ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ Harvey គំរាមកំហែង​តំបន់​ផលិត​ថាមពល

6 ឆ្នាំ មុន

ព្យុះ​ត្រូ​ពិ​ក Harvey បាន​បក់​បោក​ក្នុង​រដ្ឋ Texas កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ វា​បង្ក​ការ​ខូចខាត​ដល់​កន្លែង​ជីក​ប្រេង និង​ឧស្ម័ន​សំខាន់​ៗ ដែល​ជា

រដ្ឋ​តិច​សាស ៖ ព្យុះ​ត្រូ​ពិ​ក Harvey បាន​បក់​បោក​ក្នុង​រដ្ឋ Texas កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ វា​បង្ក​ការ​ខូចខាត​ដល់​កន្លែង​ជីក​ប្រេង និង​ឧស្ម័ន​សំខាន់​ៗ ដែល​ជា​មជ្ឈមណ្ឌល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​សហរដ្ឋអាមេរិក ។ វា​នៅ​តែ​គំរាមកំហែង និង​បង្ក​ការ​អាក់ខាន​ដល់​តំបន់​កែ​ច្នៃ​ប្រេង​សំខាន់​ៗ​នៅ​ឈូង​សមុទ្រ​រដ្ឋ Texas ។

តំបន់​នេះ​មាន​សមត្ថភាព​កែប្រែ​ប្រេង​ឆៅ​ទៅ​ជា​ប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និង​ផលិតផល​ជា​ច្រើន​ទៀត​ប្រមាណ​១​ភាគ​៣​ក្នុង​ប្រទេស ។ តម្លៃ​ប្រេងឥន្ធនៈ​ក៏​អាច​នឹង​កើនឡើង​ផង​ដែរ ដោយសារ​ការ​ប៉ះពាល់​បង្ក​ពី​ព្យុះ ។

ព្យុះ​នេះ​បាន​បង្ខំ​ឲ្យ​មានការ​ជម្លៀស​ពលរដ្ឋ និង​បិទ​កន្លែង​កែ​ច្នៃ​ប្រេង​ជា​ច្រើន ។ វា​បាន​បក់​បោក​ក្នុង​ប៉ែក​ឦសាន​នៃ Corpus Christi និង​គំរាមកំហែង​ដល់​កំពង់​ផែ​នាំ​ចេញ​ប្រេង​ឆៅ​ធំ​ជាងគេ​របស់​ប្រទេស​ផង​ដែរ ។

លោក John LaRue នាយក​ប្រតិបត្តិ​របស់​កំពង់​ផែ​នេះ និយាយ​ថា បុគ្គលិក​ធ្វើការ​ក្នុង​កំពង់​ផែ​កំពុង​តែ​ថ្លឹងថ្លែង​ពី​កម្រិត​ប៉ះពាល់ ។

យោង​តាម ClipperData ឲ្យ​ដឹង​ថា ដើម្បី​បំពេញតម្រូវការ​ប្រេង​របស់​សហរដ្ឋអាមេរិក រដ្ឋ​នេះ​បាន​នាំ​ចូល​ប្រេង​ប្រមាណ​ជាង​៣​លាន​ធុង​ជា​រៀងរាល់ថ្ងៃ ពី​ប្រទេស​ដទៃ​ដូច​ជា ម៉ិ​ក​ស៊ិ​ក​, កូ​ឡុំ​ប៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ។ យ៉ាងណា​ក្តី រដ្ឋ​នេះ​ក៏​បាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​បរទេស​ប្រមាណ​១​លាន​ធុង​ក្នុង​១​ថ្ងៃ ។

ព្យុះ​នេះ​កំពុង​តែ​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ក្នុង​ឈូង​សមុទ្រ និង​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​ថាមពល​ទាំងនោះ​បាន​ជម្លៀស​ចេញពី​តំបន់​ជីក​ប្រេង និង​ឧស្ម័ន ។

ការិយាល័យ​សុវត្ថិភាព និង​បរិស្ថាន​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ផលិតកម្ម​ប្រេង​ប្រមាណ​២៤%​ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​ត្រូវ​បាន​ប៉ះពាល់ ហើយ​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​២៦%​ទៀត​បាន​បិទ​ចោល ។

យោង​តាម EIA ឲ្យ​ដឹង​ថា ឈូង​សមុទ្រ​នេះ គឺ​ស្មើ​១​ភាគ​៥ នៃ​ផលិតកម្ម​ប្រេង​សរុប​របស់​សហរដ្ឋអាមេរិក ។

លោក Matt Smith  ប្រធាន​ស្រាវជ្រាវ​ផលិតផល​ក្នុង ClipperData និយាយ​ថា ៖« វា​ជា​តំបន់​ថាមពល​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេ​រិ​ក » ៕