ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ចាស់​ៗ​រួម​គ្នា​សម្តែងល្ខោន​បុរាណ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ​សិល្បៈ​បុរាណ​ជា​ច្រើន​នាក់​នឹង​រួម​គ្នា​សម្តែង​ល្ខោន​បុរាណ​រឿង

រាជធានី​ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ​សិល្បៈ​បុរាណ​ជា​ច្រើន​នាក់​នឹង​រួម​គ្នា​សម្តែង​ល្ខោន​បុរាណ​រឿង​«​មហា​វេស្សន្ដរជាតក​» ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​ចតុម្មុខ​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៧ និង​៣០​នាទី​យប់ ។

គោលបំណង​នៃ​ការ​សម្តែង​នោះ គឺ​ចង់​បង្ហាញ​ពី​ស្នាដៃ​សម្តែង​របស់​លោកគ្រូ​អ្នកសិល្បៈ​ចាស់​ៗ​ដែល​ពួក​គាត់​នៅ​តែ​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង ហើយ​ជា​ពិសេស​ជាង​នេះ​គឺ​ចង់ឱ្យ​មហាជន​ចូលរួម​ថែរក្សា​តម្លៃ​សិល្បៈ​មនុស្ស​រស់ ។

អ្នកដឹកនាំ​ក្រុម​សម្ដែង​រឿង​«​មហា​វេស្សន្ដរជាតក​» លោក​ព្រឿ​ង ឈៀង ឱ្យ​ដឹង​ថា មុន​ពេល​យើង​សម្តែង​ជា​ផ្លូវការ​រឿង មហា​វេស្សន្ដរជាតក យើង​បាន​បួងសួង​នៅ​ប្រាសាទ​ព្រះ​កែវ​មរកត ដើម្បី​សុំ​ពរ​ជ័យ​សិរី​សួស្ដី​ដល់​ក្រុម​សិល្បករ​ទាំងអស់ ។ គោលបំណង​សំខាន់​នៃ​ការ​បួងសួង​នេះ គឺ​សុំ​ឱ្យ​ថ្ងៃ​សម្ដែង​រឿង​មហា​វេស្សន្ដរជាតក​បាន​ទទួល​ជោគ​ជ័យ និង​សុំ​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​គាំទ្រ និង​លើក​ស្ទួយ​សិល្បៈ វប្បធម៌​របស់​ជាតិ ។

លោកគ្រូ​យិ​ន យ៉ា​ន អតីត​គ្រូបង្ហាត់​ល្ខោន និង​កំណាព្យ​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​បញ្ជាក់​ថា «​វា​ជា​ការ​លំបាក​មួយ​ដែរ​សម្រាប់​គ្រូ ចាស់​ៗ​ដែល​ចូលរួម​សម្តែង ដោយ​ពួក​គាត់​បាក់​ស្រុត​កម្លាំង​ច្រើន ប៉ុន្តែ​ព្យាយាម​ហាត់​ពុត​លត់​ដុំ​ទាំង​កាយវិការ និង​សំឡេង​ដើម្បី​បម្រើ​សិល្បៈ​បុរាណ និង​ការ​បញ្ចូល​កំណាព្យ ក្នុង​ន័យ​ឱ្យ​សុក្រឹត​នៅ​ក្នុង​សាច់​រឿង​មួយ​នេះ​» ។

អ្នកគ្រូ​ប៉ែន សុខ​ជា សិល្ប​ការិនី​បុរាណ​និង​ជា​អ្នកចូលរួម​សម្តែង​ផង​នោះ​បញ្ជាក់​ថា «​ជា​ការណ៍​ពិត​កម្លាំង​យើង​កាន់តែ​ខ្សោយ ជា​ពិសេស​បញ្ហា​ជង្គង់ ប៉ុន្តែ​យើង​នៅ​តែ​មាន​ទឹកចិត្ត​ខំប្រឹង​ប្រែង​ឱ្យ​បាន​ជោគជ័យ ហើយ​ឱ្យ​ដំណើរការ​នៃ​ការ​រៀបចំ​នេះ​បាន​រលូន ។

កម្លាំងកាយ​គឺ​ទន់​ច្រើន តែ​យើង​មាន​កម្លាំងចិត្ត ហើយ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​សម្តែង​នៅ​លើ​ឆាក​ជា​ថ្មី បើ​ទោះបីជា​ពេល​នេះ​យើង​មាន​វ័យ​កាន់តែ​ចាស់​ក៏​ដោយ​» ។
លោក​អន ឈា​ហេង ទីប្រឹក្សា​ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈ​អះអាង​ថា «​ខ្ញុំ​ជា​អ្នកសិល្បៈ​ដែល​បាន​បូជា​ដល់​សិល្បៈ ដូច្នេះ​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​សិល្បៈ​ខ្មែរ​រីក​ចម្រើន ហើយ​សង្ឃឹមថា បើ​បងប្អូន​យើង​ទាំងអស់​ពេញចិត្ត និង​គាំទ្រ​ស្នាដៃ​សិល្បៈ​ដូនតា​យើង​នា​ពេល​នេះ មាន​ន័យ​ថា ក្នុង​នាម​ខ្ញុំ​ជា​អ្នកសិល្បៈ​មួយ​រូប​នេះ​ពិតជា​អស់ចិត្ត ហើយ​លាចាក​លោក​ទៅ​ដោយ​គ្មាន​ស្តាយស្រណោះ​ឡើយ ដោយសារ​យើង​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​» ។

ល្ខោន​បុរាណ​រឿង មហា​វេស្សន្តរជាតក នឹង​សម្តែង​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទស្សនា​ដំបូង​នៅ​ថ្ងៃ​ទី​៩ ខែសីហា មុន​នឹង​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​នៅ​សាល​សន្និ​សីទ​ចតុម្មុខ​ពី​ថ្ងៃ​ទី​១០ ទី​១១ និង​ទី​១២ កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៧ និង​៣០​យប់ ។ តម្លៃ​សំបុត្រ​១០​ម៉ឺន​រៀល​, ៦​ម៉ឺន​រៀល និង​៤​ម៉ឺន​រៀល មាន​លក់​នៅ​សាលសន្និសីទ​ចតុម្មុខ ៕