ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮស្នូរ​​​បា.ញ់​ច្រើន​គ្រាប់… មិននឹកស្មាន​កើតលើ​ផ្ទះខ្លួន​ឯង​​សោះ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បា.ញ់​រះ​ជិត​១០​គ្រាប់​

ខេត្តបាត់ដំបង ៖ ​ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​រះ​ជិត​១០​គ្រាប់​ចូល​ទៅ​ក្នុងផ្ទះ​ឈ្មួញ​ទិញ​-លក់​រថយន្ត​ម្នាក់ ​កាលពី​វេលា​ម៉ោង​១១ ​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៤ ​កញ្ញា នៅ​ក្នុងភូមិ​ចិន សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ​អាច​ជា​រឿង​គំនុំ​ បណ្ដាល​ឱ្យ​ត្រូវ​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ទៀតដែល​ទុក​ក្នុងផ្ទះ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ម្ចាស់ផ្ទះ​ទេ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​រះ​ចូល​ផ្ទះ​នោះ​ឈ្មោះ អៀន រ​ដ្ឋា ប្រុស អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​អ្នកទិញ​,​លក់​រថយន្ត រស់នៅ​ចំណុច​ភូមិ សង្កាត់​ខាងលើ ។ បើ​តាម​ការ​ពិនិត្យ​សម្បក​គ្រាប់ គឺ​ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើង​ម៉ា​កឡុក​បាញ់​រះ​ចំនួន​៩​គ្រាប់​ទម្លុះ​ទ្វា​ចូល​ទៅ​ក្នុងផ្ទះ បណ្ដាល​ឱ្យ​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង រថយន្ត​ម៉ាក​ព្រូស​១​គ្រឿងនិង​​ម៉ាក​ស្កុប​ពី​១​គ្រឿង តែ​មិន​ត្រូវ​ម្ចាស់ផ្ទះ​ទេ​ហើយ​គេ​សង្ស័យ​អាច​ជា​រឿង​គំនុំ ។

បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ឈ្មោះអៀន រ​ដ្ឋា បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​កើតហេតុ​នោះ​ ពេល​គាត់​កំពុង​ដេក​លក់ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ តែ​មិនដឹង​ថា ផ្ទុះ​អ្វី​ហើយ​ក៏​មិន​នឹង​ស្មានថា ផ្ទុះ​កាំភ្លើង​ដែរ ។ គាត់​និយាយ​ទៀត​ថា ពេល​នោះ​គាត់​បាន​ងើប​មក​បើកទ្វារ​រក​មើល តែ​មិនឃើញ​មាន​អ្វី​ហើយ​ក៏​មិនដឹង​ថា មាន​គេ​បាញ់​ចូល​ផ្ទះ​ត្រូវ​រថយន្ត និង​ម៉ូតូ​ដែរ ហើយ​ក៏​បិទទ្វារ​ផ្ទះ​ចូល​ដេក​វិញ​ទៅ ។ លុះ​ព្រឹក​ឡើង​ទើប​ដឹង ដោយសារ​ឃើញ​សម្បក​គ្រាប់​រាយ​ប៉ាយ​មុខ​ផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

លោក អៀន រ​ដ្ឋា បាន​បញ្ជាក់​ថា លោក​មិនដឹង​ពី​មូលហេតុ ដែល​នាំ​ឱ្យ​មាន​គេ​មក​លប​បាញ់​រះ​ចូល​ផ្ទះ​គាត់​នោះ​ទេ តែ​លោក​ដាក់​ការ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​រឿង​គំនុំ​ក្នុង​មុខ​ជំនួញ​រកស៊ី ។មន្ត្រី​ជំនាញ​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ខ្មាន់កាំភ្លើង​បាន​ឈរ​បាញ់​ពី​ខាងក្រៅ​របង​ទម្លុះ​ទ្វារ​ចូល​ក្នុងផ្ទះ​តែ​ម្ដង តែ​សំណាងល្អ​ត្រូវ​តែ​រថយន្ត​និង​ម៉ូតូ​មិន​ត្រូវ​មនុស្ស ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា បើ​តាម​ការ​សួរនាំ និង​បំភ្លឺ​ខ្លះ​ៗ​ពី​ម្ចាស់ផ្ទះ យើង​សង្ស័យ​ថា​ការ​បាញ់​រះ​ចូល​ក្នុងផ្ទះ​ទាំង​កណ្ដាល​យប់​នេះ​ទំនង​អាច​ជា​រឿង​គំនុំ​រវាង​ខ្មាន់កាំភ្លើង​និង​ម្ចាស់ផ្ទះ តែ​យើង​មិន​ទាន់​ដឹង​ថា ដោយសារ​តែ​មុខ​ជំនួញ ឬ​ដោយសារ​អ្វី​ច្បាស់លាស់​ទេ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​នោះ​ហើយ ៕