ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​នានា​ទាក់ទិន​បទ​ចម្រៀង​និពន្ធ​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បណ្តា​ផលិតកម្ម​ចម្រៀង​ក្នុងស្រុក​ស្ទើរ​ទាំងអស់​យក

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បណ្តា​ផលិតកម្ម​ចម្រៀង​ក្នុងស្រុក​ស្ទើរ​ទាំងអស់​យកចិត្តទុកដាក់​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​ពី​បរទេស ក្នុង​ពេល​ដែល​បទ​ចម្លង​ពី​បរទេស​រង​ការ​រិះគន់​ខ្លាំង​ពី​ទស្សនិកជន ។

ការ​ផលិត​បទ​ថ្មី​របស់​ផលិតកម្ម​មួយ​ចំនួន​មានការ​គាំទ្រ​ពី​អ្នក​ស្តាប់ ប៉ុន្តែ​ក៏​មាន​បទ​ខ្លះ​មិន​ជោគជ័យ​តាម​ការ​ចង់បាន​របស់​អ្នកនិពន្ធ​ផង​ដែរ ។ ករណី​មិន​ទទួល​ជោគជ័យ​ត្រូវ​យុវវ័យ​មួយ​ចំនួន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​តាក់តែង​ជា​បទ​ភ្លេង និង​ទំនុកច្រៀង​ខ្លះ ហាក់​មិន​ស៊ីសង្វាក់​គ្នា ហើយ​កត្តា​មួយទៀត​អ្នកនិពន្ធ​តែងតែ​បញ្ចូល​ជា​ចង្វាក់​រ៉េ​ប​ស្តាប់​មិន​ចូល ។

អ្នក​ជួសជុល​ទូរស័ព្ទ​យុវជន​វណ្ណៈ លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គេ​មិនសូវ​ចូល​ចិត្ត​បទ​សម័យនេះ​ទេ ពោល​នៅ​តែ​ចូល​ចិត្ត​ដដែល​ទៅ​លើ​បទ​ចម្រៀង​ពី​ដើម ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​មាន​ចំណាប់អារម្មណ៍​ស្តាប់​បទ​សម័យនេះ​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​គេ​មិនសូវ​ចាប់អារម្មណ៍​ថា​វា​ជា​បទ​ចម្លង​ពី​គេ ឬ​បទ​ថ្មី​ស្នាដៃ​ខ្មែរ​ទេ សំខាន់​ស្តាប់​ទៅ​ពីរោះ ។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មក​ក៏​ចាប់អារម្មណ៍ ហើយ​លោក​ធ្លាប់​ស្តាប់​បទ​ចម្រៀង​បែប​នោះ​មួយ​ចំនួន​ដែរ ។

ពេល​ខ្លះ​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន​លោក​វណ្ណៈ ស្តាប់​ទៅ​ហាក់​មិនសូវ​ជា​ចូល​ត្រចៀក​ហើយ​បញ្ចូល​ជា​ទំនុកច្រៀង​បែប​រ៉េ​ប​ទៀត​នោះ​រឹតតែ​ពិបាក​ស្តាប់ តែ​លោក​ទទួលស្គាល់​ថា មាន​បទ​ចម្រៀង​មួយ​ចំនួន​ពីរោះ និង​បែប​មនោសញ្ចេតនា ដែល​ចំណុច​នេះ​គឺជា​អ្វី​ដែល​លោក​ចូល​ចិត្ត ។

កម្មករ​សំណង់​យុវជន​ម៉ូ លើក​ឡើង​ថា គេ​ចូល​ចិត្ត​បទ​ចម្រៀង​បែប​យុវវ័យ​ខ្លាំង បើ​ទោះបីជា​បទ​នោះ​ចម្លង ឬ​ជា​បទ​និពន្ធ​ថ្មី​របស់​អ្នកនិពន្ធ​ខ្មែរ​ក៏​ដោយ ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​ចាប់អារម្មណ៍​ពី​ការ​ផលិត​បទ​ចម្រៀង​ថ្មី​របស់​បណ្តា​ផលិតកម្ម ផ្សេង​ៗ ហើយ​បទ​ទាំងនោះ​រូបគេ​ចូល​ចិត្ត ។ ជាក់ស្តែង​ដូច​ជា​បទ «​ទីបំផុត​» របស់​លោក​ហេង ពិ​ទូ និង​បទ «​សុំ​ទោស​» របស់​លោក​សៅ ឧត្តម និង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត ពេល​ស្តាប់​ធ្វើ​ឱ្យ​មាន​ភាព​អណ្តែតអណ្តូង​ទៅ​តាម​បទ​ចម្រៀង ។

យុវជន​ម៉ូ លើកទឹកចិត្ត​ឱ្យ​មានការ​និពន្ធ​បទ​ចម្រៀង​ថ្មី​បន្ត​ទៀត ពិសេស​បញ្ចូល​បទ​មនោសញ្ចេតនា​ឱ្យ​បាន​ច្រើន ព្រោះ​ទាំង​រូបគេ និង​យុវវ័យ​ជា​ច្រើន​ចូល​ចិត្ត​បទ​បែប​នោះ។

ជា​មន្ត្រី​ធ្វើការ​នៅ​ក្រសួង​រដ្ឋ​មួយ​លោក វិចិត្រ លើក​ឡើង​ថា បច្ចុប្បន្ន​បទ​ចម្រៀង​ថ្មី​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ មិន​ថា​តែ​រូប​លោក​ទេ ។ កន្លង​មក​បទ​ចម្រៀង​ខ្មែរ​ភាគច្រើន​ចម្លង​បទ​ភ្លេង​ពី​បរទេស​ដោយ​មិន​ផលិត​ដោយ​ខ្លួនឯង​ទេ ដោយសារ​តម្រូវ​តាម​ទីផ្សារ​អ្នក​ស្តាប់ ។ លុះ​ក្រោយមក​ដោយសារ​មានការ​រិះគន់​ខ្លាំង​ទើប​បណ្តា​ផលិតកម្ម​នានា​ងាក​មក​ផលិត​បទ​ចម្រៀង​ថ្មី ហើយ​ទទួល​បាន​ជោគជ័យ​មិន​ចាញ់​បទ​ចម្លង​ពី​បរទេស ។

លោក​វិចិត្រ និយាយ​ថា «​ខ្ញុំ​ជឿ​ថា​កូន​ខ្មែរ​ពិតជា​មាន​ស្នាដៃ​ក្នុង​តាក់តែង​និពន្ធ​ដោយ​ខ្លួនឯង តាម​លំនាំ​ដែល​អ្នកនិពន្ធ​ជើង​ចាស់​ធ្លាប់​ធ្វើ​ពី​មុន​មក ហើយ​បទ​ចម្រៀង​ទាំងនោះ​ខ្លះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ស្តាប់ ដោយសារ​អ្នកនិពន្ធ​ចេះ​ជ្រើសរើស​សាច់ភ្លេង និង​ទំនុកច្រៀង​ចាក់​ដោត​ដល់​បេះដូង​យុវវ័យ ។

ខ្ញុំ​សូម​ស្នើ​ឱ្យ​បណ្តា​ផលិតកម្ម​ក្នុងស្រុក​នានា​បន្ត​ធ្វើ​បទ​ចម្រៀង​និពន្ធ​ដោយ​ខ្លួនឯង​នេះ​បន្ត​ទៀត បើ​ទោះបីជា​ពេល​ខ្លះ​វា​មានការ​ពិបាក​បន្តិច​យ៉ាងណា​ក៏​ដោយ »​។

ប្រធាន​ផ្នែក​លក់​របស់​ផលិតកម្ម​ថោ​ន​លោក នួន វិចិត្រ អះអាង​ថា តាម​ការ​សង្កេត​បទ​និពន្ធ​ថ្មី​មានការ​គាំទ្រ​ច្រើន​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ជាង​បទ​ចម្លង​ពី​គេ ។ កន្លង​មក​ផលិតកម្ម ថោ​ន បាន​ផលិត​បទ​ថ្មី​ជា​បន្តបន្ទាប់ ពោល​មិនមែន​ទើបតែ​ផលិត​ក្នុង​ពេល ថ្មី​ៗ​នេះ​ទេ ។

លោក​នួន វិចិត្រ បញ្ជាក់​ថា «​កម្រិត​នៃ​ការ​ល្អ​ក៏​មាន​សភាព​ល្អ​ប្រសើរ​ផង​ដែរ តួយ៉ាង​កាលពី​ពេល ថ្មី​ៗ​នេះ​ផលិតកម្ម​ថោ​ន​បាន​ទទួល​ជោគជ័យ​ទៅ​លើ​បទ «​មេឃ​កំពុង​ភ្លៀងហើយ​» ច្រៀង​ដោយ​មាស សុខ​សោភា​» ។

បើ​តាម​លោក​នួន វិចិត្រ ការ​ផលិត​បទ​ថ្មី​ពិបាក​ព្រោះ​ត្រូវការ​ធនធាន​ច្រើន ជាមួយនឹង​អ្នក​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍ ព្រោះ​មិនមែន​ចេះ​តែ​ធ្វើ​ឱ្យ​រួចពីដៃ​ទេ ។ លោក​វិចិត្រ បញ្ជាក់​ថា «​ការ​ធ្វើ​បទ​Original Song គឺ​ត្រូវ​ទាមទារ​ឱ្យ​អ្នកនិពន្ធ​គិត​ច្រើន​ជាង​បទ​ដែល​ចម្លង​ពី​គេ ហើយ​មួយ​ខែ​គឺ​យើង​ធ្វើ​បាន​តែ​២​ទៅ​៣​បទ​ប៉ុណ្ណោះ​» ។

លោក​នួន វិចិត្រ ស្នើ​ឱ្យ​ទស្សនិកជន​បន្ត​គាំទ្រ និង​លើកទឹកចិត្ត​ការ​ផលិត​បទ​ចម្រៀង​និពន្ធ​ថ្មី ។ លើស​ពី​នេះ​សូម​ទិញ​ស៊ី​ឌី​Original កុំ​ទិញ​CD Copy ធ្វើ​ឱ្យ​ផលិតកម្ម​ខាត​បង់ និង​បាក់ទឹកចិត្ត​ក្នុង​ការ​ផលិត​បទ​ថ្មី​ៗ ៕