ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីបក្សកាន់អំណាចឆ្លើយតប ៖ ក្រៅពី​តុលាការ​កម្ពុជា គ្មានសិទ្ធិទាម​ទារ​ដោះ​លែង​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ បាន​ស្នើ​ដល់​សភា​អឺរ៉ុប​ក្តាប់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ​ចំពោះ​សភាពការណ៍​ពិត​នៅ​កម្ពុជា កុំ​ច្បោល​ៗ​ជឿ​តែ​តាម​មជ្ឈដ្ឋាន​ប្រឆាំង ។ការ​ស្នើ​សុំ​នេះ​បន្ទាប់​ពី​សភា​អឺរ៉ុប​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ កន្លង​មក ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ប្រជាជន​កម្ពុជា​យល់​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​គ្មាន​ន័យ ។លោក​ថា បរិយាកាស​នយោបាយ​មិនអាក្រក់​ទេ​មិនបាច់​ព្រួយបារម្ភ​អី​ទេ ។ ការ​ចាប់ខ្លួន​អ្នកនយោបាយ​មួយ​ចំនួន​ក្នុង​បក្ស​ប្រឆាំង​គឺ​កើតឡេ​ី​ង​ពី​អំពេ​ី​ប្រព្រឹត្ត​ល្មេ​ី​ស​ច្បាប់​របស់​សាមីជន​តែ​ប៉ុណ្ណោះ ហើយ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​គឺជា​ការ​អនុវត្ត​នីតិរដ្ឋ ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។ លោក​លើក​ឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៦ កញ្ញា​ថា ការ​ចង់​ដោះ​លែង​ជនជាប់ចោទ​មិនមែន​ដោយសារ​ការ​ស្រែក ឬ​បាតុកម្ម​ទេ តែ​ជា​ការ​សម្រេច​របស់​សមត្ថកិច្ច​របស់​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ។ ដូច្នេះ​ស្នេ​ី​គោរព​ឯករាជ្យ​ភាព​របស់​តុលាការ​ផង ។

លោក សុខ ឥ​សាន បញ្ជាក់​ថា​៖«​អ្នក​ក្រៅពី​តុលាការ​កម្ពុជា គ្មាន​សិទ្ធិ​ទាមទារ​ឱ្យ​ដោះ​លែង ជនជាប់ចោទ និង​ទណ្ឌិត​ទេ​សុំ​កុំ​ច្រឡំ​ឱ្យ​សោះ​» ។លោក​សូម​ឱ្យ​សភា​អឺរ៉ុប​ក្តាប់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​សភាពការណ៍​ពិត​នៅ​កម្ពុជា កុំ​ច្បោល​ៗ​ជឿ​តែ​តាម​មជ្ឈ​ដ្ឋាន​​ប្រឆាំង ហើយ​ដាក់​កំហុស​ទាំង​ងងឹត​ងងុល​មក​លើ​​រាជរដ្ឋាភិបាល​កម្ពុជា ។

ការ​លើក​ឡើង​របស់​លោកសុខ ឥ​សាន នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​សហ​គមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ។លោក សម រ​ង្ស៊ី ថា ទណ្ឌកម្ម​ពី​លោក​សេរី​អាច​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដើរទៅ​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​វិញ ។ លោក​ថា នៅ​ពេល​ផ្ដល់​ជំនួយ​មក​កម្ពុជា សហគមន៍​អន្តរជាតិ​ត្រូវ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ឬ​ដាក់​ទណ្ឌ​កម្ម​លើ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល​ដូច​ជា មិន​ផ្ដល់​ទិដ្ឋាការ​ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លោក​សេរី​រួម​មាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ជប៉ុន​ជាដើម ។

លោក សម រ​ង្ស៊ី ថា នៅ​ពេល​ទណ្ឌកម្ម​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ពួក​គេ​នឹង​ពិចារណា ។ បើទោះជា​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ហាក់កំពុង​មាន​ប្រទេស​ចិន​ជា​ខ្នងបង្អែក​ក៏​ដោយលោក សម រ​ង្ស៊ី ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជានៅ​តែ​ត្រូវការ និង​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយរបស់​លោក​សេរី ព្រោះថា ប្រមាណ​៤០​ភាគរយ​នៃ​ថវិកាជាតិ​របស់​កម្ពុជា គឺជា​ជំនួយ​របស់ប្រទេស ប្រជាធិបតេយ្យ​ដូច​ជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី​ជាដើម ។

លោក សម រ​ង្ស៊ី ក៏​អំពាវនាវ​ឱ្យ​ប្រទេសហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីសជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ ។ ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី ឱ្យប្រទេស​​លោក​សេរី​ដាក់​ទណ្ឌកម្ម​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី នៃ​ក្រសួង​ការបរទេស​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ផ្អាក​កិច្ចសហការ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង ការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ជិត​៥០​នាក់ ទៀត​នៅ​កម្ពុជា​ផង​ដែរ ។លោក សុខ ឥ​សាន ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ដេ​ី​រ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុ​ញ្ញ​សន្តិភាព និង​វិបុលភាព​របស់​ប្រជាជនកម្ពុជា ៕