វត្តមានកីឡាករវ័យក្មេងធ្វើឱ្យសង្វៀនកក្រើកមិនធម្មតា
រាជធានីភ្នំពេញ ៖ មិនខុសពីការគ្រោងទុកព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានជើងឯករដូវកាលថ្មី ពិតជា
រាជធានីភ្នំពេញ ៖ មិនខុសពីការគ្រោងទុកព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានជើងឯករដូវកាលថ្មី ពិតជា
រាជធានីភ្នំពេញ ៖ មិនខុសពីការគ្រោងទុកព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានជើងឯករដូវកាលថ្មីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលបានធ្វើឡើងនៅព្រែកកំពិស កាលពីថ្ងៃទី២ កញ្ញា ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យប្រដាល់ដោយសារសមាសភាពគូប្រកួតដណ្ដើមពានទាំង៤រូប និងគូអន្តរជាតិសុទ្ធតែល្អ ហើយអ្វីដែលពិសេសបំផុតនោះគឺវត្តមានកីឡាករវ័យក្មេង២រូបបានធ្វើឱ្យសង្វៀនទាំងមូលកក្រើកមិនធម្មតាតាមរយៈការបញ្ចេញក្បាច់គុនវាយគ្នាទៅវិញទៅមកគួរឱ្យសរសើរ ។ ការបង្ហាញខ្លួនរបស់ពួកគេនៅលើសង្វៀនបានធ្វើឱ្យមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធ និងអ្នកទស្សនាផ្ទាល់ពេញចិត្តស្រែកហ៊ោកញ្ជ្រៀវឡើងកងរំពងពេញសង្វៀននាពេលនោះផង ។
វត្តមានរបស់កីឡាករវ័យក្មេងនោះ ត្រូវបានប្រកាសថាគឺជាសិស្សសំណព្វចិត្តរបស់លោកថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅកម្ពុជារាល់លើក និងអតីតកីឡាករកម្ពុជាល្បីឈ្មោះ២រូបគឺលោក បឺត ខាំ និងបឺត សំខាន់ ជាបងប្អូនបង្កើតនឹងគ្នា ។ មានការដឹងឮរួចហើយថា លោកថៃ អ៊ូ ក្រៅពីមាននាទីដឹកនាំកីឡាករថៃឱ្យមកប្រកួតអន្តរជាតិនៅគ្រប់សង្វៀនកម្ពុជាជាពិសេសសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ និងប៉ុស្ដិ៍លេខ៥ ទើបគេមិនភ្ញាក់ផ្អើលប៉ុន្មានទេពេលមានការប្រកាសថា លោកបញ្ជូនកូនសិស្សឡើងរេញ ប៉ុន្តែគេចាប់អារម្មណ៍កូនសិស្សដែលលោកបញ្ជូនមកលើកនេះមានវ័យទើបតែ១០ឆ្នាំ ហើយវាយបានល្អ និងមានបទពិសោធន៍ប្រកួតមិនធម្មតាជាមួយកីឡាករថៃនៅតាមព្រំដែន ។ តាមការប្រកាស លោកមានក្លិបមួយឈ្មោះថា ក្លិបប្រដាល់ក្រុងប៉ោយប៉ែតដោយទទួលកូនសិស្សកម្ពុជាឱ្យចូលហ្វឹកហាត់ជាច្រើនតាំងពីវ័យក្មេងរហូតដល់ពេញវ័យខណៈសិស្សរបស់លោកមិនត្រឹមតែទទួលបានឱកាសឡើងប្រកួតលើសង្វៀនក្នុងស្រុកនោះទេ ប៉ុន្តែក៏ចេញប្រកួតតាមវត្តនៅតាមព្រំដែនជាមួយថៃ និងក្នុងប្រទេសថៃផងដែរ ។
ចំណែកកីឡាករវ័យក្មេងមួយរូបទៀត គឺជាកូនសិស្សរបស់អតីតកីឡាករបឺត ខាំ និងបឺត សំខាន់ ដោយកីឡាករវ័យក្មេងម្នាក់នោះក៏មានថ្វីដៃមិនធម្មតាដែរ បើទោះជាមិនមានប្រវត្តិប្រកួតច្រើនដងដូចកូនសិស្សរបស់លោក ថៃ អ៊ូ ក្ដី ។ កីឡាករបង្គោលក្រហមត្រូវបានប្រកាសថាឈ្មោះ ចាំ សិលា ជាកូនសិស្សរបស់លោក ថៃ អ៊ូ វ័យ១០ឆ្នាំ និងធ្លាប់ប្រកួតរហូតដល់៣៦ដង ។
កីឡាករបង្គោលខៀវត្រូវបានប្រកាសថា ឈ្មោះ ខាំ សាការី វ័យ១០ឆ្នាំដូចគ្នា ជាសិស្សប្រចាំក្លិបរ៉ាហាប់ស្វាយប៉ាក ដែលបង្ហាត់ដោយលោក បឺត សំខាន់ និងបឺត ខាំ ។ គេប្រកួតទើបតែបាន២លើកប៉ុណ្ណោះប៉ុន្តែនៅពេលប៉ះជាមួយកីឡាករវ័យក្មេងកូនសិស្សរបស់លោកថៃ អ៊ូ ដែលធ្លាប់ប្រកួតដល់ជាង៣០លើកបែរជាល្អមិនធម្មតា ។ ពួកគេគឺជាគូបើកឆាកនៅក្នុងព្រឹត្តិការណ៍«ជើងឯក K Cement TV5 Knock Out Series»ទោះបីអត់មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុន្តែសភាពទាក់ទាញតាំងពីដើមដល់ចប់មិនចាញ់គូដណ្ដើមខ្សែក្រវាត់ប៉ុន្មានទេ ។ អ្នកទាំងពីរទទួលភាពទាក់ទាញតាំងពីដំណាក់កាលថ្វាយបង្គំគ្រូម្លេ៉ះ ដោយសារតែភាពរស់វើក និងទន់ភ្លន់មិនអន់ជាងកីឡាករពេញវ័យដែលមានបទពិសោធន៍ក្នុងការថ្វាយបង្គំគ្រូកន្លងមក ។ អ្នកទាំងពីរត្រូវគេឱ្យប្រកួតគ្នាតែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមានរយៈពេល៣នាទី ។ ក្នុងទឹកទី១ កីឡាករបង្គោលក្រហមរបស់លោកថៃ អ៊ូ មានប្រៀបល្អជាង លុះដល់ពាក់កណ្ដាលទឹកទី២បែរជាបណ្ដោយឱ្យកូនសិស្សលោក បឺត ខាំ វាយត្រូវមួយកែង ក៏បាក់ជំហរ ហើយបន្តចាញ់ប្រៀបរហូតដល់ទឹកទី៣តែម្ដង ។ ការប្រកួតមួយគូនេះត្រូវបានបញ្ចប់ដោយកីឡាករដែលមានប្រវត្តិប្រកួតទើបតែ២លើកទាំងនៅសង្វៀនប៉ុស្ដិ៍លេខ៥ម្សិលម្ងៃ៉របស់ បឺត ខាំ ជាអ្នកឈ្នះពិន្ទុ ។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ឱ្យដឹងថា ជំនួបរវាងកីឡាករវ័យក្មេងទាំង២បានជួយឱ្យព្រឹត្តិការណ«ជើងឯក K Cement TV5 Knock Out Series»ទាក់ទាញយ៉ាងខ្លាំង ។ លោកថា ព្រឹត្តិការណ៍ប្រដាល់មួយនេះនឹងបើកសង្វៀនប្រកួតរៀងរាល់ម៉ោង៥ល្ងាច ដោយមានកីឡាករប្រកួតដណ្ដើមពាន២គូ និងកីឡាករប្រកួតជាលក្ខណៈអន្តរជាតិមួយគូ។
ប៉ុន្តែសម្រាប់កីឡាករវ័យក្មេងដូចដែលបានឡើងបង្ហាញមិនដឹងថាមានកីឡាករណាមកប្រកួតទៀតទេ ដោយសារតែពិបាករក ។ លោកថាប៉ុស្ដិ៍លេខ៥ មានបំណងបណ្ដុះកីឡាករក្មេងៗបែបនេះឱ្យឡើងប្រកួតឱ្យបានច្រើនតែមិនងាយរកបានឱ្យត្រូវគ្នាទាំងអាយុ ទាំងគីឡូ និងបទពិសោធន៍ឱ្យឡើងប៉ះគ្នាទេ ។ ជាក់ស្ដែងលោកថា កីឡាករជាកូនសិស្សរបស់លោកថៃ អ៊ូ ធ្លាប់បានឆ្លងកាត់ការប្រកួតរហូតដល់ជាង៣០លើក គឺមិនមានកីឡាករវ័យក្មេងស្របាលគ្នាដែលមានប្រវត្តិប្រកួតបានច្រើនបែបហ្នឹងនោះទេ តែលោកចាត់ទុកថាជារឿងសំណាងដែលកូនសិស្សរបស់កីឡាករបឺត ខាំ ដែលទើបឡើងរេញបានម្ដងហ៊ានប្រកួតជាមួយ ទើបលោកសម្រេចឱ្យឡើងប្រកួតដើម្បីឱ្យបានគូប្លែកបែបនេះ ។ អ្វីដែលលោកភ្ញាក់ផ្អើលទៅទៀតនោះគឺកីឡាករ ខាំ សាការី ដែលមានប្រវត្តិប្រកួតតិចបំផុតអាចយកឈ្នះកីឡាករ ចាំ សិលា ដែលឡើងសង្វៀនដល់ទៅ៣៥លើកមុនប៉ះគ្នា ។
លោក ថៃ អ៊ូ គ្រូបង្វឹកកីឡាករវ័យក្មេងបង្គោលក្រហមនិយាយថា ហេតុផលដែលកូនសិស្សរបស់លោកវាយចាញ់កីឡាករដែលទើបឡើងប្រកួតបានតិចជាងគឺដោយសារតែគេភ្លាត់ឱ្យត្រូវមួយកែងត្រង់កណ្ដាលមុខ និងដោយសារតែគេនៅមានអាការពុលរថយន្តព្រោះតែបានធ្វើដំណើរផ្លូវឆ្ងាយតាំងពីខេត្តបន្ទាយមានជ័យនោះតែប៉ុណ្ណោះ ។
លោកថា កីឡាករ ចាំ សិលា រស់នៅនិងហ្វឹកហាត់ក្នុងក្លិបរបស់លោកនៅខេត្តជាប់ព្រំដែនប្រទេសថៃ ដោយលោកទើបតែបាននាំជិះឡានមកដល់ភ្នំពេញមុនការប្រកួតប៉ុន្មានម៉ោងប៉ុណ្ណោះ ទើបកីឡាកររបស់លោកនៅមានអារម្មណ៍ធេងធោង ហើយក៏បាត់បង់ជំហរវាយខ្លាំងតែម្ដងក្រោយភ្លាត់ត្រូវមួយកែងកណ្ដាលមុខ ។ លោកនៅតែអះអាងថា បើកុំតែមានស្ថានភាពពុលឡានមិនទាន់បាត់ គឺប្រហែលជាកីឡាករ ខាំ សាការី មិនអាចយកឈ្នះបានទេ ។
លោកថា កីឡាករ ចាំ សិលា ឡើងទៅប្រកួតជាមួយកីឡាករក្មេងៗដូចគ្នានៅក្នុងប្រទេសថៃច្រើនលើកមកហើយ ដោយក្នុងចំណោម៣៥ប្រកួតមុនបង្ហាញខ្លួននៅប៉ុស្ដិ៍លេខ៥ គេចាញ់តែម្ដងគត់ក្រោមដៃគូប្រកួត ។ លោកថា ក្រោយការបើកប្រកួតរបស់ប៉ុស្ដិ៍លេខ៥សម្រាប់រដូវកាលថ្មី លោកនឹងដឹកនាំកីឡាករថៃមួយរូប និងកីឡាករកម្ពុជាហ្វឹកហាត់ក្នុងក្លិបរបស់លោកចំនួន២រូបមកប្រកួតនៅប៉ុស្ដិ៍លេខ៥រៀងរាល់ល្ងាចថ្ងៃសៅរ៍ តែលោកថា មិនមានកីឡាករក្មេងៗដូចចាំ សិលា សម្រាប់ឡើងប្រកួតនោះទេ ដោយសារតែកីឡាករក្មេងៗបែបនេះពិបាករកគូផ្គូផ្គង និងខ្លះមកហាត់មែនតែមិនហ៊ានឡើងរេញ ៕
ចែករំលែកព័តមាននេះ