ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធប្តឹង​លែង​ប្តី ព្រោះតែ​បន្ទប់ទឹក…

6 ឆ្នាំ មុន

AFP ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា

AFP ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា តុលាការ​រដ្ឋ​Rajasthan​ប្រទេស​ឥណ្ឌា​ បាន​សម្រេច​ឱ្យ​លែងលះ​តាម​បណ្តឹង​របស់​ភាគី​ខាង​ស្រី ព្រោះ​ប្តី​មិន​ព្រម​សង់​បន្ទប់ទឹក​នៅ​ក្នុងផ្ទះ ។

លោក​ចៅក្រម​Rajendra Kumar Sharma​ថ្លែង​ថា នារី​នៅ​ក្នុងភូមិ​ជួប​ការ​លំបាក ព្រោះ​ត្រូវ​រង់ចាំ​ដល់​យប់ ទើប​អាច​ចេញ​ទៅ​បត់ជើងធំ​នៅ​ខាងក្រៅ​ផ្ទះ ។ ចំណែក​លោក​រ៉ា​ឆេស​សា​ម៉ា មេធាវី​ដើម្បី​សិទ្ធិ​នារី​ថ្លែង​ថា ចៅក្រម​សម្រេច​ថា ការ​បត់ជើងធំ​នៅ​ទីវាល​គឺជា​បញ្ហា​សុខភាព​ចម្បង​ក្នុង​ប្រទេស​ឥណ្ឌា ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​នារី​មិន​អាច​បត់ជើងធំ​បាន ។

តុលាការ​ឥណ្ឌា​អនុញ្ញាត​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​លែងលះ​បាន ប្រសិនបើ​គេ​ឃើញ​ហេតុផល​ប្រើ​អំពើ​ហិង្សា ឬ​មានការ​ទាមទារ​ប្រាក់​បន្ថែម ។

មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ប្តី​ប្រពន្ធ​ប្តឹង​លែងលះ​គ្នា ព្រោះតែ​រឿង​គ្មាន​បន្ទប់ទឹក ។ កាលពី​ឆ្នាំ​មុន​ស្ត្រី​ម្នាក់​នៅ​រដ្ឋ​Uttar Pradesh​មិន​ព្រម​រៀប​ការ​ជា​មួយគូ​បណ្តឹង​ដែល​បដិសេធ​មិន​សង់​បន្ទប់ទឹក​នៅ​ក្នុងផ្ទះ ។ នៅ​ខែមិថុនា កន្លង​មក​នារី​ម្នាក់​បដិសេធ​មិន​ចូល​ផ្ទះ​របស់​ប្តី ដរាបណា​មិន​សាងសង់​បន្ទប់ទឹក ។

តាម​តួលេខ​របស់​មូលនិធិ​ដើម្បី​កុមារ​នៃ​អង្គការសហប្រជាជាតិ​(UNICEF)​បញ្ជាក់​ថា ជនជាតិ​ឥណ្ឌា​ជិត​៦០០​លាន​នាក់ ឬ​ប្រហែល​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ទូ​ទាំង​ប្រទេស​បត់ជើងធំ ឬ​បន្ទោបង់​នៅ​កណ្តាលវាល និង​មានផ្ទះ​សម្បែង​ប្រហែល​៧០%​នៃ​ចំនួន​ទាំងអស់​គ្មាន​បន្ទប់ទឹក ប៉ុន្តែ​តួលេខ​របស់​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ​មាន​ដល់​ទៅ​៩០%​នៃ​ប្រជាជន​សរុប ។

លោ​កន​រ៉េ​ន​ដ្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​សន្យា​ថា នឹង​សង់​បន្ទប់ទឹក​ដល់​ផ្ទះ​ទាំងអស់​នៅ​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​កុំឱ្យ​មានការ​បន្ទោបង់​នៅ​ទី​សាធារណៈ​ទៀត៕