ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​ពី​មន្ត្រី​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​នៅ​ម៉ា​ឡេ​ស៊ី

6 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ មក​ទល់​ពេល​នេះ ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​កំពុង​បន្ត​នាំមុខ​ចំនួន​មេដាយមាស ប្រាក់ និង ​សំរឹទ្ធិ ដែល​

ម៉ា​ឡេ​ស៊ី ៖ មក​ទល់​ពេល​នេះ ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​កំពុង​បន្ត​នាំមុខ​ចំនួន​មេដាយមាស ប្រាក់ និង ​សំរឹទ្ធិ ដែល​ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ដែល​ខ្លួន
រៀបចំ​លើ​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ដដែល ដោយ​បាន​នាំមុខ​ប្រទេស​ថៃ​ដែល​មាន​មេដាយមាស​លំដាប់​ទី​២​រហូត​ដល់​ជិត​២​ដង ។

មេដាយ​ដែល​ម៉ា​ឡេ​ស៊ី​ដណ្ដើម​បាន មួយ​ចំណែក​ត្រូវ​គេ​មើលឃើញ​ថា​បាន​ដោយ​ភាព​អយុត្តិធម៌ ជា​ពិសេស​នៅ​ពេល​អត្ត​ព​លិ​ក​ប្រទេស​ដទៃ​មាន​លទ្ធភាព​ឈ្នះ​ពិន្ទុ​តែ​បន្តិច​ក៏​ត្រូវ​ប្រទេស​ម្ចាស់ផ្ទះ​មួយ​នេះ​បន្លំ​លទ្ធផល​ឱ្យ​អត្ត​ព​លិ​ក​របស់​ខ្លួន​ឈ្នះ​បាន​ដែរ ។

ជាក់ស្ដែង​មន្ត្រី​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់​ៗជុំវិញ​ការ​ផ្ដល់​ពិន្ទុ​ឱ្យ​កីឡាករ​កម្ពុជា គឺ​ឡៅ ចិ​ត្រា បរាជ័យ​នៅ​លើ​សង្វៀន បន្ទាប់​ពី​គេ​បើក​ការ​ប្រកួត​តាំងពី​ដើម​រហូត​ដល់​ចប់​ទឹក​ហើយ​ត្រូវ​គេ​ឃើញ​ឈ្នះ​ដាច់​តែ​ម្ដង​លើ​កីឡាករ​ម៉ាឡេ​ស៊ី តែ​ចុង​ក្រោយ​គណៈកម្មការ​បែរជា​ផ្ដល់​ពិន្ទុ​ឱ្យ​កីឡាករ​ម៉ា​ឡេ​ស៊ី​ឈ្នះ​ទៅ​វិញ ។ ការ​ប្រកួត​ប្រដាល់​រវាង​កីឡាករ​កម្ពុជា ឡៅ ចិ​ត្រា និង​កីឡាករ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​លម្អៀង​រហូត​ដល់​ថ្នាក់​មន្ត្រី​ខ្មែរ​ប្រតិកម្ម បើ​ទោះជា​ក្នុង​ជំហាន​ផ្ដល់​ពិន្ទុ​លម្អៀង​នៅ​ពេល​នោះ គណៈកម្មការ​ដដែល​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​២​រូប គឺ​ឃុន ឌី​ម៉ា ហៅ ឃឹម ឌី​ម៉ា និង ម៉ឺន សុភា បាន​បន្ដដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ផ្ដួល​គូប្រកួត​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា នោះ​ក៏​ពិតមែន ក៏​អ្នក​ទស្សនា​ភាគច្រើន​បាន​កត់​សម្គាល់ថា ជ័យជម្នះ​របស់​ឃុន ឌី​ម៉ា និង​ម៉ឺន សុភា គឺ​បាន​ដោយសារ​ផ្ដួល​គូប្រកួត តែ​សម្រាប់​ឡៅ ចិ​ត្រា ដែល​ឈ្នះ​ដោយ​មិន​បាន​វាយ​ម្ចាស់ផ្ទះ​ដួល​ខ្ព​កលើ​រេញ​នោះ គឺ​បាន​បរាជ័យ រហូត​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា និង​អ្នកគាំទ្រ​កម្ពុជា សម្ដែង​ប្រតិកម្ម ។ ម្នាក់​ៗ​បាន​ចាត់​ទុក​ថា​ការ​កាត់ក្ដី​ឱ្យ​កីឡាករ​កម្ពុជា ឡៅ ចិ​ត្ដ្រា ចាញ់​ពិន្ទុ​កីឡាករ Ain របស់​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ីក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺជា​រឿង​មិន​អាច​ទទួលយក​បាន ដោយសារ​តែ​ការ​ប្រកួត​ជាក់ស្ដែង​គឺ​អ្នកលេង​គុន​ខ្មែរ​ទម្ងន់​៥៤​គីឡូក្រាម​រូប​នេះ ឈ្នះ​ដាច់​រហូត​ដល់​៣​ទឹក​ពេញ ដោយ​កីឡាករ​ម្ចាស់ផ្ទះ​មាន​ឱកាស​វាយ​បាន​ល្អ​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ តែ​ចុង​ក្រោយ​បែរជា​ឱ្យ​កីឡាករ​ម្ចាស់ផ្ទះ​ឈ្នះ​ទៅ​វិញ​ធ្វើ​ឱ្យ​មន្ត្រី​ខ្មែរ​សម្ដែង​អារម្មណ៍​ហួសចិត្ត ។

ទោះបី​យ៉ាងណា លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ក៏​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​រង​ការ​រិះគន់​ថា​ទទួល​បាន​មេដាយមាស​រហូត​ដល់​ជាង​១០០​លើ​វិញ្ញាសា​ផ្សេង​ទៀត ដោយសារ​តែ​ការ​ផ្ដល់​ពិន្ទុ​យក​ប្រៀប​លើ​គូប្រកួត​ប៉ុណ្ណោះ ។ គេ​អាច​និយាយ​បាន​ថា វិញ្ញាសា​ណា​ដែល​ម៉ា​ឡេ​ស៊ី​បន្លំ​បាន​គឺ​ធ្វើ​ឡើង​ទាំងអស់ ដូច​ជា​ករណី​ឱ្យ​ឡៅ ចិ​ត្រា ដែល​ឈ្នះ​៣​ទឹក​ចាញ់​ក្រោម​ដៃ​កីឡាករ​ម៉ា​ឡេ​ស៊ី​ដែល​វាយ​បាន​ល្អ​តែ​២​ទឹក​នោះ​ជា​ភស្ដុ​តាង​ស្រាប់ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​ជា​នាយ​បេសកកម្ម​បាន​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ភ្លាម​ៗ​ដោយ​លោក​និយាយ​ថា គឺជា​រឿង​អយុត្តិធម៌​ហួស​ពី​ការ​ស្មាន​ដែល​កីឡាករ ឡៅ ចិ​ត្ដ្រា វាយ​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​ច្បាស់​នឹង​ភ្នែក​ប៉ុន​ហ្នឹងហើយ​បែរជា​ឱ្យ​ចាញ់​ក្នុង​លទ្ធផល​ពិន្ទុ​២៧​ទល់​នឹង​៣០​យ៉ាង​អយុត្តិធម៌​ទៅ​វិញ ។ លោក វ៉ា​ត់ ចំរើន បាន​អះអាង​ថា ក្រោយ​ជួប​រឿង​អយុត្តិធម៌​បែប​នេះ ថ្នាក់ដឹកនាំ NOCC​នឹង​ពិចារណា​តើ​គួរ​បន្ត​បញ្ជូន​កីឡាករ​ផ្នែក​ប្រដាល់​គុន​ខ្មែរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ទៀត​ឬ​ត្រូវ​ផ្អាក​រហូត​ដល់​ឆ្នាំ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខ្លួនឯង​ទើប​សម្រេច​ឱ្យ​មាន​វិញ្ញាសា​នេះ​ឡើង​វិញ ។ លោក​ថា កីឡាករ​កម្ពុជា​សម្រាប់​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ​មិន​ដែល​ទទួល​បាន​មេដាយមាស​ត្រឡប់​មក​វិញ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​វិញ្ញាសា​នេះ​គេ​អាច​បន្លំ​លទ្ធផល​បាន ខុស​ពី​រត់ប្រណាំង ឬ​ហែល​ទឹក​ដែល​មិន​អាច​បន្លំ​ឱ្យ​អ្នក​មក​ក្រោយ​ឈ្នះ​អ្នក​ទៅ​ដល់ទី​មុន​កើត​ទេ ។

អីុចឹង​ហើយ​ទើប​មិន​ចង់​បន្ត​បញ្ជូន​វិញ្ញាសា​នេះ​ឱ្យទៅ​ប្រកួត​ទៀត​ដោយសារ​ឱ្យ​តែ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​គឺ​ចាញ់​ជា​ប្រចាំ ។

លោក វ៉ា​ត់ ចំរើន បាន​និយាយ​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា​៖«​នេះ​គឺជា​រឿង​អាម៉ាស់​មួយ​របស់​ម្ចាស់ផ្ទះ ហើយ​បើសិន​យើង​បន្ដ​មើលឃើញ​ភាព​អយុត្ដិធម៌ និង​មិន​ត្រឹមត្រូវ យើង​នឹង​ដកខ្លួន​ពី​ស៊ី​ហ្គេ​ម​ក្រោយ​ៗ​រហូត​ដល់​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដែល​ទទួល​បានការ​ណែនាំ​ពី​លោក​បណ្ឌិត ថោ​ង ខុន ពេល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ហើយនឹង​ពិចារណា​ដើម្បី​តម្រែតម្រង់​ភាព​ត្រឹមត្រូវ ព្រោះ​យើង​ចង់ឱ្យ​មាន​ភាព​យុត្តិធម៌​» ។ លោក​នៅ​តែ​អះអាង​ថា វិញ្ញាសា​នេះ​មិន​អន់​នោះ​ទេ​ក្នុង​ពេល​ប្រកួត​ជាក់ស្ដែង ប៉ុន្តែ​មក​ពី​គេ​ផ្ដល់​លទ្ធផល​អយុត្តិធម៌​ទើប​កម្ពុជា​ជា​ម្ចាស់​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​ដែរ​នោះ​មិន​ដែល​បាន​មេដាយមាស​គ្រប់ពេល​បញ្ជូន​ចេញ​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ។ លោក​អះអាង​ថា បើ​ផ្ដល់​ពិន្ទុ​ឱ្យ​សុក្រឹត កីឡាករ​កម្ពុជា​មិន​ចាញ់​ការ​ប្រកួត​នោះ​ទេ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា តើ​កម្ពុជា​ពិតជា​ផ្អាក​បញ្ជូន​វិញ្ញាសា​ខ្លះ​ដែល​ទទួល​រង​ភាព​អយុត្តិធម៌​ម្ដង​ហើយ​ម្ដងទៀត ដូច​ជា​ករណី​វិញ្ញាសា​ប្រដាល់​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឬ​យ៉ាងណា​នោះ​ទេ ដោយ​គ្រាន់តែ​អ្វី​ដែល​កម្ពុជា​បាន​ទទួល​គឺ​ធ្វើ​ឱ្យ​មន្ត្រី​កម្ពុជា​យល់​ថា សម្រាប់​វិញ្ញាសា​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ និង​វិញ្ញាសា​មួយ​ចំនួន​ដែល​ការ​ផ្ដល់​ពិន្ទុ​ស្ថិត​នៅ​លើ​ទស្សនៈ​របស់​គណៈកម្មការ គឺ​កម្ពុជា​នឹង​មិន​មាន​លទ្ធភាព​ទទួល​បាន​មេដាយមាស​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ប៉ះ​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​ដូច​ករណី​ឡៅ ចិ​ត្រា ជា​សាក្សី​រស់​ស្រាប់​នោះ​។ 

មក​ទល់​ពេល​នេះ យុទ្ធនាការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ម៉ា​ឡេ​ស៊ី កម្ពុជា​បាន​ធ្លាក់​មក​ឈរ​ចំណាត់ថ្នាក់​លេខ​៩ បន្ទាប់​ពី​ឡាវ​ដណ្ដើម​បាន​មេដាយមាស​២​នាំមុខ​កម្ពុជា ហើយ​រុញ​ចំណាត់ថ្នាក់​កម្ពុជា​ដែល​រំកិល​បាន​លេខ​រៀង​ទី​៨​ម្ដង​ហើយ ឱ្យ​ធ្លាក់​មក​ឈរ​លេខ​រៀង​ទី​៩​វិញ ។ លទ្ធផល​បណ្ដោះអាសន្ន កម្ពុជា​ដណ្ដើម​បាន​មេដាយ​​សរុប​១៤ រួម​មាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធិ ១២ តាម​ពីក្រោយ​ក្រុម​អត្ត​ព​លិ​កឡាវ ដែល​ឈរ​លេខ​៨ មាន​មេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធិ​១៣​ក្នុង​ដៃ ខណៈ​ក្រុម​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​បន្ដ​ឈរ​កំពូល​តារាង​មេដាយ ដោយ​ដណ្ដើម​បាន​មេដាយ​ដ៏​ច្រើន រួម​មាន​មេដាយមាស ១០៥, ប្រាក់​៧១ និង​សំរឹទ្ធិ​៦៩ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៨ សីហា ។ កម្ពុជា​នឹង​ពិបាក​ទទួល​បាន​មេដាយមាស​ច្រើន​ត្រឡប់​មក​វិញ ព្រោះតែ​ហេតុផល​នេះ សូ​ម្បី​តែ​ថៃ និង​ប្រទេស​ដែល​មាន​អត្ត​ព​លិ​ក​ខ្លាំង​ៗ​ផ្សេង​ទៀត ក៏​រង​សម្ពាធ​បែប​ហ្នឹង​មិន​ខុស​គ្នា គឺ​គ្រាន់តែ​អត្ត​ព​លិ​ក​ទាំងនោះ​គេ​មាន​សមត្ថភាព​ឈ្នះ​ដាច់​ខ្លាំង​ពេក​នៅ​ពេល​ប៉ះ​គ្នា​ជាមួយ​ម្ចាស់ផ្ទះ ទើប​ធ្វើ​ឱ្យ​ម៉ា​ឡេ​ស៊ី​មិន​អាច​បន្លំ​ស៊ី​បាន​ស្រួល​ដូច​ពេល​ម្ចាស់ផ្ទះ​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា ឬ​កីឡាករ​របស់​ប្រទេស​ដែល​ស្ថិត​នៅ​ក្បែរ​ៗ​បាត​តារាង​ផ្សេង​ទៀត​ប៉ុណ្ណោះ ៕