ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​២​នាក់​ម្តាយ និង​កូន​ក្លែង​ឯកសារ​ដក​ប្រាក់​ពី​ធនាគារ​អស់​ជាង​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​២​នាក់​ម្តាយ និង​កូន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​២​នាក់​ម្តាយ និង​កូន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ពាក់ព័ន្ធ​ក្លែង​ឯកសារ ឆបោក​ប្រាក់ ជនជាតិ​ជប៉ុន​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប៊ុត សឿ​ន អាយុ​៤៨​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល និង​កូនស្រី​ឈ្មោះ ភា សុខ​លី​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូ​រី​សំបូ​រមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​ប្តី​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​)​។

ទាក់​ទាន់​នឹង​ការ​នាំ​ខ្លួន​ស្ត្រី​២​នាក់​ម្តាយ និង​កូន​ទៅ​សាលាដំបូង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៧ នាយកដ្ឋាន​កណ្តាល​នគរបាល​សន្តិសុខ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សាលី វង្ស​កុមារ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​ABA តំណាង​ឲ្យ​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​(​អេ​បី​អេ​) ប្តឹង​ទៅ​លើ​ឈ្មោះ Nge Try ជនជាតិ​នី​ហ្សេ​រី​យ៉ា​(​ប្តី​នាង ភា សុខ​លី​ន​) ដែល​កំពុង​គេចខ្លួន​បាន​ក្លែង​តួនាទី Direct0r Foregn Remittance របស់​ធនាគារ អេ​បី​អេ យក​ទៅ​ឆបោក​លើ​ឈ្មោះ KONDO YUSUKE ជនជាតិ​ជប៉ុន តាម​រយៈ​អ៊ីមែល​ថា គាត់​(KONDO YUSUKE) ទទួល​បាន​ប្រាក់​មរតក​ចំនួន​១០​លាន​៧​សែន​ដុល្លារ​អា​មេ​រិ​ក​។

មន្ត្រី​នគរបាល​បន្ត​ថា ដើម្បី​ទទួល​បាន​សិទ្ធិ​វេរ​លុយ​ចេញពី​ធនាគារ អេ​បី​អេ ជន​រង​គ្រោះ​ត្រូវ​បង់ថ្លៃ​សេវា​មេធាវី និង​ចំណាយ​លើ​ឯកសារ​ៗ​ជា​មុន​សិន​។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ជឿ​ស្លុង​ទៅ​លើ​ជន​ឆបោក ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​ចំនួន​៣​លើក​(​សរុប ៧៦.៥១២​ដុល្លារ​អា​មេ​រិ​ក​) លើក​ទី​១ ថ្ងៃ​ទី​២១ ឧសភា ២០១៧ វេរ​ចូល​គណនេយ្យ​លេខ​០០០២២៥៧១៦ របស់​ឈ្មោះ ភា សុខ​លី​ន ចំនួន​៤៨.៤៣២​ដុល្លារ​អា​មេ​រិ​ក​។ លើក​ទី​២.​ថ្ងៃ​ទី​២២ ឧសភា ២០១៧ វេ​ចូល​គណនេយ្យ​លេខ​០០០០៨២៨២៤ របស់​ឈ្មោះ ព្រំ សុភា​ង ចំនួន​៦.៦៨០ ដុល្លារ​អា​មេ​រិ​ក និង​លើក​ទី​៣.​នៅ​ថ្ងៃ​ទី​២០ មិថុនា ២០១៧ វេរ​ចូល​គណនេយ្យ​លេខ​២៧២៧៦៤ របស់​ឈ្មោះ ប៊ុត សឿ​ន ចំនួន​២១.៤០០​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយ​ពី​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ដើម្បី​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​បើក​ការ​ស៊ើបអង្កេត​។ លុះដល់​ថ្ងៃ​ទី​២៩ សីហា ២០១៧ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ឯកជន បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ស្ត្រី​ខ្មែរ​២​នាក់​ម្តាយ និង​កូន​នេះ ចំណែក​បុរស​ជា​ប្តី ជា​កូនប្រសារ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​ជា​អ្នក​ផ្តើមគំនិត​បាន និង​កំពុង​គេចខ្លួន​បាត់​។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ភា សុខ​លី​ន បាន​សារភាព​ថា រូបគេ​បាន​ស្គាល់ឈ្មោះ CHILIKE JOHN ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​យក​ធ្វើ​ជា​ប្តី​ច្រើន​ឆ្នាំ​ហើយ​។ ចំពោះ​ឈ្មោះ Nge Try ដែល​គេ​ប្រើ​យក​មក​ឆបោក​ប្រាក់​ពី​ជនជាតិ​ជប៉ុន​នេះ គឺជា​ឈ្មោះ​ក្លែងក្លាយ​ទេ ឈ្មោះ CHILIKE JOHN ជា​ឈ្មោះ​ពិត​។ ដូច្នោះ​ការ​រៀបចំ​ឆបោក​ប្រាក់​ពី​ជនជាតិ​ជប៉ុន​នេះ គឺ​ប្តី​នាង​ជា​អ្នក​ផ្តើមគំនិត នាង និង​ម្តាយ​គ្រាន់តែ​បាន​ប្រើប្រាស់​គណនេយ្យ​របស់​ខ្លួន​ដើម្បី​ទៅ​បើក​យក​ប្រាក់​តាម​អ្វី​ដែល​ប្តី​ប្រើ​ឲ្យ​ធ្វើ​នោះ​ទេ ហើយ​នៅ​ពេល​នាង​ទៅ​បើកប្រាក់​នោះ​ម្តង​ៗ ប្តី​តែងតែ​ប្រាប់​ថា ប្រាក់​នេះ​ជា​ប្រាក់​របស់​មិត្តភក្តិ​គេ ប៉ុន្តែ​ប្តី​បាន​ឲ្យ​ម្តង​២០០​ដុល្លារ​ដែរ​នៅ​ពេល​បើកប្រាក់​នោះ​បាន​។

ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប៊ុត សឿ​ន ក៏​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា និង​កូនស្រី​ដែរ​គាត់​គ្មាន​គំនិត​ឯណា​ចេះ​ប្រើ​ល្បិច​ឆបោក​តាម​បែប​បច្ចេកវិទ្យា​ទំនើប​ដូច្នេះ​ទេ​។ បើ​ទោះបីជា​យ៉ាងណា​ចម្លើយ​សារភាព​របស់​ម្តាយ និង​កូន​ពិតជា​មាន​ភាព​ស៊ីសង្វាក់​គ្នា​ពាក់ព័ន្ធ​ជាមួយ​កូនប្រសារ ឬ​ប្តី ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​(​ឆបោក​)​ប្រាក់​ជនជាតិ​ជប៉ុន​ដូច​ពាក្យបណ្តឹង​ខាងលើ​នេះ ដូច្នេះ​បានជា​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ស្ត្រី​២​នាក់​ម្តាយ និង​កូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕