ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​ទៅ​លេង​ភ្ជុំបិណ្ឌ​ខាង​មុខ អ្នកបើកបរ​គួរ​ត្រៀម​អ្វីខ្លះ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ អ្នកបើកបរ​តែង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ម្ដងម្កាល ជា​ពិសេស គឺ​ម្ចាស់​រថយន្ត​ដែល​ពុំ​សូវ​បើកបរ​ជា​ប្រចាំ ឬ​ប្រើ​ក្នុង​ចម្ងាយ​ជិត​ៗ និង​

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ អ្នកបើកបរ​តែង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ម្ដងម្កាល ជា​ពិសេស គឺ​ម្ចាស់​រថយន្ត​ដែល​ពុំ​សូវ​បើកបរ​ជា​ប្រចាំ ឬ​ប្រើ​ក្នុង​ចម្ងាយ​ជិត​ៗ និង​គ្មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទី​ឆ្ងាយ ។ នៅ​សល់​តែ​ជាង​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ បុណ្យ​ភ្ជុំបិណ្ឌ​នឹង​ចូល​មក​ដល់ បងប្អូន​នៅ​រាជធានី​ភ្នំពេញ ឬ​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ទៅ​ខេត្ត​ផ្សេង នឹង​វិល​មក​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​ក្នុង​រដូវ​នេះ ។ អ្នកខ្លះ​តែង​ព្រួយបារម្ភ​នៅ​ពេល​ត្រូវ​បើកបរ​ឆ្ងាយ និង​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ត្រៀម​អ្វីខ្លះ ហើយ​ត្រូវ​ពិនិត្យ​អ្វីខ្លះ ពេល​ត្រឡប់​មក​វិញ ។

ខាងក្រោម​នេះ ជា​ការ​ចែករំលែក​នូវ​ចំណេះដឹង​មួយ​ចំនួន​របស់​ម្ចាស់​យានដ្ឋាន និង​ជាង​ជួសជុល​រថយន្ត ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​មួយ​រូប សម្រាប់​ម្ចាស់​រថយន្ត​ដែល​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​នោះ ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ឯកសារ​យល់​ដឹង​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ដ​គួរ​យល់​ដឹងផង​ដែរ​នៅ​ពេល​ត្រឡប់​មក​វិញ ។

លោក តាំង ម៉េ​ង​លាង ជាង​ជួសជុល​រថយន្ត​និង​ជា​ម្ចាស់​យានដ្ឋាន​តាំង ម៉េ​ង​លាង បានឱ្យ​ដឹង​ថា ជា​ទូទៅ គ្មាន​អ្វី​ពិបាក​ទេ​សម្រាប់​ម្ចាស់​រថយន្ត មុន​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ មុន​នឹង​ចេញដំណើរ ម្ចាស់​រថយន្ត​ទាំងអស់​គួរ​ពិនិត្យ​មើល​ទឹក​នៅ​ក្នុង​ធុង​ទឹក​រថយន្ត ដូច​ជា ទឹក​ស្អំ​ម៉ាស៊ីន ទឹក​បាញ់​កញ្ចក់ និង​ទឹក​ក្នុង​ធុង​សា​កួ ពីព្រោះ​ទឹក​វា​សំខាន់​ណាស់ ដើម្បី​ឱ្យ​ដំណើរការ​ម៉ាស៊ីនរថយន្ត​បាន​យូរ និង​ធ្វើ​ដំណើរ​ឆ្ងាយ ។ បើកាលណា​ធុង​ទឹក​ស្អំ​ម៉ាស៊ីន និង​ទឹក​ផ្សេង​ទៀត​អស់ ឬ​ក៏​ស្ងួត វា​នឹង​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ម៉ាស៊ីន ។

ក្រៅពី​ប្រព័ន្ធ​ធុង​ទឹក ម្ចាស់​យានដ្ឋាន​រូប​នេះ ក៏​បាន​ណែនាំ​ឲ្យ​មើល​ប្រេងម៉ាស៊ីន​រថយន្ត​ផង​ដែរ បើសិនជា​ករណី​ប្រេងម៉ាស៊ីន​មិន​គ្រប់​កម្រិត​សម្រាប់​ដំណើរការ​ម៉ាស៊ីន ម្ចាស់​រថយន្ត​ត្រូវ​ប្តូរ​ចេញ ដើម្បី​កុំឱ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ និង​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ជួសជុល​ម៉ាស៊ីន​។ ក្រៅពី​នោះ មុន​ពេល​ធ្វើ​ដំណើរ ម្ចាស់​គ្រប់​គ្នា​ត្រូវធ្វើ​តេស្ត​មើល​ប្រព័ន្ធ​ហ្វ្រាំង និង​ចង្កូតរថយន្ត​ផង​ដែរ​ដើម្បី​ឱ្យ​ប្រាកដ​ថា ពេល​យើង​បើកបរ​តាម​ផ្លូវ វា​នឹង​ផ្ដល់​សុវត្ថិភាព​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ។

លោក​និយាយ​ថា ៖« ជា​ទូទៅ ចំពោះ​ប្រេងម៉ាស៊ីន គេ​កំណត់​ឲ្យ​ប្តូរ​ចេញ​ម្ដង​រៀង​រាល់​៥​ពាន់​គីឡូម៉ែត្រ តែ​បើសិនជា​ករណី​ស្ទះចរាចរណ៍​ដូច​នៅ​ភ្នំពេញ យើង​គួរតែ​ប្តូរ​ចេញ​ត្រឹម​រយៈ​ចម្ងាយ​៤​ពាន់​គីឡូម៉ែត្រ ។ ម្យ៉ាងទៀត បើ​ទោះបីជា​មិន​គ្រប់​ចំនួន​៤​ពាន់​គីឡូម៉ែត្រ ឬ​៥​ពាន់​គីឡូម៉ែត្រ​ក្នុង​រយៈពេល​៦​ខែ ក៏​គួរតែ​ប្តូរ​ចេញ​ម្ដង​ដែរ ព្រោះ​ប្រេង​នោះ​វា​អស់​គុណភាព​សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​ម៉ាស៊ីនរថយន្ត » ។

លោក តាំង ម៉េ​ង​លាង បាន​បន្ត​ថា មុន​នឹង​ចេញដំណើរ​ទៅ​ឆ្ងាយ មិន​ថា​រថយន្ត​ថ្មី​ឬ​ចាស់ គួរ​ពិនិត្យ​មើល​កង់​រថយន្ត​ដែរ ទោះ​ក្នុង​ស្ថានភាព​កង់​នោះ​នៅ​ថ្មី​ក៏​ដោយ ពីព្រោះ​អី​បច្ចុប្បន្ន មាន​កង់​រថយន្ត​ខ្លះ​គ្មាន​គុណភាព​ល្អ​ទាំងអស់​ទេ ខណៈ​ក្រុមហ៊ុន​ខ្លះ​នាំ​យក​កង់​ជជុះ​មក​លក់ ។ ដូចនេះ ស្ថានភាព​វា​នៅ​ថ្មី​ពិតមែន តែ​មាន​ស្នាម​ប្រេះ ត្រូវ​ប្តូរ​ចេញ​ដើម្បី​សុវត្ថិភាព ។

លោក​បញ្ជាក់​ថា បើ​ចង់ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​នោះ ម្ចាស់​រថយន្ត​ទាំងអស់​គួរតែ​យក​រថយន្ត​ទៅ​ពិនិត្យ​គ្រឿង​ក្រោម និង​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត​នៅ​យានដ្ឋាន ឬ​ក្រុមហ៊ុន​ផ្ទាល់​ក៏​បាន ពីព្រោះ​ម្ចាស់​រថយន្ត​មិន​ប្រាកដជា​ដឹង​ថា រថយន្ត​នោះ​ខូច​កន្លែង​ណា ឬ​មាន​បញ្ហា​កន្លែង​ណា​ទេ មាន​តែ​ទៅ​ពិនិត្យ​មើល​ប៉ុណ្ណោះ ។

លោក ហ៊ឺ​ន ចំណាប់ អ្នកគ្រប់គ្រង​រោង​ជាង​ជួសជុល​រថយន្ត Jaguar,  Land Rover ក៏​បានឱ្យ​ដឹង​ដែរ​ថា ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ គួរតែ​យក​រថយន្ត​ទៅ​ពិនិត្យ និង​ជួស​ជុល​ជា​បន្ទាន់ បើសិនជា​វា​ផ្ដល់​សញ្ញា​មាន​បញ្ហា​ត្រង់​ប្រព័ន្ធ​ណាមួយ​ដូច​ជា ប្រព័ន្ធ​ហ្វ្រាំង ចង្កូត ភ្លើង និង​ប្រព័ន្ធ​បញ្ជា​ផ្សេង​ៗ បើ​ទោះជា​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ៗ​ក៏​ដោយ ។ ម្យ៉ាងទៀត លោក​ក៏​សូម​ឱ្យ​ម្ចាស់​រថយន្ត​ដែល​ទិញ​ពី​ក្រុមហ៊ុន​ផ្ទាល់ ដូច​ជា Jaguar,  Land Rover ជាដើម ត្រូវ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ជា​ប្រចាំ ទៅ​តាម​កាលកំណត់​ដែល​ជាង​បាន​ផ្ដល់​ជូន ពីព្រោះ​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​មាន​សារសំខាន់​ណាស់ ដែល​គ្រប់​អ្នក​កាន់​ចង្កូតរថយន្ត​ត្រូវ​យកចិត្តទុកដាក់ ។

ដោយឡែក ការ​ត្រួតពិនិត្យ​រថយន្ត​ក្រោយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​តាម​ខេត្ត គឺ​អ្នក​អាច​ប្រើប្រាស់​រថយន្ត​នេះ​យ៉ាង​មាន​សុវត្ថិភាព និង​ជួយ​ពន្យារ​អាយុកាល​ប្រើប្រាស់​កាន់តែ​យូរ​ផង​ដែរ​ដោយ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម ៖

១-​ពិនិត្យ​ប្រេង​នៅ​ក្នុង​ម៉ាស៊ីន ៖
នៅ​ពេល​រថយន្ត​ត្រូវ​ឆ្លងកាត់​ការ​ប្រើប្រាស់​មក​យ៉ាង​ខ្លាំងក្លា​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក វា​អាច​ធ្វើ​ឲ្យ​វត្ថុ​រាវ​ផ្សេង​ៗ​ក្នុង​គ្រឿង​ម៉ាស៊ីន​ធ្លាក់​ចុះ​មក ។ ដូច្នេះ គួរតែ​ពិនិត្យ​មើល​កម្រិត​ប្រេង​នានា​ដូច​ជា ប្រេងម៉ាស៊ីន​, ប្រេង​ចង្កឹះ​លេខ​, ប្រេង​ប្រាំង​, ប្រេង​ចង្កូត (​ប្រសិនបើ​មាន​) រួម​ទាំង​កម្រិត​ទឹក​ក្នុង​ធុង​ទឹក មិន​ឲ្យ​នៅ​ក្នុង​កម្រិត​ក្រោម MIN ឡើយ ។ បើសិនជា​ប្រេង​ផ្សេង​ៗ​មាន​ក្លិន​មិនល្អ ឬ​ប្រែជា​ពណ៌​ខ្មៅ គឺ​អាច​និយាយ​បាន​ថា ប្រេង​នោះ​អន់​ថយគុណភាព​ហើយ ដូច្នេះ គួរតែ​ប្រញាប់​ផ្លាស់​ប្តូរ​ចេញ ។

២-​ពិនិត្យ​សភាព​កង់ និង​សម្ពាធ​ខ្យល់ ៖
ការ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ ឬ​នៅ​លើ​ផ្លូវ​កំពុង​ស្ថាបនា គឺ​អាច​មាន​វត្ថុ​មុត​ស្រួច​ចាក់​ជាប់​សម្បក​កង់ ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ខ្យល់​ជ្រាប​ចេញ​មក​ខាងក្រៅ​យឺត​ៗ ។ វិធី​ល្អ អ្នក​គួរតែ​ពិនិត្យ​សម្ពាធ​ខ្យល់​របស់​កង់​ទាំង​៤ រួម​ទាំង​កៅស៊ូកង់​ថា នៅ​តែ​ដូច​ដើម គ្មាន​អ្វី​ប្លែក​កប់​នៅ​ក្នុង​នោះ គ្មាន​ការ​សឹក​កៅស៊ូកង់​ខុសធម្មតា ផ្នែក​ចំហៀង​នៃ​កង់​ត្រូវ​គ្មាន​ស្លាកស្នាម​រហែក រួម​ទាំង​ពិនិត្យ​មើល​សភាព​កង់​ផង​ដែរ ទោះជា​វា​មិន​បែក ឬ​មាន​ស្នាម​ឆែប​ក្តី ដែល​អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​បាន ។

៣-​ពិនិត្យ​ផ្នែក​បាត​ក្រោម​រថយន្ត ៖
ភាព​ខុស​ប្រក្រតី​ពាក់ព័ន្ធ​នឹង​បាត​រថយន្ត យើង​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​ក្រោយ​ពី​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ គួរ​ពិនិត្យ​មើល​សភាព​អន់​ថយ នៃ​រថយន្ត បន្ទាប់​ពី​បើកបរ​ឆ្លងកាត់​ផ្លូវ​រដាក់រដុប ឬ​ធ្លាក់​រណ្តៅ​យ៉ាង​ខ្លាំង ។ ដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា បាត​ខាងក្រោម​នៃ​រថយន្ត​នឹង​គ្មាន​ប្រេង​ជ្រាប​ចេញ​មក ។

លើស​ពី​នេះ​ទៀត អ្នក​គួរតែ​លាង​សម្អាត​ស្នាម​សំណក​ម្សៅ​ឲ្យ​បាន​ស្អាត បន្ទាប់​ពី​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ព្រោះ​ផ្នែក​ផ្សំ​របស់​ម្សៅ​អាច​ធ្វើ​ឲ្យ​កើត​ស្នាម​អុជ​ៗ​បាន ។ អ្នក​ត្រូវ​ពិនិត្យ​មើល​ថា តើ​រថយន្ត​របស់​ខ្លួន​មាន​ស្នាម​ឆូត ឬ​ស្នាម​កំ​ពិត​ឬទេ ដើម្បី​យក​ទៅ​ជួសជុល ។

ចំណុច​ខាងលើ​នេះ អ្នក​អាច​ជ្រាប​ពី​ភាព​ខុស​ប្រក្រតី​នៃ​រថយន្ត ដោយ​យក​ទៅ​ជួសជុល មុន​នឹង​វា​រាលដាល​បន្ត​ទៀត ។

សូម​ជូនពរ​ដំណើរ​កម្សាន្ដ និង​ជួបជុំ​គ្រួសារ​ប្រកបដោយ​សេចក្ដីសុខ និង​រីករាយ​គ្រប់​ក្រុម​គ្រួសារ ៕