ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​ក្នុងស្រុក​ចាប់ផ្តើម​វិនិយោគលំនៅ​ឋាន​តម្លៃ​សមរម្យ​បន្ដបន្ទាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​នេះ គម្រោង​លំនៅ​ឋាន​ដ្ឋា​ន​តម្លៃ​មធ្យម ត្រូវ​បាន​ប្រកាស​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​នេះ គម្រោង​លំនៅ​ឋាន​ដ្ឋា​ន​តម្លៃ​មធ្យម ត្រូវ​បាន​ប្រកាស​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ទិញ​លំនៅ​ឋាន​មាន​ជម្រើស​ច្រើន ហើយ​ថ្មី​ៗ​នេះ​អ្នក​វិនិយោគ​ក្នុងស្រុក គឺ​ក្រុមហ៊ុន លី ហួរ​គ្រុប បាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ជា​លើក​ដំបូង របស់​ខ្លួន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា​ផង​ដែរ​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា​ថា នេះ​ជា​គម្រោង​ជំហាន​ដំបូង ដែល​លោក​បាន​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ គឺ​មានផ្ទះ​សរុប​ប្រមាណ​២១០​ល្វែង និង​លក់​ក្នុង​តម្លៃ​៣​ម៉ឺន​៨​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ លោក​បន្ត​ថា គម្រោង​នេះ​មានការ​គាំទ្រ​ខ្លាំង ដោយ​លក់​រយៈពេល​ខ្លី​សោះ ប៉ុន្តែ​លំនៅ​ឋាន​ទាំងនេះ​ទទួល​បានការ​ទិញ​ពី​អតិថិជន​រហូត​ដល់​ជាង​៦០%​រួច​ហើយ ។

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រែក​តា​មា​ក់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ដោយសារ​គម្រោង​នេះ​ផ្តោត​លើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦A ទើប​ទទួល​បាន​ជោគជ័យ​យ៉ាង​លឿន ។ សម្រាប់​គម្រោង​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​នេះ លោក​នឹង​ពង្រីក​ការ​វិនិយោគ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ព្រោះ​លោក​មាន​ដី​រួច​ហើយ និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចាក់​ខ្សាច់​បំពេញ ។

ទាក់ទង​នឹង​ទីផ្សារ​បុរី​នៅ​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា ទីផ្សារ​បុរី​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ហើយ​ការ​លក់​ជោគជ័យ ឬ​មិន​ជោគជ័យ វា​អាស្រ័យ​លើ​ទីតាំង​គម្រោង​ស្ថិត​នៅ​តំបន់​ណា និង​ផ្តោត​លើ​អតិថិជន​ប្រភេទ​ណា ព្រោះ​យើង​មិន​អាច​វិនិយោគ​លំនៅ​ឋាន​មាន​តម្លៃ​ខ្ពស់​នៅ​តំបន់​ជាយក្រុង​បាន​ទេ ។ លំនៅ​ឋាន​តម្លៃ​ទាប​ស័ក្តិសម​នៅ​តំបន់​ជាយក្រុង ចំណែក​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុង គឺជា​កន្លែង​ដែល​ការ​វិនិយោគ​នឹង​ទទួល​បាន​ជោគជ័យ ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ​។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​KFA បាន​ថ្លែង​ថា ស្រប​ពេល​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង អ្នក​វិនិយោគ​លើ​វិស័យ​នេះ​នៅ​តែ​ទទួល​បាន​ជោគជ័យ ដោយសារ​ជា​ធម្មតា ប្រជាពលរដ្ឋ​ត្រូវការ​ជម្រក ហើយ​ចរន្ត​នៃ​ការ​ចូល​មក​រស់នៅ​រាជធានី​ភ្នំពេញ កំពុង​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក​បន្ត​ថា ទោះជា​យ៉ាងណា បច្ចុប្បន្ន អ្នក​វិនិយោគ​លំនៅ​ឋាន​បាន​ចាប់ផ្តើម​ងាក​ច្រើន​មក​កាន់​ក្រុម​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម​ដែល​មាន​ចំនួន​ច្រើន និង​ជាទី​ផ្សារ​ធំ​មួយ ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​លើ​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មធ្យម ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ទីផ្សារ​លំនៅ​ឋាន​ប្រណីត​មិន​ជោគជ័យ​នោះ​ទេ » ។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ព្រាង​គោលនយោបាយ​លើកទឹកចិត្ត​អ្នក​វិនិយោគ​លំនៅ​ឋាន​សាធារណៈ តាម​រយៈ​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ភ្លើង ផ្លូវ​ភ្ជាប់​គម្រោង​ណាមួយ​នោះ និង​ជួយ​សម្រួល​លើ​ការ​បង់ពន្ធ​មួយ​ចំនួន​ផង​ដែរ ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​World Bridge Group ដែល​បាន​ប្រកាស​វិនិយោគ​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប​ដំបូង​គេ​នៅ​កម្ពុជា ថ្លែង​ថា ប្រសិនជា​រាជរដ្ឋាភិបាល​ជួយ​សម្រួល​នូវ​គោលនយោបាយ​លើកទឹកចិត្ត​បែប​នេះ លោក​ពិតជា​ត្រេកអរ ព្រោះ​លោក​អាច​លក់​លំនៅ​ឋាន​ក្នុង​តម្លៃ​សមរម្យ​បាន ប៉ុន្តែ​ប្រសិនជា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​មិន​ទទួល​បានការ​ជួយ​ពី​រាជរដ្ឋាភិបាល​ទេ យើង​មិន​អាច​លក់​ក្នុង​តម្លៃ​ទាប​បែប​នេះ​ឡើយ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា អ្វី​ដែល​ខ្ញុំ​ដឹង​ពី​គោលនយោបាយ​នេះ គឺ​តាម​រយៈ​សារព័ត៌មាន​ប៉ុណ្ណោះ ។ ដូច្នេះ ការ​សម្រេច​ជាក់លាក់​ពេល​ណា អាស្រ័យ​លើ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​នេះ​ពី​រាជរដ្ឋាភិបាល » ៕