ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​យល់​យ៉ាងណា…​ ក្រាលកន្ទេល​យក​លុយ​តាម​ឆ្នេរអីុចឹង?

6 ឆ្នាំ មុន

សេវាកម្ម​មួយ​ចំនួន​នៅ​តាម​តំបន់ឆ្នេរ​សាធារណៈ ជា​ពិសេស​គឺ​ការ

ខេត្ត​កែប ៖ ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ខេត្ត​កែប​នោះ សហគមន៍​មូលដ្ឋាន​បាន និង​កំពុង​ផ្តល់​សេវាកម្ម​មួយ​ចំនួន​នៅ​តាម​តំបន់ឆ្នេរ​សាធារណៈ ជា​ពិសេស​គឺ​ការ «​ក្រាលកន្ទេល​លើ​ឆ្នេរ​ខ្សាច់​» សម្រាប់​អ្នក​ទេច​ចរ ។ អ្នកទេសចរ​ខ្លះ​ស្វាគមន៍​សេវាកម្ម​នេះ ឯ​ខ្លះ​ទៀត​មិនសូវ​ពេញចិត្ត​ទេ​ព្រោះ​ត្រូវ​បង់ប្រាក់ ។

ខេត្ត​កែប​ទើបតែ​ទទួល​បាន​ពានរង្វាន់​«​ទីក្រុង​និរន្តរ​បរិស្ថាន​អាស៊ាន​» កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ២០១៧ នៅ​ប្រទេស​ប្រ៊ុ​យ​ណេ និង​ពានរង្វាន់ «​ទីក្រុង​ស្អាត ផ្ការំដួល​៣​ទង​»  ពី​រាជរដ្ឋាភិបាល​កម្ពុជា ហេតុ​ដូច្នេះ​ហើយ​ខេត្ត​មាត់សមុទ្រ​ដែល​មាន​ឆ្នេរ​ស្រស់​ស្អាត ជាមួយ​បរិស្ថាន​ល្អ​ទទួល​បានការ​ចាប់អារម្មណ៍​មួយ​កម្រិត​ទៀត​ពី​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ។ ចំពោះ​សេវាកម្ម​នៅ​តាម​ឆ្នេរសមុទ្រ ដូច​ជា​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ និង​ការ​ជួល​កន្លែង​សម្រាប់​សម្រាក​កម្សាន្ត ។ ប៉ុន្តែ​ក្នុង​នោះ​ការ​ត្អូញត្អែរ​ពី​ភ្ញៀវ​មួយ​ចំនួន​អំពី​កន្លែង​អង្គុយ​លំហែកាយ​នោះ គឺ​ពាក់ព័ន្ធ​នឹង​តម្លៃ ដោយសារ​កន្លែង​នីមួយ​ៗ​សុទ្ធតែ​មានការ​ក្រាលកន្ទេល អង្រឹង និង​ប៉ៅ​អ៊ី​ជាដើម ហើយ​ពួក​គាត់​ត្រូវ​បង់​តម្លៃ ក្នុង​មួយ​កន្ទេល​ចំនួន​៥.០០០​រៀល ទៅ​១០.០០០​រៀល ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ភ្ញៀវ​ដែល​ទៅ​ជួល​កន្លែង​សម្រាប់​អង្គុយ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​សូ​ម្បី​កន្លែង​ដែល​ធ្លាប់​អង្គុយ​លេង ឬ​ញ៉ាំ​អី​ពី​មុន ឥឡូវ​ក៏​យក​លុយ​ដែរ ដោយ​​កន្ទេល​មួយ​គឺ​មាន​តម្លៃ​៥.០០០​រៀល ។ បើសិនជា​ពួក​គាត់​នៅ​ធ្វើ​អ៊ីចឹង​ទៀត ច្បាស់​ជា​មិន​មាន​ភ្ញៀវ​ណា​ហ៊ាន​មក​អង្គុយ​លេង​មើល​ទឹកសមុទ្រ​ខេត្ត​កែប​ទៀត​ទេ ព្រោះ​ភ្ញៀវ​ខ្លះ​គាត់​មក​ពី​តាម​បណ្ដា​ខេត្ត ផ្សេង​ៗ​ដែល​ពុំ​សូវ​មាន​លុយ​ច្រើន​ដូច​ភ្ញៀវ​មក​ពី​រាជធានី​ភ្នំពេញ​ទេ »​។

អ្នកស្រី​ញ៉ែ​ម រំដួល ជា​អាជីវករ​ជួល​កន្ទេល​នៅ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​កែប លើក​ឡើង​ថា​៖ «​សម្រាប់​កន្លែង​ខ្ញុំ បើ​ភ្ញៀវ​អង្គុយ​លើ​ខឿន គឺ​ខ្ញុំ​អត់​គិតលុយ​ទេ តែបើ​អង្គុយ​លើ​កន្ទេល ឬ​ប៉ៅ​អ៊ី គឺ​តម្រូវ​ឱ្យ​បង់​សេវា​ហើយ ។ សម្រាប់​ខែ​បុណ្យ​ទាន​ក្នុង​មួយ​កន្លែង​គឺ​តម្លៃ ២០​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​តម្លៃ​ម្ហូបអាហារ មាន​ន័យ​ថា​ភ្ញៀវ​អត់​ហូប​អី​សោះ គឺ​ជួល​តែ​កន្ទេល ។ សម្រាប់​ថ្ងៃ​ធម្មតា​គឺ​តម្លៃ​១៥​ដុល្លារ ដោយ​មាន​បាំងឆត្រ​សម្រាប់​ឲ្យ​ភ្ញៀវ​ជ្រក​ម្លប់​ផង​ដែរ​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​យក​កម្រៃ​សេវា​នេះ លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប បាន​លើក​ឡើង​ផង​ដែរ​ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ថ្នាក់​ជាន់​ខ្ពស់​បច្ចេកទេស​ដល់​សិស្ស និស្សិត​ជំនាន់​ទី​៥ នៃ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ខេត្ត​កែប​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ ដោយ​បញ្ជាក់​ថា ការ​ជួល​កន្ទេល​នេះ​ជា​របស់​ឯកជន ប៉ុន្តែ​កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​គិតគូរ​ពី​បញ្ហា​នេះ​ដែរ ។

លោក​អភិបាលរង​ខេត្ត​កែប បន្ត​ថា​ការ​ចូល​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​ត្រូវ​បង់ថ្លៃ​រថយន្ត​ក្នុង​មួយ​គ្រឿង ពី​៤.០០០ ទៅ​៥.០០០​រៀល ។

លោក​សោម ពិសិដ្ឋ មាន​ប្រសាសន៍​ថា​៖ «​ការ​ជួល​កន្លែង​នេះ គឺជា​វិស័យ​ឯកជន គាត់​ជា​អ្នក​ដេញថ្លៃ​បាន​ថវិកា​បង់​ចូល​រដ្ឋ ហើយ​គាត់​មានការ​ទទួលខុសត្រូវ​ទៅ​លើ​ការ​សំអាត​អនាម័យ​តាំងពី​កន្លែង​ផ្សារ​ក្ដាម​រហូត​ដល់​ផែ​កោះទន្សាយ ។ គាត់​យក​សេវា​អស់ហ្នឹង​ហើយ ទើប​មក​ធ្វើការ​ដេញថ្លៃ​ភាស៊ី​ក្នុង​មួយ​ឆ្នាំ​មួយ​ដង​ជា​រៀង​រាល់​ឆ្នាំ ហើយ​ថវិកា​ចូល​រដ្ឋ​ទាំងអស់ មិន​ធ្លាក់​ចូល​ដៃឯក​ជន​ណាមួយ​ទេ​» ។

លោក​អភិបាលរង​ខេត្ត​កែប បន្ថែម​ទៀត​ថា​៖ «​ការ​ជួល​ខ្យូ​ស គឺជា​របស់​ប្រជាពលរដ្ឋ ហើយ​ចំពោះ​តម្លៃ​គឺ​ខ្ញុំ​សូម​បញ្ជាក់​ថា​ជា​ការ​ស្រុះស្រួល​គ្នា​រវាង​ភ្ញៀវ និង​ម្ចាស់​កន្លែង​ជួល ព្រោះ​គាត់​មានការ​ស្រុះស្រួល​គ្នា​រួច​ហើយ ថា​គាត់​ត្រូវការ ឬ​មិន​ត្រូវការ​សេវាកម្ម​នោះ​» ។

ខេត្ត​កែប​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​ខែធ្នូ ឆ្នាំ​២០១៧ ហើយ​អាជ្ញាធរ​ខេត្ត​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង​១​លាន​នាក់ ។

បើ​តាម​សម្ដី​របស់​លោក​ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ឱ្យ​ដឹង​ថា ភ្ញៀវ​ទេចរ​ដែល​ទៅ​លេង​ខេត្ត​កែប​ពី​គ្រប់​ទិស​ទី និង​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ ចំពោះ​មូលហេតុ​លោក​ថា​«​ដោយសារ​តែ​ស្រុក​ទេស​មាន​សុខ​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​សន្តិសុខ​សង្គម មានការ​អភិវឌ្ឍ​ច្រើន ទាំង​វិស័យ​ទេសចរណ៍ បរិស្ថាន និង​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​មាននៅ​ក្នុង​ខេត្ត​កែប ។

ជា​ពិសេស​គឺ​មាន​សក្តានុពល​ច្រើន ទាំង​ក្នុង​ទឹក និង​លើគោក ដែល​មានទឹក​ស្អាត ដី​ស្អាត និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ខេត្ត​កែប​យើង​នេះ » ៕