ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​នាវា​វាយលុក​ជាមួយ​យន្តហោះ F-35B ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ថែម​ទាំង​ចង់​…

6 ឆ្នាំ មុន

សហរដ្ឋ​អាមេ​រិ​ក​-​ប្រទេស​កូរ៉េ ៖ នាវា​វាយលុក AMPHIBIE អាមេ​រិ​ក USS WASP បាន​ចាក​ចេញពី​កំពង់​ផែ​សំចត​របស់​វា​នៅ​រដ្ឋ​វៀជី​នៀ​មក​កាន់ SASEBO ប្រទេស​ជប៉ុន

សហរដ្ឋ​អាមេ​រិ​ក​-​ប្រទេស​កូរ៉េ ៖ នាវា​វាយលុក AMPHIBIE អាមេ​រិ​ក USS WASP បាន​ចាក​ចេញពី​កំពង់​ផែ​សំចត​របស់​វា​នៅ​រដ្ឋ​វៀជី​នៀ​មក​កាន់ SASEBO ប្រទេស​ជប៉ុន ដែល​នៅ​ទីនោះ​នាវា​នេះ​ចូលរួម​ក្នុង​កង​នាវាចរណ៍​ទី​៧​អាមេ​រិ​ក ជាមួយ​វត្តមាន​របស់​បណ្តា​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ក្រោយ​គេ​បំផុត​ធុន F-35 ដើម្បី​ជា​ការ​បង្ហាញ​កម្លាំង​ចំពោះ​កូរ៉េ​ខាងជើង ។ វិទ្យុ KBS អាមេ​រិ​ក​រាយការណ៍​ថា នាវា USS WASP បាន​ចាក​ចេញពី​មូលដ្ឋាន​នាវាចរណ៍ NORFOLK រដ្ឋ​វៀជី​នៀកាល​ពី​ថ្ងៃ​ទី​៣០ សីហា ដើម្បី​មក​ជំនួស​នៅ​កំពង់​ផែ​ជប៉ុន SASEBO នាវា​ប្រភេទ​គ្នា​នេះ USS BONHOMME RICHARD ។ លើ​នាវា USS WASP មាន​យន្តហោះ​ប្រដេញ​ទំនើប​ធុន F-35B មួួ​យក​ង ដែល​ត្រូវ​ពង្រឹង​ដល់​កង​នាវាចរណ៍​ទី​៧​របស់​សហរដ្ឋ​អាម​រិ​ក​គ្រោង​សម្រាប់​លទ្ធភាព​នៃ​សកម្មភាព​យោធា​នៅ​ឧបទ្វីប​កូរ៉េ ។ យោង​តាម​មេបញ្ជាការ​របស់​នាវា USS WASP លោក ANDREW SIMTH ថា បណ្តា​យន្តហោះ F-35B នឹង​បង្កើន​សមត្ថភាព​វាយប្រហារ​ច្បាស់​របស់​កង​នាវាចរណ៍​ទី​៧ ។

លោក​បញ្ជាក់​ថា នាវា​នេះ​នឹង​រួមចំណែក​ដល់​ការ​ចូលរួម​របស់​អាមេ​រិ​ក​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​ស្ថិរភាព​សមុទ្រ​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា និង​ប៉ា​ស៊ី​ហ្វិ​ក ។ នាវា WASP ផ្ទុក​កង​ទី​២​នៃ​យន្តហោះ F-35 ក្នុង​តំបន់​។ កង​ទី​មួយ​មាន​យន្តហោះ​ធុន​នេះ​៨​គ្រឿង​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៧​មក ស្ថិត​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​របស់​កង​ម៉ា​រី​ន​នៅ​កោះ​អូ​គី​ណា​វ៉ា ។ យន្តហោះ​ធុន F-35B រហូត​ដល់​១០០​គ្រឿង ត្រូវ​ធ្វើការ​ហោះហើរ​នៅ​ជិត​ឧបទ្វីប​កូរ៉េ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​បាន​សម្រេច​ទិញ​យន្តហោះ​ប្រភេទ​នេះ​ជាង​៤០​គ្រឿង​ពី​ក្រុមហ៊ុន LOCKHEED MARTIN ។ យន្តហោះ​ធុន F-35B មាន​សមត្ថភាព​ហោះ​ឡើង​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ ហើយ​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​អាកាស​ដូច​បណ្តា​យន្តហោះ​ប្រដេញ​។ ចំណែក​ព្រឹទ្ធ​សមាជិក​អាមេ​រិ​ក លោក JOHN MCCAIN អំពាវនាវ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ឱ្យ​មានការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​អាមេ​រិ​ក​នៅ​ដែនដី​កូរ៉េ​ខាងត្បូង ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNN លោក MCCAIN ព្រឹទ្ធ​សមាជិក​រដ្ឋ​អា​រី​ហ្សូ​ណា និង​ជា​ប្រធាន​គណៈកម្មការ​កងទ័ព​របស់​ព្រឹទ្ធសភា​អាមេ​រិ​ក​និយាយ​ថា ខ្ញុំ​យល់​ថា ការ​ដាក់​ពង្រាយ​បែប​នេះ​ត្រូវ​គ្រោង​មក​ពី​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។ ចំពោះ​ពួក​អភិរក្សនិយម​នៃ​គណបក្សប្រឆាំង​កូរ៉េ​ខាងត្បូង​ក៏​ទាមទារ​ឱ្យ​មានការ​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​អាមេ​រិ​ក​ដែរ​តែ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី MOON JAE IN យល់​ថា ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។ សហរដ្ឋ​អាមេ​រិ​កបាន​ដក​អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក​ពី​ឧបទ្វីប​កូរ៉េ​កាលពីដើម​ទស​វត្ស​ឆ្នាំ​៩០ ។

យោង​តាម​លោក MCCAIN ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​ត្រូវ​និយាយ​យ៉ាង​ច្បាស់​ដែរ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​ថា ប្រសិនបើ​ខ្លួន​ធ្វើ​សកម្មភាព​បែប​ឈ្លានពាន​នោះ​នឹង​ត្រូវ​បង់​តម្លៃ​គឺ​ការ​កម្ទេច​ចោល ។ ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ថា សហរដ្ឋ​អាមេ​រិក​​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចុកចាប់​យ៉ាង​ធំធេង ប្រសិនបើ​ជំរុញ​ឱ្យ​មានទណ្ឌ​កម្ម អ​.​ស​.​ប កាន់តែ​ខ្លាំង​ថែម​ទៀត​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​ខ្លួន ។ រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ថ្លែង​ថា សហរដ្ឋ​អា​​មេ​រិ​ក​នឹង​ត្រូវ​បង់​តម្លៃ​ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន​​បន្ត​យុទ្ធនាការ​ឱ្យ​មានការ​អនុម័ត​ដំណោះស្រាយ​ដែល​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​។ បណ្តា​វិធានការ​ខាង​មុខ​ដែល​កូរ៉េ​ខាងជើង​ចាត់​នឹង​បង្ក​ឱ្យ​សហរដ្ឋ​អា​េ​ម​រិ​ករង​ការ​ឈឺចាប់​ដែល​ខ្លួន​ពុំ​ធ្លាប់​ជួប​ប្រទះ​ក្នុង​ប្រវត្តិសាស្ត្រ ។

គម្រោង​ទណ្ឌកម្ម​ខ្លាំង​អាមេ​រិ​ក​ត្រូវ​កែសម្រួល​គម្រោង​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ថ្មី​ស្នើ​ដោយ​សហរដ្ឋ​អាម​រិ​ក​ប្រឆាំង​កូរ៉េ​ខាងជើង ដែល​ត្រៀម​អនុម័ត​នា​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ត្រូវ​បាន​សម្រាល​ក្នុង​ឱកាស​នៃ​ការ​ចរចា​នៅ​ទីស្នាក់ការ អ​.​ស​.​ប ដើម្បី​ជំរុញ​ឱ្យ​រុ​ស្ស៊ី និង​ចិន ដែល​មាន​សិទ្ធិ​វេតូ​ទទួលយក​បាន ។ ប្រភព​ការទូត​រាយការណ៍​ថា គម្រោង​ដំណោះស្រាយ​នេះ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​បាន​សម្រាល​ក្នុង​គោលដៅ​ឱ្យ​រុ​ស្ស៊ី និង​ចិន ព្រម​អនុម័ត​ដែរ ។ ក្នុង​គម្រោង​ដំបូង​សហរដ្ឋ​អា​មេ​រិ​ក​គ្រោង​ឱ្យ​មានការ​ហ៊ុម​ព័ទ្ធ​ប្រេងកាត ផ្អាក​ការ​នាំ​ចេញ​វាយ​ន​ភណ្ឌ​កូរ៉េ​ខាងជើង និង​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ ព្រមទាំង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​របស់​លោក​គី​ម ជុង​អ៊ុ​ន​។ គម្រោង​កែប្រែ​ពុំ​ទាមទារ​ឱ្យ​ហ៊ុម​ព័ទ្ធ​លើ​ប្រេងកាត តែ​ផ្ទុយ​ទៅ​វិញ​ការ​នាំ​ចូល​ផលិតផល​ប្រេង​ចម្រាញ់​នឹង​កំណត់​ច្រើន​បំផុត​ត្រឹម​២​លាន​ធុង​ក្នុង​១​ឆ្នាំ ការ​នាំ​ចូល​ប្រេង​ឆៅ​នឹង​កំណត់​ត្រឹម​កម្រិត​បច្ចុប្បន្ន ។ ការ​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​ខាងជើង​នូវ​ឧស្ម័ន​ក៏​កម្រិត​ដែរ ។ យោង​តាម​តួលេខ​របស់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ថា ជាមួយ​ការ​នាំ​ចូល​ប្រេង​៥០០.០០០​តោន​ក្នុង​មួយ​ឆ្នាំ ចិន​ជា​អ្នក​ផ្តល់​ប្រេង​ឆៅ​ស្ទើរតែ​ទាំងស្រុង​ដល់​កូរ៉េ​ខាងជើង ។ កូរ៉េ​ខាងជើង​ក៏​នាំ​ចូល​ដែរ​ពី​ចិន​ផលិតផល​ប្រេង​ដល់​២០០.០០០​តោន​ក្នុង​១​ឆ្នាំ ។ ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​ទៅ​កាន់​កូរ៉េ​ខាងជើង​មាន​ប្រមាណ​ជា​៤០.០០០​តោន​ក្នុង​១​ឆ្នាំ ៕