ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ឈាន​ទៅ​កាត់​បន្ថយ​បញ្ហា​ក្នុង​វិស័យ​ម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​និង​កំពុង​ឈាន​ទៅ​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ម្រេច តាម​រយៈ​ការ​រៀបចំ​ផែនការ និង​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​និង​កំពុង​ឈាន​ទៅ​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ម្រេច តាម​រយៈ​ការ​រៀបចំ​ផែនការ និង​ការ​ចងក្រង​នូវ​គំរូ​សៀវភៅ​បន្ទុក (​បច្ចេកទេស​ដាំ​ដុះ​ម្រេច​) ខណៈ​វិស័យ​មួយ​នេះ​កំពុង​រង​ផល​ប៉ះពាល់ ដែល​មិន​អាច​ឱ្យ​កសិករ​រក​ប្រាក់​ចំណេញ​បាន និង​បារម្ភ​ចំពោះ​ទីផ្សារ​ថែម​ទៀត ។

ក្នុង​កិច្ចប្រជុំ​រៀបចំ​គំរូ​សៀវភៅ​បន្ទុក (​បច្ចេកទេស​ដាំ​ដុះ​ម្រេច​) កាលពី​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម លោក លី ពុ​ទ្ធី កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ឱ្យ​ដឹង​ថា ៖« តម្លៃ​ម្រេច​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង ដែល​ធ្វើ​ឱ្យ​យើង​ព្រួយបារម្ភ​ខ្លាំង ។ នៅ​ពេល​អនាគត បើ​យើង​មាន​ច្រកចេញ​បាន​តិច យើង​នឹង​បរាជ័យ ប៉ុន្តែ​នៅ​ពេល​យើង​ធ្វើ​សៀវភៅ​បន្ទុក ឬ​បច្ចេកទេស​ដាំ​ម្រេច​បាន​ល្អ​នោះ ផលិតផល​ដែល​ផលិត វា​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​ហើយ​សង្ឃឹមថា តម្លៃ​ម្រេច​អាច​នឹង​បាន​ថ្លៃ » ។

បើ​តាម​កសិករ​ដាំ​ម្រេច​នៅ​ខេត្តមណ្ឌលគិរី លោក ផា​ន់ វុ​ឌ្ឍ​ទ្ធី បានឱ្យ​ដឹង​ដែរ​ថា បើ​ទីផ្សារ​ម្រេច​នៅ​តែ​របៀប​ដូច​សព្វ​ថ្ងៃនេះ សម្រាប់​កសិករ​លក់​ម្រេច គឺ​ចំណេញ​តិច ។

អីចឹង ដំណាំ​នេះ​អាច​នឹង​ថយ​ចុះ​ទៅ​វិញ កាលណា​កសិករ​ទទួល​បាន​ចំណេញ​តិច ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម ព្រោះ​តម្រូវការ​នៅ​លើ​ទីផ្សារ​ហាក់ដូចជា​មាន​ដែន​កំណត់ ។

កសិករ​រូប​នេះ​បន្ត​ថា ៖« ការ​រៀបចំ​ឱ្យ​មាននូវ​សៀវភៅ​បន្ទុក​ម្រេច គឺ​បាន​ជួយ​ពង្រឹង​បច្ចេកទេស បង្ហាញផ្លូវ​អ្នក​ថ្មី ឬ​អ្នក​បាន​អនុវត្ត​ហើយ ឱ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ ។ ខ្ញុំ​សង្ឃឹមថា នៅ​ពេល​យើង​រៀបចំ​បាន​ស្តង់ដា កសិករ​យល់​ដឹង​ពី​ការ​ដាំ​ដុះ​នោះ តម្លៃ​ម្រេច​អាច​នឹង​ទទួលយក​បាន » ។

ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នក​រៀបចំ​ចងក្រង​សៀវភៅ​បន្ទុក​ម្រេច​កម្ពុជា បានឱ្យ​ដឹង​ថា ការ​រៀបចំ​សៀវភៅ​នេះ ដើម្បី​អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ម្រេច​នា​ពេល​ខាង​មុខ ហើយ​កសិករ​ត្រូវ​តែ​ចូលរួម​អនុវត្ត​តាម​សៀវភៅ​ដែល​ក្រសួង ក៏​ដូច​ជា​ដៃគូ​ពាក់ព័ន្ធ​ចងក្រង​ឡើង ដែល​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០១៩ ឬ​២០២០​នឹង​ចាប់ផ្តើម​ឃើញ​លទ្ធផល ។

លោក វ៉ា រុត​សាន មាន​ប្រសាសន៍​ថា ក្នុង​ចន្លោះ​ពេល​ដាក់​ឱ្យ​អនុវត្ត​សៀវភៅ​បន្ទុក​នេះ នៅ​គ្រា​បន្ទាប់ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជំរុញ​ឱ្យ​នៅ​តាម​មូលដ្ឋាន​បង្កើត​ជា​សមាគម ឬ​សហគមន៍​ម្រេច ហើយនឹង​យក​សៀវភៅ​នេះ​ទៅ​ជូន​កសិករ ដែល​ចង់​អនុវត្ត​តាម​ការ​ដាំ​ដុះ​បែប​សរីរាង្គ​នេះ  ។

លោក​បន្ត​ថា ៖« យើង​នឹង​ចាប់ផ្តើម​កាត់​បន្ថយ​បញ្ហា​នានា​សម្រាប់​ផលិតករ​ដាំ​ម្រេច​ជា​បណ្តើរ​ៗ ប៉ុន្តែ​បើ​យើង​រៀបចំ​ផែនការ​ហើយ កសិករ​មិន​ព្រម​ធ្វើ​តាម ក៏​មិន​អាច​ទៅ​រួច​ដែរ ហើយ​បើ​កសិករ​យល់​ថា ការ​រៀបចំ​នេះ​អាច​ជួយ​ឱ្យ​ផលិតផល​លក់​បាន​ថ្លៃ​នោះ ពួក​គេ​នឹង​ចូលរួម ។ បញ្ហា​នេះ​នៅ​ឆ្នាំ​២០១៩ ឬ​២០២០ ទើប​ចាប់ផ្តើម​មើលឃើញ​លទ្ធផល​ដូច​ម្រេច​កំពត​អីចឹង » ។

លោក​បញ្ជាក់​ថា ៖« ខ្ញុំ​ជឿ​ថា នៅ​ឆ្នាំ​២០១៩ ឬ​២០២០ ច្បាស់​ណាស់​ថា ម្រេច​សមូហភាព​ដែល​ផលិត​តាម​បែប​អនុវត្ត​កសិកម្ម​ល្អ ឬ​ម្រេច​សរីរាង្គ​នេះ តម្លៃនឹង​ល្អ​ជាង​ពេល​មុន​ៗ ហើយ​អតិថិជន​ក៏​ចាប់អារម្មណ៍​ផង​ដែរ ។ ការ​រៀបចំ​នេះ​ជា​ការ​ដោះ​ទ័ល និង​ធ្វើ​ឱ្យ​តម្លៃ​ម្រេច​មាន​និរន្តរភាព ខណៈ​ផលិតផល​ម្រេច​នៅ​លើ​ពិភពលោក​កំពុង​លើស​តម្រូវការ តែ​យើង​ត្រូវ​ចេះ​បំ​លែង​ទៅ​ជា​ម្រេច​ពិសេស ដែល​គេ​ទុកចិត្ត និង​មានគុណ​ភាពល្អ នោះ​ម្រេច​កម្ពុជា​នឹង​រក្សា​បាន​តម្លៃ​ប្រសើរ » ៕