ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ាត់ សា​រ៉​ន ប្រាប់​មូលហេតុ​គ្រូ​គុន​ខ្មែរ​​បាន​ប្រាក់ខែ​តិច​ជាង​គ្រូ​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉ាត់ សា​រ៉​ន ប្រធាន​ក្លិប​មរតក​យុទ្ធ​គុន​ខ្មែរ​ បាន​ប្រាប់​ថា

រាជធានី​ភ្នំពេញ ៖ លោក ម៉ាត់ សា​រ៉​ន ប្រធាន​ក្លិប​មរតក​យុទ្ធ​គុន​ខ្មែរ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ថ្វី​ដ្បិតតែ​រូប​លោក​មិនមែន​ជា​កីឡាករ​ល្បីឈ្មោះ​ដូច​កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ក្ដី​ក៏​រូប​លោក​ធ្លាប់​មានបទពិសោធន៍​ទៅ​បង្ហាត់​នៅ​ក្រៅប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បានដឹង​ច្បាស់​ពី​អ្វី​ដែល​ជា​តម្លៃ​នៃ​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ​។

លោក ម៉ាត់ សា​រ៉​ន បច្ចុប្បន្ន​មាន​អាយុ​៤៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្ដាម​ស្រុក​ពញាឮ ខេត្តកណ្ដាល ។ លោក​មិន​មាន​ឈាមជ័រ​ជា​កីឡាករ​ប្រដាល់​បន្តិច​ណា​ឡើយ​គ្រាន់តែ​រូប​លោក​ចូល​ចិត្ត​ហាត់​កីឡាប្រដាល់​តាំងពី​តូច​ៗ​មក​ម្ល៉េះ គឺ​ហ្វឹកហាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ ។ លោក​បាន​សិក្សា​ត្រឹម​ថ្នាក់ឌីប្លូម​នៅ​ឆ្នាំ​១៩៨៧​ប៉ុន្តែ​ដោយសារ​កាល​ណោះ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ចប់​សង្គ្រាមលោក​ក៏​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​នៅ​ឆ្នាំ​១៩៩២ ដោយ​ត្រូវ​បាន​មេ​ចាត់តាំង​ឱ្យទៅ​ឈរជើង​នៅ​សមរភូមិ​សំឡូត ក្នុង​ខេត្តបាត់ដំបង ។

ជា​អកុសល​រូប​លោក​ត្រូវ​ខ្មែរក្រហម​នៅ​ជាយ​ដែនកម្ពុជា​ថៃ​ចាប់​បាន​យក​ទៅ​ឃុំឃាំង​អស់​រយៈពេល​៣​ឆ្នាំ ។ ចាត់​ទុក​ថា​សំណាងល្អ​ដែរ​ដែល​លោក​អាច​រត់​រួច​ពី​មន្ទីរឃុំឃាំង​របស់​ខ្មែរក្រហម​ទៅ​ជ្រកកោន​នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ដោយ​ធ្វើ​ជា​កម្មករ​នេសាទ​សមុទ្រ​ហើយ​នៅ​ពេលទំនេរ​ពី​ការងារ​លោក​ឆ្លៀត​ហ្វឹកហាត់​ក្បាច់​ប្រដាល់​ផង​ដែរ ។

បន្ទាប់​ពី​រស់នៅ​និង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​លោក​ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​អនុញ្ញាត​ឱ្យ​ឡើង​សង្វៀន​ប្រកួត​នៅ​ពេល​មានបុណ្យ​ភូមិ​ម្ដងម្កាល​។

នៅ​ក្នុង​ឆ្នាំ​២០០៣ លោក​បាន​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​វិស័យ​កីឡាប្រដាល់​កម្ពុជា​មិន​ទាន់​រីក​ចម្រើន​នៅឡើយ ។ ក្រោយមក​លោក​ត្រូវ​បាន​លោក យុទ្ធ ភូ​ថង អតីត​អភិបាលខេត្ត​កោះកុង សុំ​ឱ្យ​រូប​លោក​ជួយ​បង្ហាត់​នៅ​ក្នុង​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្នុង​ឋានៈ​ជា​គ្រូ​ជំនួយ​។​បន្ទាប់​មក​លោក​បាន​ជួយ​បង្ហាត់​នៅ​ក្នុង​ក្លិប​ខា្ល​រខិន​មាន​ឫទ្ធិ​អស់​រយៈពេល​ជា​ច្រើន​ខែ​ទៀត និង​ចុង​ក្រោយ​មុន​ពេល​រូប​លោក​ចេញ​ទៅ​បង្ហាត់​នៅ​ប្រទេស​ជប៉ុន លោក​បាន​ជួយ​បង្ហាត់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​MMA​វគ្គ​៣​របស់​សង្វៀន​ទូរទស្សន៍​CTN​ដែល​កាល​ណោះ​គ្រប់គ្រង​ដោយ​លោក ម៉ា សេរី ដោយ​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ទីនោះ​អស់​រយៈពេល​ជិត​១​ឆ្នាំ​។

ទីបំផុត​នៅ​ក្នុង​ឆ្នាំ​២០១៤ លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​ប្រទេស​ជប៉ុន​ចរចា​ឱ្យទៅ​ធ្វើ​ជា​គ្រូបង្ហាត់​នៅ​ទីនោះ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ។ នៅ​ទីនោះ​លោក​ពិតជា​បានដឹង​ច្បាស់ថា​គ្រូបង្ហាត់​កម្ពុជា​យើង​មិន​ត្រូវ​បាន​គេ​ផ្ដល់​តម្លៃ​ខ្ពស់​ដូច​គ្រូបង្ហាត់​មក​ពី​ប្រទេស​ថៃ​ឡើយ សូ​ម្បី​តែ​ការ​រស់នៅ​និង​ហូប​ចុក​ដើរហើរ​ក៏​ត្រូវ​បាន​គេ​ដាក់​កម្រិត​ឱ្យ​ដែរ​មិន​ដូច​គ្រូ​មក​ពី​ថៃ​ដែល​មាន​សេរីភាព​គ្រប់គ្រាន់​ទេ ។ ឯ​តម្លៃ​ខ្លួន​គ្រូបង្ហាត់​កម្ពុជា​ក្នុង​ខែ​ដំបូង​បាន​ត្រឹមតែ​៧០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ រហូត​ដល់​ជិត​២​ឆ្នាំ​ទើប​ឡើង​ដល់​១.០០០​ដុល្លារ​ក្នុង​ពេល​គ្រូ​ថៃ​តម្លៃ​ខ្លួន​ទាប​បំផុត​២​ពាន់​ដុល្លារ​ខែ​ដំបូង​រហូត​ឡើង​ដល់​៣​ពាន់​ដុល្លារ ។ ការ​ផ្ដល់​ប្រាក់ខែ​ទាប​ជាង​គ្រូ​ថៃ​បែប​នេះ​មាន​គ្រូ​ប្រដាល់​ភាគច្រើន​និយាយ​ថា មក​ពី​គេ​មិនសូវ​ឱ្យ​តម្លៃ​កម្ពុជា​ដូច​ថៃ ។ បើសិនជា​ចង់ឱ្យ​គ្រូបង្ហាត់​កម្ពុជា​មាន​តម្លៃ​ដូច​គេ​គួរតែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រៀបចំ​ឱ្យ​មាន​កិច្ចសហការ​មួយ​ឱ្យ​បាន​ច្បាស់​លាស់​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​ប្រទេស​ជប៉ុន ដូច​ជា​ការ​ចុះ​អនុស្សរណៈ​ឱ្យ​បាន​ត្រឹម​ត្រូវជា​ផ្លូវការ និង​និយាយ​ពី​តម្លៃ​ប្រាក់ខែ​ឱ្យ​បាន​ច្បាស់លាស់​។

មាន​មូលហេតុ​មួយទៀត​ដែល​គ្រូ​ថៃ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គ្រូ​កម្ពុជា​ដោយសារ​ពួក​គេ​ស្គាល់​តែ​ក្បាច់គុន​ថៃ​ប៉ុណ្ណោះ​ចំណែក​ក្បាច់គុន​ខ្មែរ​ពុំ​សូវ​មាន​គេ​ស្គាល់​ច្បាស់​ឡើយ ។ សូ​ម្បី​ប្រជាជន​ជប៉ុនមួយ​ចំនួន​ក៏​មិន​ស្គាល់​យើង​ដែរ​ដោយសារ​កម្ពុជា​មាន​សង្គ្រាម​រុ​ាំ​រៃ​៉​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជា​ហេតុ​ធ្វើ​ឱ្យ​ថៃ​មានឱកាស​យក​ក្បាច់គុន​បូរាណ​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​លើ​ពិភពលោក​ថា​ជា​ក្បាច់គុន​របស់​គេ​ទៅ​វិញ ។ មិនតែប៉ុណ្ណោះ​ប្រទេស​ថៃ​គេ​ផ្ដល់​តម្លៃ​ដល់​កីឡា​របស់​គេ​ណាស់ ដូច​ជា​សម្លៀក​បំពាក់​កីឡាករ​ក៏​បង្កប់​នូវ​ស្លាក​សញ្ញា​នៃ​អត្តសញ្ញាណ​ជាតិ​របស់​គេ​ដែរ មិនតែប៉ុណ្ណោះ​គេ​ថែម​ទាំង​លើក​ត​ម្កើ​ន​កីឡាករ​ល្បី​ៗ​ដោយ​ឆ្លាក់​ឈ្មោះ​ពួក​គេ​នៅ​លើ​សម្លៀក​បំពាក់​លក់​បាន​តម្លៃ​រាប់​លាន​បាត​ទៀត​ផង ។ ម្យ៉ាង​ប្រទេស​ថៃ​តែងតែ​រៀបចំ​កម្មវិធី​ប្រកួត​ផ្សព្វផ្សាយ​ក្បាច់គុន​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដូច​ជា​ជប៉ុន សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី​ជាដើម
ដោយ​បាន​នាំ​យក​កីឡាករ​ល្បី​ៗ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​របស់​ប្រទេស​ទាំងនោះ​ទៀត​ផង ។

ដូច្នេះ​ក្នុង​នាមរូប​លោក​ដែល​ជា​អ្នក​ស្រឡាញ់​វិស័យ​កីឡា​និង​ចង់​ចូលរួម​លើក​ស្ទួយ​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប​ដែរ​នោះ លោក​ក៏​មាន​បំណង​ចង់ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ធ្វើ​ដូច​គេ កុំឱ្យ​គេ​យក​ក្បាច់គុន​របស់​យើង​ទៅ​សាបព្រោះ​តាម​អំពើ​ចិត្ត​ហើយ​ស្រែ​កថា​ជា​ក្បាច់គុន​របស់​គេ​តទៅ​ទៀត ។ សព្វថ្ងៃ​ដោយសារ​តែ​លោក​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​បែប​នេះ​ហើយ​ទើប​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ថវិកា​ផ្ទាល់ខ្លួន​មក​បង្កើត​ក្លិប​កីឡាប្រដាល់​នេះ​ឡើង​ដោយ​ទទួល​ក្មេង​ខ្លះ​ជា​ក្មេង​កំព្រា​និង​ខ្លះ​ត្រូវ​បាន​ឪពុក​ម្ដាយ​អនុញ្ញាត​យក​មក​បណ្ដុះបណ្ដាល​ដោយ​មិន​យក​លុយ​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​២០​នាក់​ហើយ ៕