដោយ​តែ​គាត់​ចូល​ចិត្ត​ពិសា​របស់​ធម្មជាតិ​ដូច​ជា ត្រឹ​បឹង សម្ល​ត្រី​តូច​ៗប្រសិនបើ​សាច់​វិញ​គាត់​មិន​ពិសារ​នោះ​ទេ​។ អត្តសញ្ញាណប័ណ្ណ​មាន​តែ​នៅ​ពេល​ដែល​ប្រទេស​ជាតិ​បាន​ឆ្លងកាត់​សង្គ្រាម​ក៏​បាត់បង់ ដោយ​មិនដឹង​ជា​ជ្រុះ​បាត់​ទីណា​នោះ​ទេ មក​ដល់​បច្ចុប្បន្ន​ក៏​មិន​បាន​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ដែរ​។ កាលពីមុន​ម្តាយ​មានការ​ចង​ចាំ​បាន​ល្អ តែ​មក​ដល់​វ័យ​១០៨​ឆ្នាំ​នេះ​វង្វេង​មុខក្រោយ​ចាំ​អ្វី​មិន​បាន​ច្បាស់​នោះ​ទេ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ