ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​កែប​និង​កំពត កំពុង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​វិនិយោគិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​រកស៊ី​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ អ្នក​រកស៊ី​វិស័យ​ដីធ្លី​នៅ​ខេត្តកំពត​បាន​អះអាង​ថា បច្ចុប្បន្ន មាន​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​ដោយ​ផ្ដោត​លើ​រមណីយដ្ឋាន សណ្ឋាគារ និង​រី​សត​នៅ​ទឹកដី​ខេត្ត​កែប និង​កំពត ដោយសារ​តែ​ពួក​គេ​មើលឃើញ​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​កំពុង​មាន​សន្ទុះ​ខ្លាំង បូក​រួម​ទាំង​គម្រោង​ខ្នាត​អន្តរជាតិ​ជា​ច្រើន​ដែល​គ្រោង​នឹង​សាងសង់​នៅ​ទីនោះ ។

លោក សុខ គែន ប្រធាន​ក្រុមហ៊ុន​វាយតម្លៃ Kampot Property បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​មក ធ្វើ​ឲ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​ទី​នេះ ដោយ​ផ្ដោត​លើ​វិស័យ​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់​ដីធ្លី​កាន់តែ​មមាញឹក​ឡើង​ថែម​ទៀត ។

លោក​ថ្លែង​ថា ៖« ភាគច្រើន​នៃ​អ្នក​វិនិយោគ​កំពុង​រក​ទិញ​ដី​នៅ​ខេត្តកំពត និង​ខេត្ត​កែប គឺ​គេ​សាងសង់​ជា​រមណីយដ្ឋាន និង​រី​សត​លក្ខណៈ​តូច​ៗ​ច្រើន ហើយ​គម្រោង​ខ្នាត​អន្ដរជាតិ​វិញ​ក៏​មាន​ដែរ ដែល​មាន​វិនិយោគិន​មក​ពី​អឺរ៉ុប និង​ចិន​កំពុង​សិក្សា​គម្រោង » ។

យោង​តាម​ក្រុមហ៊ុន Pallas Group បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បោះទុន​ជាង​២​ពាន់​លាន​ដុល្លារ នឹង​សាងសង់​គម្រោង​ខ្នាត​អន្តរជាតិ​មួយ ដែល​មាន​សណ្ឋាគារ វីឡា អា​ផាត​មិន ឧទ្យាន​ទឹក ឆ្នេរ​ឯកជន និង​សិប្បនិម្មិត ទីលាន​វាយ​កូន​ហ្គោ​ល កំពង់​ផែ ឧទ្យាន​កម្សាន្ត និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នៅ​ទឹកដី​ខេត្តកំពត ដែល​គម្រោង​នេះ​មានឈ្មោះ​ថា Riviera ។

លោក សុខ គែន បាន​បញ្ជាក់​ថា ៖«​ខេត្តកំពត​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​កម្ពុ​ជានា​ពេល​ឆាប់​ៗ ដោយ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​មាន​កំណើន​ឡើង ដោយសារ​ខេត្ត​មួយ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត​នៅ​តាម​បណ្ដោយ​មាត់សមុទ្រ និង​ព្រែក ដែល​អាច​សាងសង់​សណ្ឋាគារ ឧទ្យាន​ទឹក រី​សត ផ្ទះសំណាក់ និង​តាម​ជើងភ្នំ អំណោយផល​ដល់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ជា​ពិសេស អំណោយផល​ដល់​ដំណាំ​ម្រេច និង​ប្រភេទ​ដី​សម្រាប់​គេហដ្ឋាន » ។

គម្រោង​ទាំងនេះ​នឹង​ប្រែក្លាយ​ទឹកដី​ខេត្ត​ឲ្យ​ក្លាយជា​ទីក្រុង​ដ៏​ទាក់ទាញ និង​ទាន់សម័យ​ពោរពេញ​ទៅ​ដោយ​គម្រោង​លំនៅ​ឋាន អគារ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​មួយ​ខែ​ទៅ​មួយ​ខែ ។

លោក សុខ គែន បាន​បញ្ជាក់​បន្ថែម​ថា ៖«​ដី​នៅ​ខេត្តកំពត​មាន​ច្រើន​ប្រភេទ​ដូច​ជា ប្រភេទ​ដី​មាត់សមុទ្រ ព្រែក ជើងភ្នំ លំនៅ​ឋាន និង​ដី​កសិកម្ម​ជាដើម ។ ប្រភេទ​មាត់​សមុទ្រ​មើលឃើញ​ថា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​តម្លៃ​ចាប់ពី​៤០ ទៅ​២៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ អាស្រ័យ​លើ​ទីតាំង​របស់​វា » ។

គម្រោង​អភិវឌ្ឍន៍​ដទៃ​ទៀត​ដូច​ជា បុរី រមណីយដ្ឋាន សណ្ឋាគារ និង​ការ​កម្សាន្ត នឹង​បន្ត​ជំរុញ​កំណើន​អចលនទ្រព្យ​នៅ​ខេត្តកំពត ហើយ​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​ដំណើរការ​ជាមួយ​វិនិយោគិន​សំខាន់​ៗ​មក​ពី​អឺរ៉ុប និង​ចិន​។ ក្រៅពី​នេះ ក៏​មាន​វិនិយោគិន​ក្នុងស្រុក​ជា​ច្រើន​ចាប់អារម្មណ៍​ទិញ​ដី​នៅ​ក្នុង​ខេត្ដ​នេះ​ផង​ដែរ ។

នៅ​ឆ្នាំ​២០១៦ ខេត្តកំពត​បាន​ស្វាគមន៍​អ្នកទេសចរ​បរទេស​ប្រហែល​៩​សែន​នាក់ ហើយ​គម្រោង​កំពង់​ផែ​ទេសចរណ៍​ដែល​បាន​ស្នើ ទំនងជា​ទាក់ទាញ​អ្នកទេសចរ​បរទេស​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​ខេត្ត​នេះ ។

តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បច្ចុប្បន្ន​នេះ កំពង់​ផែ​ទេសចរណ៍​ដែល​មាន​តម្លៃ​១៨​លាន​ដុល្លារ ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ក្នុងស្រុក​ចំនួន​៣​សែន​៦​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​នៅ​ពេល​បើក​ទូលាយ និង​៤៤២.៩០០​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០ ៕