ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ចម្បង​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​អសកម្ម​រីក​ចម្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា ​(NOCC) បាន​មាន​ប្រសាសន៍​ថា

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា ​(NOCC) បាន​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ចម្បង​របស់​NOCC​ដើម្បី​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​អាច​ដំណើរការ​ទៅ​បាន​ថា ទាល់តែ​សហព័ន្ធ​នោះ​រៀបចំ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ឱ្យ​បាន​រួចរាល់​ជា​មុន​សិន បើ​មិន​ដូច្នោះ​ទេ​សហព័ន្ធ​នោះ​នឹង​អាច​ព្យួរ​មិន​ឱ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឡើយ ។

លោក វ៉ា​ត់ ចំរើន បាន​បន្ត​ថា សហព័ន្ធ​ណា​ដែល​មិន​ដំណើរការ ឬ​មិន​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខ​ផ្នែក​បច្ចេកទេស និង​មាន​បញ្ហា​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​ដូច​ជា​យូ​ដូ វូ​ស៊ូ និង​វ៉ូ​វី​ណា​ម​ជាដើម គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​តម្រង់​ទិស​ឱ្យ​រៀបចំ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ឡើង​វិញ​។

ដូច្នេះ​យើង​ត្រូវធ្វើ​ដំណើរ​តទៅ​ទៀត ដោយ​ឱ្យ​សហព័ន្ធ​ណា​ដែល​អសកម្ម​មិន​មានការ​រីក​ចម្រើន​ឬ​ធាក់​ថយក្រោយ​ត្រូវធ្វើ​កំណែទម្រង់​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ធ្វើ​យ៉ាង​ណា​ឱ្យ​មានការ​ឯកភាព​ផ្ទៃក្នុង​ជា​មុន​សិន​បើ​មិន​ធ្វើ​តាម​ទេ​សហព័ន្ធ​នោះ​នឹង​ត្រូវ​ព្យួរ​មិន​ឱ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទេ​។

បញ្ហា​ទាំង​អស់នេះ​ជា​យុទ្ធសាស្ត្រ​សា្ល​ប់រស់​របស់​កីឡា​ជាតិ​យើង មិន​អាចយ​កមក​លេងសើច​បាន​ឡើយ ។

លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មិន​បាន​បោះបង់​ចោល​សហព័ន្ធ​កីឡា​ណា​ដែល​អសកម្ម​ទេ ផ្ទុយ​ទៅ​វិញ យើង​មាន​តែ​ខិតខំ​ជំរុញ​សហព័ន្ធ​ទាំងនោះ​ឱ្យ​មាន​ដំណោះស្រាយ​ផ្ទៃក្នុង​របស់​ខ្លួន​រហូត​ទាល់តែ​អស់​លទ្ធភាព​មុន​នឹង​សម្រេច​ព្យួរ​សហព័ន្ធ​នោះ​ចោល ។ សព្វថ្ងៃ សហព័ន្ធ​មួយ​ចំនួន​សុទ្ធតែ​មាន​កញ្ចប់​ថវិកា​របស់​ខ្លួន​ត្រឹម​ត្រូវ ប៉ុន្តែ​កញ្ចប់​ថវិកា​ទាំងនេះ​មាន​តែ​សហព័ន្ធ​ដែល​មានការ​រីក​ចម្រើន មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ មានការ​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប៉ុណ្ណោះ ។ ជា​ពិសេស​សហព័ន្ធ​ដែល​មាននៅ​ក្នុង​គម្រោង​ផែនការមេ មានកា​រវិ​វ​ឌ្ឍ​ផ្នែក​បច្ចេកទេស មាន​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ច្បាស់​លាស់​។

ដោយឡែក​សហព័ន្ធ​មួយ​ចំនួន​ដែល​មិន​ទាន់​មានកា​រវិ​វ​ឌ្ឍ​ផ្នែក​បច្ចេកទេស ទាល់តែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ឱ្យ​បាន​រួចរាល់ មាន​សកម្មភាព​ហ្វឹកហាត់​ច្បាស់លាស់ ត្រឹមត្រូវ ធ្វើ​ទៅ​តាម​កំណែទម្រង់​ក៏​អាច​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដូច​គេឯង​ដែរ ។ កញ្ចប់​ថវិកា​ទាំងនេះ​បាន​តែ​សហព័ន្ធ​ណា​ដែល​មាន​សក្ដានុពល​ស្ថិត​នៅ​ក្នុង​ផែនការមេ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​តែ​ប៉ុណ្ណោះ ។ លោក​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​យើង​មាន​គម្រោង​រួច​ហើយ ត្រូវ​មាន​សហព័ន្ធ​កីឡា​ជាតិ​ចាប់ពី​៣០​ទៅ​៣៥​ប្រភេទ​កីឡា​ដែល​សុទ្ធសឹងតែ​ជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល ។

ប៉ុន្តែ​បើ​ដល់​ពេល​នោះ សហព័ន្ធ​ណា​ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ កម្រិត​បច្ចេកទេស​អត្ត​ព​លិ​ក​នៅ​មាន​កម្រិត គឺ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ទេ​បើ​ទោះជា​ដល់​ពេល​នោះ​នៅ​សល់​ប៉ុន្មាន​គឺ​ធ្វើ​ប៉ុន​ហ្នឹង​កុំឱ្យ​មាន​ច្រើន​ប្រភេទ​កីឡា​តែ​ឥតប្រយោជន៍ ។ លោក​សង្កត់ធ្ងន់​ថា ចាប់ពី​ពេល​នេះ​ទៅ គឺជា​ពេលវេលា​នៃ​ការ​ធ្វើ​កំណែទម្រង់​ហើយ ដូច្នេះ​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​មិន​អាច​ព្រងើយកន្តើយ​បាន​ទៀត​ឡើយ ៕