ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​កើន​ដល់​ជាង​២០​កន្លែង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កំណើន​នៃ​ការ​វិនិយោគ និង​ការ​មក​ដល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន និង​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា

ខេត្ត​ព្រះ​សីហ​នុ ៖ កំណើន​នៃ​ការ​វិនិយោគ និង​ការ​មក​ដល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន និង​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា បាន​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ នឹង​កើនឡើង​ដល់​២៤​កន្លែង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស្រប​ពេល​មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​ប្រដូច​ខេត្ត​នេះ​ជាទី​ក្រុង​ម៉ា​កាវ​ទី​២​។ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា​នេះ​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះ​សី​ហនុមាន​កាស៊ីណូ​ចំនួន​១៨ ទៅ​១៩​កន្លែង កំពុង​ដំណើរការ និង​កាស៊ីណូ​មួយ​ចំនួន​ទៀត​កំពុង​សាងសង់ ដែល​រំពឹង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​នឹង​កើន​ដល់​២៣ ទៅ​២៤​កន្លែង​នៅ​ពេល​ខាង​មុខ​។

លោក​បន្ត​ថា អ្នក​វិនិយោគ​កាស៊ីណូ​ភាគច្រើន​ជា​ជនជាតិ​ចិន ព្រោះ​បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​រយៈពេល​វែង និង​រយៈពេល​ខ្លី​នៅ​ខេត្ត​នេះ​មាន​ជាង​៤.០០០​នាក់​។ លោក​បន្ត​ថា “​ដោយសារ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ការ​មក​ដល់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​កាន់តែ​ច្រើន យើង​បាន​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​នានា​”​។ លោក​បន្ត​ថា “​ការ​អនុវត្ត​ច្បាប់ យើង​ធ្វើ​ទាំងអស់​គ្នា​មិន​ថា​ប្រជាពលរដ្ឋ​ក្នុងស្រុក ឬ​ភ្ញៀវ​បរទេស​នោះ​ទេ​”​។ ក្រៅពី​ភ្ញៀវ និង​អ្នក​វិនិយោគ នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​មាន​កម្មករ​កំពុងធ្វើការ​ក្នុង​វិស័យ​សំណង់​ទាំង​ខ្មែរ និង​ចិន​ជាង​២.០០០​នាក់​ផង​ដែរ​។ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​ចិន​បាន​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ​ច្រើន ដែល​រហូត​មក​ទល់​ពេល​នេះ ចំនួន​កាស៊ីណូ​បាន​កើនឡើង​ជាង​២០​កន្លែង ដែល​ធ្វើ​ឲ្យ​យើង​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នា​ចុង​ស​ប្តា​ហ៍​ផង​ដែរ​។

លោក​បន្ត​ថា “​ខេត្ត​ព្រះ​សីហ​នុ ពិតជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​លឿន​ដោយសារ​សក្តានុពល​របស់​ខេត្ត ដូច​ជា​ព្រ​លាន​យន្តហោះ កំពង់​ផែ ផ្លូវគោក វិស័យ​ទេសចរណ៍​ដោយសារ​ឆ្នេរ​កម្ពុជា​ក្លាយជា​សមាជិក​ក្លឹ​ប ឆ្នេរ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ជាដើម​”​។ លោក​ឧកញ៉ា​ឡៅ ហេង អគ្គនាយក​សណ្ឋាគារ​អូ​ឈើទាល កម្រិត​ផ្កាយ​៤​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ដោយសារ​កំណើន​ភ្ញៀវ​ទេសចរណ៍​មាន​សភាព​យឺត លោក​បាន​សហ​ការណ៍​ជាមួយ​អ្នក​វិនិយោគ​ចិន ដើម្បី​កែប្រែ​សណ្ឋាគារ​របស់​លោក​ជា​កាស៊ីណូ​វិញ ព្រោះ​លោក​រំពឹង​ថា វិស័យ​នេះ នឹង​មានការ​រីក​ចម្រើន​នា​ពេល​អនាគត​។ លោក​បន្ត​ថា ដោយសារ​ក្រុងព្រះសីហនុ ជាទី​ក្រុង​តូច​មួយ ដូច្នេះ​អ្នក​វិនិយោគ​ដាក់​លុយ​ចូល​តែ​ពី​៣០០ ទៅ​៥០០​លាន​ដុល្លារ នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សភាព​លេចធ្លោ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​ខ្លាច​នយោបាយ​ចិន មានការ​ប្រែប្រួល នឹង​ធ្វើ​ឲ្យ​យើង​ពិបាក ផ្ទុយ​ទៅ​វិញ​ប្រសិនជា​អ្នក​វិនិយោគ​ចិន​បោះទុន​ធំ​ៗ និង​មាន​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង វា​នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ​មាន​និរន្តរភាព​។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal បាន​ថ្លែង​ថា ដោយសារ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស កត្តា​សន្តិសុខ ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារ​សក្តានុពល​ដែល​មាន​ស្រាប់​របស់​ខេត្ត និង​ផែនការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។ លោក​បន្ត​ថា “​ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​កើនឡើង​ទ្វេរ​ដង ឬ​លើស​ពី​នេះ​នៅ​តាម​តំបន់​មួយ​ចំនួន ហើយ​ចលនា​ទិញ​លក់​កំពុង​មាន​សកម្មភាព​ខ្លាំង​”​។

លោក​បន្ត​ថា “​ការ​រីក​ចម្រើន​ខេត្ត​ព្រះ​សីហ​នុ នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​កន្លែង​ផលិត​មួយ ដើម្បី​នាំ​ចេញ​ទៅ​កាន់​បរទេស​ផង​ដែរ ដោយសារ​មាន​កំពង់​ផែ​ទឹក​ជ្រៅ ព្រ​លាន​យន្តហោះ​អន្តរជាតិ និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​កាន់តែ​ងាយស្រួល​”​។ យោង​តាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ពី​កាលពី​ខែតុលា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ដាក់​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​ជា​តំបន់ឧស្សាហកម្ម ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​៕