ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្របាច់​ដោះ​ទារិកា​ទើប​កើត​យក​គ្រាប់​ចេញ… ប្រយ័ត្ន​ឆ្លង​រោគ​

6 ឆ្នាំ មុន

បើ​តាម​លោក​វេជ្ជបណ្ឌិត​ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​ឱ្យ​ដឹង​ថា

បើ​តាម​លោក​វេជ្ជបណ្ឌិត​ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​ឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅថ្មី​ៗ​នេះ​មាន​ទារិកា​ម្នាក់​ត្រូវ​ម្តាយ​នាំ​ទៅ​មន្ទីរពេទ្យ ដោយ​មាន​សភាព​ក្តៅខ្លួន​ខ្លាំង មិន​ព្រម​បៅ សន្លឹម​ខ្លាំង​។ នៅ​ពេល​ពិនិត្យ គ្រូពេទ្យ​រក​ឃើញ​ថា នៅ​ដោះ​ខាងឆ្វេង​ប៉ោង​ខ្លាំង មាន​ខ្ទុះ​នៅ​ខាងក្នុង ហើយ​ម្តាយ​ប្រាប់​ថា ជីដូន​ឱ្យ​ច្របាច់ ថ្នម​ៗ​ជាមួយ​ទឹក​ក្តៅ ដើម្បី​យក​គ្រាប់​ដោះ​ចេញ និង​កុំឱ្យ​ដោះ​ធំ ឬ​យារ​ពេល​ពេញវ័យ ព្រោះតែ​គាត់​បារម្ភ​ពី​អនាគត និង​សម្រស់​កូន ។ នេះ​ជា​ទស្សនៈ​យល់​ច្រឡំ​មួយ​ដែល​ចាស់​បុរាណ​យើង​បាន​ធ្វើ ហើយ​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ដោយ​មិន​អាច​ប្រកែក​បាន ទោះជា​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ក៏​ដោយ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា វា​គ្មាន​គ្រាប់​ដោះ ដែល​ត្រូវ​ច្របាច់​ចេញ​ទេ ហើយ​ក៏​មិន​អាច​ឱ្យ​វា​តូច​ជាង​នោះ​ដែរ បើ​ពូជ​យើង​កំណត់​មក​បែប​នេះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឱ្យ​ទារិកា​ឈឺចាប់ ហើយ​មេរោគ​អាច​ឆ្លង​តាម​ដៃ​អ្នក​ច្របាច់​នោះ បង្កើត​ជា​បូស (​អាប់សែស​) ធ្វើ​ឱ្យ​ទារក​ក្តៅខ្លួន និង​ឆ្លង​មេរោគ​ទៅ​ក្នុង​ឈាម​អាច​បណ្តាល​ឱ្យ​ស្លាប់​ក៏​មាន បើ​ព្យា​បាល​​មិន​ទាន់ ។

ទារិកា​នោះ​ត្រូវ​វះកាត់​យក​ខ្ទុះ​ចេញ ទើបបាន​ធូរស្បើយ និង​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​សេរ៉ូម​រយៈពេល​មួ​យស​ប្តា​ហ៍ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា លោក​អ្នក​ប្រហែល​ពុំ​បានដឹង​ថា រឿង​ច្របាច់​ដោះ​ទារក​យក​គ្រាប់​ចេញ​មាន​គ្រោះថ្នាក់​បែប​ណា​ទេ ។ នៅ​មន្ទីរពេទ្យ​ករណី​នេះ​មាន​ច្រើ​ណាស់ ដូច្នេះ​ចូរ​កុំ​និយាយ​ថា​វា​មិន​អី​ចំពោះ​បញ្ហា​នេះ ។

លោក​អ្នក​ត្រូវ​ចាំ​ថា ជំនឿ​ខ្លះ​ត្រឹមត្រូវ​តាម​សម័យកាល ហើយ​ខ្លះ​ទៀត​អនុវត្ត​គួរ​ពិចារណា​អំពី​ផល​ចំណេញ និង​ផល​លំបាក​ដែល​អាច​កើត​មាន ៕