ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SEA-TV ​ប្រកាស​បើក​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១៦ កញ្ញា ស្អែក​នេះ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV)​នឹង​បើក​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​របស់​ខ្លួន​ជា​ថ្មី​ម្ដងទៀត នៅ​លើ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១៦ កញ្ញា ស្អែក​នេះ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV)​នឹង​បើក​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​របស់​ខ្លួន​ជា​ថ្មី​ម្ដងទៀត នៅ​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​ខា​រ៉ា​បាវ ។ នេះ​គឺជា​ការ​ប្រកួត​លើក​ទី​៤​របស់​ព្រឹត្តិការណ៍​នេះ បន្ទាប់​ពី​ការ​ប្រកួត​កាលពី​៣​លើក​មុន​គឺ​១​លើក​បាន​លើ​កីឡាករ​កម្ពុជា និង​២​លើក​ចុង​ក្រោយ​បាន​លើ​កីឡាករ​ថៃ​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់ ។ កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប​ថ្មី​ទៀត ត្រូវ​បាន​គណៈកម្មការ​ប្រដាល់​មួយ​នេះ​រៀបចំ​ឱ្យ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​សន្សំ​ពិន្ទុ​។

ផ្អែក​តាម​ប្រកាស​នៅ​ក្នុង​វេទិកា​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ឱ្យ​ដឹង​ថា ការ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​៤​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នេះ នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦ កញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ចុងឆ្នាំ​២០១៧ ដើម្បី​ឱ្យ​ដើមឆ្នាំ​២០១៨​ងាយស្រួល​បើក​ប្រកួត​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ស្វាគមន៍​ឆ្នាំ​ថ្មី ។

ព្រឹ​តិ្ត​ការណ៍​នេះ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៨​រូប​ចាប់​គូ​គ្នា​ឡើង​ប្រកួត ដោយ​កីឡាករ​ថៃ​ត្រូវ​កំណត់​ឱ្យ​នៅ​មួយ​ពូ​ល ហើយ​កីឡាករ​កម្ពុជា​ត្រូវ​កំណត់​ឱ្យ​នៅ​មួយ​ពូ​ល ។ ពូ​លទាំង​ពីរ​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​ក្នុង​ពូ​ល​ឡើង​ប្រកួត​គ្នា​ដើម្បី​សន្សំ​ពិន្ទុ​នោះ​ទេ តែ​កំណត់​ឱ្យ​កីឡាករ​ក្នុង​ពូ​ល​នីមួយ​ៗ​វាយ​គ្នា​ឆ្លង​ពូ​ល ដោយ​កីឡាករ​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្ដងម្នាក់​ៗ ហើយ​កីឡាករ​ថៃ​ត្រូវ​ប្រកួត​វិល​ជុំ​ជាមួយ​កីឡាករ​កម្ពុជា​ម្ដងម្នាក់​ដូច​គ្នា គឺ​ប្រកួត​ខ្វែង​ចុះឡើង​ៗ​បែប​នេះ​ទាល់តែ​គ្រប់​សមាសភាព ហើយ​សរុប​ពិន្ទុ​ដែល​សន្សំ​បាន​តែ​ម្ដង ។ ការ​ប្រកួត​ឈ្នះ​មួយ​លើក​ត្រូវ​កំណត់​ថា​បាន​៣​ពិន្ទុ​និង​ចាញ់​បាន​១​ពិន្ទុ ។ ក្រោយ​ការ​ប្រកួត​ចប់ កីឡាករ​មួយ​ពូ​ល​ត្រូវ​បាន​គេ​ស្រង់​ពិន្ទុ​ជា​រួម ដោយ​កីឡាករ​ណា​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​២​នាក់​ក្នុង​ពូ​ល នឹង​កំណត់​ឱ្យ​ឡើង​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​មាន​ន័យ​ថា​ក្រោយ​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី​១ គឺ​នឹង​មាន​កីឡាករ​កម្ពុជា​២​នាក់ និង​កីឡាករ​ថៃ​២​នាក់​ឡើង​ប្រកួត​ក្នុង​វគ្គ​១​ភាគ​៤​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួតបាន​អះអាង​ថា កីឡាករ​ដែល​កំណត់​ឱ្យ​ឡើង​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ថ្មី​គឺ​សុទ្ធតែ​ជា​កីឡាករ​ល្អ​ៗ​តែ​ម្ដង​ដែល​រួម​មាន​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ និង​កីឡាករ ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​។ ដោយឡែក​សម្រាប់​សមាសភាព​កីឡាករ​ថៃ​រួម​មាន កីឡាករ​ជើង​ខ្លាំង Pha Yaklek កីឡាករ​ជើង​ខ្លាំង Phat Chhayden កីឡាករ​ជើង​ខ្លាំង Phat Phayak និង​កីឡាករ​ជើង​ខ្លាំង ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង Kong  Sayam ។ កីឡាករ​ទាំង​៨​រូប​លោក​ថា​មានការ​សម្រិតសម្រាំង និង​សម្លឹង​មើល​ពី​ប្រវត្តិ​របស់​ពួក​គេ​ម៉ត់ចត់​ទម្រាំ​តែ​សម្រេចចិត្ត​ឱ្យ​មានឈ្មោះ​ឡើង​ប្រកួត​យក​ខ្សែក្រវាត់​ជា​លក្ខណៈ​អន្តរជាតិ​លើក​នេះ ដោយសារ​តែ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​ចង់ឱ្យ​មាន​សមាសភាព​ណាមួយ​មិន​ត្រូវ​សមត្ថភាព​គ្នា​ដែល​នាំ​ឱ្យ​ការ​ប្រកួត​មិន​មាន​ភាព​ទាក់ទាញ​ទៅ​វិញ ។ លោក​ថា ការ​ប្រកួត​នេះ​កំណត់​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​សៅរ៍​វេលា​ម៉ោង​២​រសៀល ដោយ​មានការ​ប្រគំ​តន្ត្រី​អម​នៅ​ចន្លោះ​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នីមួយ​ៗ​នោះ​ផង ក្នុង​នោះ​ក៏​មានការ​ប្រកួត​មិត្តភាព​ជា​ច្រើន​គូ​ទៀត​ផង​ដែរ ។ នៅ​ថ្ងៃ​សៅរ៍​បើក​ឆាក​ស្អែក​នេះ លោក​ថា​កីឡាករ​ជើង​ខ្លាំង​៤​រូប​នឹង​ឡើង​ប្រកួត​គ្នា​ដោយ​គូ​សន្សំ​ពិន្ទុ​ទី​១​គឺ​កីឡាករ ធន់ ចាន់​តាក់ ប៉ះ​ជាមួយ​កីឡាករ​ថៃ Pha Yaklek និង​គូ​ទី​២​គឺ​កីឡាករ ផា​ន់ គ្រាន់ ប៉ះ​ជាមួយ​កីឡាករ Phat Chhayden ។ លោក​មិន​ទាន់​ដឹង​ថា នឹង​មាន​កីឡាករ​រូប​ណា​ដណ្ដើម​បាន​៣​ពិន្ទុ​មុនគេ​នោះ​ទេ ក្នុង​ពេល​ដែល​ការ​ប្រកួត​មួយ​នេះ គឺ​មិន​តម្រូវ​ឱ្យ​មាន​ពិន្ទុ​ស្មើ​នោះ​ទេ គឺ​មាន​តែ​ឈ្នះ និង​ចាញ់​ប៉ុណ្ណោះ​។

លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​តែ​រំពឹង​ខ្ពស់​ថា ការ​ប្រដាល់​មួយ​នេះ​នឹង​រំលេច​បាន​ធនធាន​កីឡាករ​កាន់តែ​ល្អជា​ពិសេស​គឺ​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម​ដែល​ទើបនឹង​ជ្រើសរើស​ឱ្យមក​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​វគ្គ​ថ្មី​នេះ ។ លោក​នៅ​តែ​ចង់​ជំរុញ​ឱ្យ​កីឡាករ​ខ្មែរ​ប្រឹងប្រែង​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ដើម្បី​កុំឱ្យ​ខ្សែក្រវាត់​ជើងឯក​បាន​ទៅ​លើ​កីឡាករ​ថៃ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ការ​ប្រកួត​កាលពី​៣​លើក​មុន គឺ​កីឡាករ​ថៃ​ប្រមូល​ទាំង​ខ្សែក្រវាត់ និង​ប្រាក់​លាន​ទៅ​អស់​ចំនួន​២​លើក​។

លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អះអាង​ថា​ការ​ប្រដាល់​កន្លង​មក​បើ​ទោះជា​មានការ​ដាក់​ពិន័យ​យ៉ាងណា ក៏​នៅ​តែ​មាន​ករណី​ប្រកួត​មិន​អស់ដៃ​នៅ​លើ​សង្វៀន​កើតឡើង ។ អ៊ីចឹង​ហើយ​ទើប​លោក​ទទូច​ឱ្យ​សមាសភាព​ដែល​នឹង​ឡើង​ប្រកួត​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​ពិសេស​អ្នកមាន​ឈ្មោះ​ឡើង​ប្រកួត​គ្នា​នៅ​ថ្ងៃ​បើក​ឆាក​ទី​១៦ កញ្ញា នេះ ប្រឹងប្រែង​កែប្រែ​ទម្លាប់​អាក្រក់​ដែល​ធ្លាប់​កើតឡើង​ចំពោះ​កីឡាករ​ខ្លះ​ឱ្យ​អស់ ដើម្បី​ឱ្យ​វិស័យ​ប្រដាល់​មានការ​រីក​ចម្រើន​ពិត​ប្រាកដ។ លោក​មិន​ចង់​ឮ​ពាក្យ​គេ​ថា​កីឡាករ​ឡើង​រេញ​លក់ខ្លួន​ជា​ថ្មី​ទៀត​ទេ ហើយ​លោក​ក៏​នឹង​ជំរុញ​ឱ្យ​គណៈកម្មការ​ធ្វើការ​តាមដាន​ពី​ករណី​មិន​ប្រក្រតី​នេះ​ឱ្យ​បាន​ម៉ត់ចត់​ផង​ដែរ ។ លោក​ទទូច​ឱ្យ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ធ្វើការ​ឱ្យ​សុក្រឹត កុំ​លម្អៀង​ថា​នោះ​ជា​កីឡាករ​កម្ពុជា និង​ជា​កីឡាករ​ថៃ ដោយសារ​តែ​តាំងពី​វិស័យ​ប្រដាល់​រីក​ចម្រើន អ្នក​គាំទ្រ​ភាគ​ច្រើន​ក៏​ចេះ​វិនិច្ឆ័យ​ពី​របៀប​ផ្ដល់​ពិន្ទុ​ដែល​មិន​ចេះ​តែ​ធ្វើ​ប៉ាតណាប៉ាតណី​ដូច​មុន​ទេ ។ យ៉ាងណាមិញ លោក​ថា ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ មិន​ធ្លាប់​មាន​បញ្ហា​កើតឡើង​ទេ គឺ​មាន​តែ​ស្ថាន​ភាពល្អ​ប្រសើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​លោក​យល់​ថា ការ​ប្រកួត​ដែល​នឹង​បើក​ឆាក​នៅ​ថ្ងៃ​សៅរ៍​នេះ ក៏​នឹង​រឹតតែ​ល្អ​ជាង​មុន​ទៅ​ទៀត​៕