ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ទទួល​ជោគជ័យ​ឬទេ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជាម​គ្គុ​ទេ្ទ​សក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​សម្រាប់​រួមចំណែក​ដល់​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជាម​គ្គុ​ទេ្ទ​សក៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​សម្រាប់​រួមចំណែក​ដល់​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ។ តើ​ការ​អនុវត្ត​គោលនយោបាយ​នេះ នៅ​ថ្ងៃ​ខាង​មុខ​អាច​ទទួល​បាន​ជោគជ័យ​ឬទេ ហើយ​គោលនយោបាយ​នេះ​កំណត់ និង​មើលឃើញ​ហានិភ័យ​ចម្បង​ៗ​អ្វីខ្លះ ?

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​គូសបញ្ជាក់​នា​ពេល​ថ្មី​ៗ​នេះ​ថា ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​កម្ពុជា​មាន​មូលដ្ឋាន​រឹង​មាំ​ហើយ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​-​អន្តរជាតិ​ឆ្នាំ​២០១៧​ថា ៖« ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ យើង​ត្រូវ​ទទួល​ជោគជ័យ ព្រោះ​យើង​មាន​មូលដ្ឋាន​រឹង​មាំ ។ យើង​ឃើញ​កន្លង​មកនេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ទៅ​ជួប និង​លើកទឹកចិត្ត​ឱ្យ​កម្មករ​ប្រឹងប្រែង​នឹងនរ​ក្នុង​ការ​ផលិត ។ អីចឹង ទាំង​ម្ចាស់​រោងចក្រ និង​កម្មករ​នឹងនរ​ក្នុង​ការ​ផលិត​នូវ​ផលិតផល ហើយ​ទីផ្សារ​យើង​មាន​ស្រាប់ មាន​តែ​ឆ្ពោះទៅ​មុខ » ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖« ពី​មុន វិស័យ​កសិកម្ម​ធំ​ជាង​វិស័យ​ឧស្សាហកម្ម តែ​មក​ដល់​ឥឡូវ វិស័យ​ឧស្សាហកម្ម​ធំ​ជាង​វិញ មាន​ន័យ​ថា ប្រទេស​យើង​ឈាន​ចូល​ជា​ប្រទេស​ឧស្សាហកម្ម​។ អីចឹង អ្វី​ដែល​សំខាន់​ចំពោះ​យើង​ឥឡូវ​មិន​ត្រឹមតែ​មាន​ឧស្សាហកម្ម​ទេ គឺ​រាល់​ការ​ផលិត​នូវ​ផលិតផល​ត្រូវ​មាន​ស្តង់ដា​អន្តរជាតិ ដើម្បី​ឱ្យ​យើង​អាច​ចេញ​ទៅ​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​ខាងក្រៅ » ។

យោង​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ ដើម្បី​ជា​មគ្គុទេសក៍​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នឹង​រួមចំណែក​ដល់​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។ ម្យ៉ាងទៀត គោលនយោបាយ​នេះ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី ដែល​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ការ​លើកកម្ពស់​ផលិតភាព ស្រប​តាម​និន្នាការ​ប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក កា​រវិ​វត្ត​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់ ក៏​ដូច​ជា​ការ​ប្រើប្រាស់​សក្តានុពល​ធនធាន​សរុប​ជាតិ​ឱ្យ​អស់ពី​លទ្ធភាព ។

របាយការណ៍​បញ្ជាក់​ថា គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នឹង​ត្រូវ​អនុវត្ត​ក្នុង​វិសាលភាព​ដូច​ជា ៖
១-​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​កែ​ច្នៃ​កសិផល តាម​រយៈ​ការ​លើកទឹកចិត្ត​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ក្នុងស្រុក ព្រមទាំង​លើកកម្ពស់​សមត្ថភាព​សហគ្រាស​ធុន​តូច​និង​មធ្យម ទាំង​ក្នុងស្រុក​និង​បរទេស សំដៅ​ជំរុញ​ផ្នែក​ផលិតកម្ម​លើ​មុខទំនិញ​បម្រើ​ការ​នាំ​ចេញ និង​ជំនួស​ការ​នាំ​ចូល ។

២-​សមាហរណកម្ម​ទៅ​នឹង​បណ្តាញ​ផលិតកម្ម តំបន់ និង​ពិភពលោក ដើម្បី​ទាញ​ផល​ពី​វិមាត្រ​សេដ្ឋកិច្ច តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ធំ​ៗ​ក្នុង​ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច មហា​អនុ​តំបន់​មេគង្គ និង​កា​រត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​ក្នុង​ប្រទេស​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ កោះកុង និង​តំបន់​ជាប់​ព្រំដែន​ប្រទេស​ជិតខាង​ជា​ពិសេស កា​រត​ភ្ជាប់​មជ្ឈមណ្ឌល​ឧស្សាហកម្ម ទីក្រុង​បាងកក និង​ហូ​ជី​មិ​ញ ។

៣-​តម្រង់​ទិស​ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម ដើម្បី​ធានា​បាន​នូវ​ការ​ប្រមូលផ្តុំ កា​រត​ភ្ជាប់​សេដ្ឋកិច្ច និង​ប្រសិទ្ធភាព​សេវា​ដឹក​ជញ្ជូន​ឡូ​ជី​ស្ទីក ការ​ផ្គត់ផ្គង់​អគ្គិសនី ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផ្សេង​ៗ ។

៤-​លើកទឹកចិត្ត​ដល់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​ដូច​ជា​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច និង​សួន​ឧស្សាហកម្ម រួម​ទាំង​កន្សោម​ឧស្សាហកម្ម ពិសេស កា​រត​ភ្ជាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​ឆ្លងកាត់​ក្នុង​តំបន់​កន្សោម​ឧស្សាហកម្ម​បច្ចេកទេស កន្សោម​កសិឧស្សាហកម្ម កន្សោម​កម្មន្តសាល ឬ​សិប្បកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជា​ឧស្សាហកម្ម​គាំទ្រ និង​ឧស្សាហ​កម្មវត្ថុ​អនុស្សាវរីយ៍​សម្រាប់​ទេសចរណ៍ ។

៥-​យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ចំពោះ​ឧស្សាហកម្ម ជួយ​ដោះស្រាយ​បញ្ហា​សង្គម​ដូច​ជា លើកកម្ពស់​អាហារូបត្ថម្ភ​កុមារ ការ​អភិវឌ្ឍ​ចំណេះដឹង ការ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ ការ​អភិវឌ្ឍ​មរតក​វប្បធម៌ ការ​ជួយ​ក្មេង​កំព្រា ជន​ពិការ ចាស់ជរា និង​សម្ភារ​កីឡា ។

៦-​យកចិត្តទុកដាក់ និង​ជ្រោមជ្រែង​ចំពោះ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ចំណេះដឹង ឬ​បច្ចេកទេស​ទំនើប និង​មាន​ប្រភព​ក្នុង​ប្រទេស ដែល​ជា​មូលដ្ឋាន​ពង្រឹង​កម្មសិទ្ធិ​ជាតិ និង​បង្កើត​ជា​ថ្នាល​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុងស្រុក​ជា​រួម ។

នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា រាជរដ្ឋាភិបាល​ប្រមើល​ឃើញ​នូវ​ហានិភ័យ​ចម្បង​ៗ​មួយ​ចំនួន ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​ដោះស្រាយ​គឺ ៖ ១-​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​បរិការណ៍​តំបន់ និង​ពិភពលោក ។ ២-​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ។ ៣-​ហានិភ័យ​ពាក់ព័ន្ធ​នឹង​អ​ស្ថិរភាព​នយោបាយ និង​៤-​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អភិបាលកិច្ច ស្ថាប័ន និង​ការ​សម្របសម្រួល ៕