ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​8​រូប​​កំពុង​តែ​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ បាន​ហួស​វ័យ​តំណាង​ឱ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ក្ដី​ក៏​កីឡាករ​-​កីឡាការិនី​ទាំងនោះ​នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​Super Stars​ប្រចាំ​ប្រភេទ​កីឡា​ដែល​ពួក​គេ​ធ្លាប់​តំណាង​រហូត​មក​ទល់​ពេល​នេះ ។

ភាសា​សាមញ្ញ​គឺ​ឱ្យ​តែ​និយាយ​ដល់​ប្រភេទ​កីឡា​ណាមួយ​នោះ គេ​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ដល់​កេរ្តិ៍ឈ្មោះ​របស់​Super Star​ទាំងនោះ​តែ​ម្ដង ដោយ​ក្នុង​សហព័ន្ធ​ដែល​ពួក​គេ​ជ្រកកោន​នៅ​តែ​រក​អ្នក​ជំនួស​តំណែង​មួយ​នេះ​មិន​ទាន់​បាន ។ ជាក់ស្ដែង Super Stars​កីឡា​៨​រូប​គឺ​សុទ្ធតែ​ល្បី​ក្នុង​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​ចំនួន​៧​ដោយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ពី​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​ដែល​បាន​ជួយ​ឱ្យ​ប្រភេទ​កីឡា​របស់​ពួក​គេ​មានការ​ចាប់អារម្មណ៍​មក​ទល់​ពេល​នេះ ។

– ស៊ន សៀវ​ម៉ី ៖ គឺជា Super Star តែ​ម្នាក់​គត់​របស់​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា ដោយ​នាង​បាន​ជួយ​ឱ្យ​សហព័ន្ធ​មួយ​នេះ​មានការ​ទទួលស្គាល់​មិន​ត្រឹមតែ​កេរ្តិ៍ឈ្មោះ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ លើ​ឆាក​អន្តរជាតិ​ក៏​ទទួលស្គាល់​ថា​នាង​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ​ផង​ដែរ ។ ជាក់ស្ដែង​ក្រោយ​ពី​ដណ្ដើម​បាន​មេដាយមាស​ពី​កីឡា​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤ កីឡាការិនី​រូប​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង ហើយ​ក៏​ជួយ​ឱ្យ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ខ្ទរខ្ទារ​កេរ្តិ៍ឈ្មោះ​ណាស់​ដែរ ដោយសារ​តែ​ស្នាដៃ​ដែល​នាង​ធ្វើ​បាន ។ ស្របគ្នា​ដែល​នាង​ទើបតែ​ទទួល​បាន​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មុន​នេះ​ផង ទើប​កាន់តែ​ធ្វើ​ឱ្យ​នាង​នៅ​តែ​ឈរជើង​ជា Super Star គ្មាន​គូ​ប្រៀប​សម្រាប់​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ បើ​ទោះជា​ក្នុង​ពេល​នេះ​ក៏​មាន​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​កំពុង​តែ​លេចធ្លោ​ប្រចាំ​សហព័ន្ធ​ក្ដី ។ នាង​ក៏​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា​ជា​កីឡាការិនី​តែ​ម្នាក់​គត់​ដែល​ទាក់ទាញ​ស្ប៉ត​ពាណិជ្ជកម្ម​បាន​ច្រើន​ជាងគេ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ក៏​ច្រើន​ជាងគេ​ដែរ តាម​រយៈ​ឱកាស​បាន​ក្លាយជា​អ្នកតំណាង​ដ៏​ល្បី​ក្នុង​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​នេះ​។

– ចាន់ វឌ្ឍនាកា ៖ បើ​និយាយ​ពី​កីឡាបាល់ទាត់​ស្ទើរតែ​មួយ​ផ្ទៃ​ប្រទេស​គឺ​នឹក​ដល់​ឈ្មោះ​កីឡាករ ចាន់ វឌ្ឍនាកា ភ្លាម ។ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​នេះ​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង ជា​ពិសេស​បន្ទាប់​ពី​លោក​បាន​ឈ្នះ​ពានរង្វាន់​លេចធ្លោ​ក្នុង​ក្រុម​ជម្រើសជាតិ​ផ្ទួន​ៗ ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​បាន​ក្រុមបាល់ទាត់​ល្បីឈ្មោះ​មួយ​របស់​ប្រទេស​ជប៉ុន​ទិញ​យក​ទៅ​លេង​នៅ​ក្នុង​ក្លិប​របស់​គេ​រយៈពេល​មួយ​ឆ្នាំ ដែល​នឹង​ដាច់​កុងត្រា​ឆ្នាំ​ទី​១​នៅ​ដើមឆ្នាំ​២០១៨ ។ លោក​គឺជា Super Star​បាល់ទាត់​កម្ពុជា​ដែល​មាន​ទាំង​ជាតិ និង​អន្តរជាតិ​ទទួលស្គាល់ ជា​ពិសេស​គឺ​សមត្ថភាព​បណ្ដើរ​បាល់ ចែក​បាល់ និង​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត ។ ក្នុង​នោះ​លោក​ក៏​រត់លឿន​មិន​ចាញ់​កីឡាករ​ល្អៗ​​របស់​បរទេស​ផង​ដែរ ទើប​សមត្ថភាព​របស់​លោក​ត្រូវ​គេ​ប្រៀបធៀប​ថា​ជា Messi របស់​កម្ពុជា​ទៅ​ទៀត ។

មក​ទល់​ពេល​នេះ ភាព​ល្បីល្បាញ​របស់​លោក​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​មហាជន​យ៉ាង​ខ្លាំង ហើយ​បើ​ទោះជា​ក្នុង​វិស័យ​បាល់ទាត់​មាន​កីឡាករ​ល្អ​ៗ​ច្រើន​លេចឡើង​ក៏​ក្នុង​វិស័យ​មួយ​នេះ កីឡាករ ចាន់ វឌ្ឍនាកា នៅ​តែ​ជាប់​ឈ្មោះ​ថា​ជា Super Star ដដែល​។ 

– កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ ៖ កាលពីមុន​នៅ​ក្នុង​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា មាន​តែ​អ្នកស្រី​កែ ឡេ​ង ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា Super Star បន្ទាប់​ពី​អ្នកស្រី​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់ ។ ប៉ុន្តែ​ឆ្លងកាត់​ការ​ចាប់ដៃ​គ្នា​លេង​ជា​គូ​ជាមួយ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ហើយ​ទទួល​បាន​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មដែល​ទើប​បញ្ចប់ ទើប​ធ្វើ​ឱ្យ Super Star នៅ​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ​ត្រូវ​គេ​បង្វែរ​ការ​ទទួលស្គាល់​ថា​មាន​២​នាក់ ដោយ​មិន​មាន​តែ​ម្នាក់​ដូច​មុន ។

មក​ទល់​ពេល​នេះ ឱ្យ​តែ​គេ​និយាយ​ដល់​កីឡា​ប៉េតង់ គឺ​គេ​នឹក​ដល់​កីឡាការិនី​ទាំង​២​រូប​នេះ​ភ្លាម ដោយ​អាច​និយាយ​បាន​ថា អ្នកស្រី កែ ឡេ​ង និង​អ្នកស្រី អ៊ុ​ក ស្រី​មុំ គឺជា​ដៃគូ​ដ៏​ខ្លាំង​នៅ​ក្នុង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ដែល​ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា​នៅ​គ្រប់ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​សម្រាប់​ប្រភេទ​កីឡា​នេះ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា Super Stars ទាំង​ពីរ​នឹង​បន្ត​ឈរជើង​នៅ​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ​បាន​រហូត​ដល់​ពេល​ណា​នោះ​ទេ ក្នុង​ពេល​ដែល​អ្នកស្រី​ក៏​មាន​វ័យ​ជ្រេ និង​ជា​កីឡាការិនី​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ចំណោម​Super Stars ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​នៅ​ក្នុង​សហព័ន្ធ​កីឡា​ល្បី​ៗ​។

– ឃុន ឌី​ម៉ា ៖ លោក​ទើបតែ​បាន​ក្លាយ​ខ្លួន​ជា Super Star នៅ​ក្នុង​ប្រភេទ​កីឡាប្រដាល់​សេរី​ក្រោយ​ឈ្នះ​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​មុន​នេះ​ប៉ុណ្ណោះ ខណៈ​ដែល​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ គេ​ហាក់​មិន​ទាន់​បែងចែក​ឱ្យ​ច្បាស់​ថា​អ្នក​ណា​ជា​តំណាង​ឱ្យ​កម្ពុជា​បាន​យូរ​ឆ្នាំ​នៅឡើយ ។ ឆ្នាំ​ខ្លះ​កីឡាករ​រូប​នេះ​ក៏​លោត​ខ្លាំង ឆ្នាំ​ខ្លះ​កីឡាករ​រូប​នោះ​ក៏​លោត​ខ្លាំង ទើប​គេ​ពិបាក​បែងចែក​ថា​អ្នក​ណា​ជា Super Star ពិតប្រាកដ​បើ​ធៀប​នឹង​សហព័ន្ធ​ល្បី​ៗ​ផ្សេង​ទៀត​ដែល​មាន​កីឡាករ និង​កីឡាការិនី​លោត​ខ្លាំង​តែ​ម្នាក់​ឬ​២​នាក់​ហើយ​ល្បីឈ្មោះ​ប្រចាំ​សហព័ន្ធ​បាន​យូរ​ឆ្នាំ ។ យ៉ាងណាមិញ បើ​គិត​ត្រឹម​រយៈពេល​នេះ គឺ​ឃុន ឌី​ម៉ា (​ឃឹម ឌី​ម៉ា​) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​លើក​មុខមាត់​កម្ពុជា​នៅ​ក្នុង​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ឬ​ប្រដាល់សេរី​ជា​បណ្ដោះអាសន្ន​សិន ដោយសារ​តែ​លោក​មាន​ទម្ងន់​ដណ្ដើម​បាន​មេដាយមាស​ស៊ី​ហ្គេ​ម​ឱ្យ​កម្ពុជា​ជា​ផ្លូវការ​ក្ដៅ​ៗ​។

– ហែម​ថុ​ន វិ​ទិ​នី ៖ នាង​គឺជា Super Star ក្នុង​វិស័យ​ហែល​ទឹកជា​យូរ​មក​ហើយ បើ​ទោះជា​នាង​មិន​ធ្លាប់​ទទួល​បាន​មេដាយមាស សូ​ម្បី​តែ​​ម្ដង​លើ​ឆាក​អន្តរជាតិ ។ នៅ​ក្នុង​សហព័ន្ធ​កីឡាហែលទឹក មានការ​ប្រកាស​ថា​មិន​មាន​កីឡាការិនី ឬ​កីឡាករ​ណាមួយ​ហែល​ទឹកបាន​ល្អ​ជាង​នាង​នោះ​ទេ ទើប​ឱ្យ​តែ​មានការ​បញ្ជូន​កីឡាករ​ឬ​កីឡាការិនី​ខាង​ផ្នែក​ហែល​ទឹក​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស គឺ​នាង​រមែង​បាន​ចេញ​ទៅ​តំណាង​មិន​ដែល​បាត់​មុខ ។ យ៉ាងណាមិញ នាង​ទទួល​បាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​នៅ​ក្នុងស្រុក​នាង​មាន​សមត្ថភាព​នាំមុខ​គេ ហើយ​រូប​សម្រស់​ក្នុង​ចំណោម​កីឡាការិនី​ក៏​លេចធ្លោ​។ ស្របគ្នា​ដែល​នាង​ក៏​មាន​ស្នេហា​ជាមួយ​កីឡាករ​ល្បីឈ្មោះ​គឺ​ចាន់ វឌ្ឍនាកា កាលពី​អតីតកាល និង​ចុង​ក្រោយ​ជាមួយ​កីឡាករ សំ​អឿ​ន ពិដោរ នោះ​ផង គឺ​រឹតតែ​ធ្វើ​ឱ្យ​នាង​ទទួល​បានការ​ចាប់អារម្មណ៍​ទ្វេ​ដង ។

– សម ថា​រ័​ត្ន ៖ នាង​ជា Super Star នៅ​ក្នុង​ប្រភេទ​កីឡា​ល្បុក្កតោ​ដែល​ជា​កីឡា​ប្រចាំ​ត្រកូល​របស់​កម្ពុជា ។ ទាំង​លើ​ឆាក​អន្តរជាតិ និង​នៅ​ក្នុងស្រុក នាង​ត្រូវ​គេ​ទទួល​ស្គាល់​​ថា ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ រហូត​ដល់​មានការ​ផ្ដល់​ឱកាស​ឱ្យ​នាង​បាន​ក្លាយជា​តួ​សម្ដែង​វាយតប់​ក្នុង​ខ្សែភាពយន្ត​យ៉ាង​លេចធ្លោ​ទៀត​ផង ។ មក​ទល់​ពេល​នេះ នាង​នៅ​តែ​កាន់​តំណែង​ជា Super Star ក្នុង​ប្រភេទ​កីឡា​ល្បុក្កតោ បើ​ទោះជា​កីឡា​មួយ​នេះ​ហាក់​មិនសូវ​មាន​សកម្មភាព​ខ្លាំងក្លា​ដូច​កាលពី​ចេញ​មុខ​ដំបូង​ៗ ដែល​ជា​រឿយ​ៗ​គឺ​ឧស្សាហ៍​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ប្រកួត ឬ​ទៅ​សម្ដែង​ក្បាច់គុន​នៅ​ក្រៅប្រទេស​នោះ​។

– ចូ​វ សុធា​រ៉ា ៖ មក​ទល់​ពេល​នេះ នាង​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ដែល​ត្រូវ​ជ្រើសតាំង​ដោយ​សហព័ន្ធ​ចំបាប់​មួយរ​យៈមក​ហើយ ដោយ​បាន​ប្ដូរ​តួនាទី​ធ្វើ​ជា​គ្រូបង្វឹក​ជំនួស​វិញ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ។ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​អ្នក​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​ជំនួស​តំណែង​លេចធ្លោ​របស់​នាង​បាន​នៅឡើយ​ទេ ទើប​ធ្វើ​ឱ្យ​ក្នុង​សហព័ន្ធ​មួយ​នេះ​គឺ​នាង​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​មិនធម្មតា ។ បើ​សំដៅ​ដល់​កីឡា​ផ្នែក​ចំបាប់​គេ​នឹកឃើញ​ភ្លាម​ដល់​ចូ​វ សុធា​រ៉ា ដោយសារ​តែ​នាង​រកបាន​មេដាយមាស​ច្រើន​គួរសម​នា​ពេល​កន្លង​មក​ទាំង​ការ​ប្រកួត​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

ក្រៅពី​ Super Stars ​កីឡា​ទាំង​៨​រូប​ក៏​មាន Super Stars​ប្រចាំ​សហព័ន្ធ​កីឡា​ផ្សេង​ទៀត​ផង​ដែរ​ដោយ​គ្រាន់តែ​Super Stars​ទាំងនោះ​មិន​ទាន់​មាន​ស្នាដៃ​ល្បីឈ្មោះ​ដែល​រុញ​ឱ្យ​មហាជន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ដូច​កីឡាករ​-​កីឡាការិនី​ដែល​បាន​រៀបរាប់​ខាងលើ ។ យ៉ាងណាមិញ មន្ត្រី​សហព័ន្ធ​កីឡា​ដែល​លេចធ្លោ​នីមួយ​ៗ​បាន​អះអាង​ថា ខ្លួន​នឹង​រក​អ្នក​បន្តវេន​ឱ្យ​កាន់តែ​ល្អ​ដើម្បី​ជំនួស​តំណែង​ឱ្យ Super Stars ខាងលើ ក្រោយ​ពេល​ដែល​អ្នក​ទាំង​៨​ក្លាយជា​ជើង​ខ្លាំង​ចូល​និវត្តន៍​នា​ពេល​អនាគត ៕