ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែត រ​ដ្ឋា និង គឹ​ម វាសនា បន្ត​ប៉ះ​ជាមួយ​កីឡាករ​បរទេស​មុន​រដូវ​កាលដណ្តើម​ខ្សែក្រវាត់​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ សីហា ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​នៅ​តែ​មានការ​ប្រកួត​អន្តរជាតិ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ សីហា ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​នៅ​តែ​មានការ​ប្រកួត​អន្តរជាតិ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា បើ​ទោះជា​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ដែល​បាន​បញ្ចប់​ទៅ​នៅ​មិន​ទាន់​ប្រកាស​បើក​រដូវ​កាល​ថ្មី​ក្ដី ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​កីឡាករ​កម្ពុជា​ទាំង​ពីរ​ប៉ះ​កីឡាករ​ថៃ​សុទ្ធតែ​ល្បីឈ្មោះ ពេញកម្លាំង និង​ពោរពេញ​ដោយ​បច្ចេកទេស​ប្រកួត​នៅ​លើ​សង្វៀន​តែ​ម្ដង​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ស្អែក​នេះ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​ដំណើរ​ការ​​ចំ​ពេល​រសៀល​ថ្ងៃ​សម្រាក ដែល​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទូ​ឌី​យោ ។ ប្រដាល់​អន្តរជាតិ​ជា​លក្ខណៈ​មិត្តភាព​កំដរ​រេញ ដើម្បី​រង់ចាំ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​វគ្គ​ថ្មី​លេច​ចេញ​ជា​រូបរាង​នេះ ត្រូវ​បាន​ប្រកាស​ថា ពិតជា​មាន​ទស្សនិកជន​មក​ទស្សនា​កកកុញ​មិន​ខុស​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នោះ​ឡើយ ។  កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ង៉ែត រ​ដ្ឋា  និង​កីឡាករ​ល្បីឈ្មោះ​គួរសម គឹ​ម វាសនា  នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​នៅ​រសៀល​ស្អែក​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ ដោយ​គ្រាន់តែ​បានដឹង​ថា ពួក​គេ​នឹង​ត្រូវ​ឡើង​ប្រកួត​គ្នា​ភាគី​ម្ខាង​ៗ​សប្បាយចិត្ត​ទទួលយក​ដោយ​ការ​ពេញចិត្ត​តែ​ម្ដង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ង៉ែត រ​ដ្ឋា ជា​ជើង​ខ្លាំង​ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​ Chhart Chhay ក្នុង​នាម​ជា​គូ​ឯក ។ លោក​ថា​ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​​ឱ្យ​ពួក​គេ​ប៉ះ​គ្នា​តែ​ម្ដង នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ដើម្បី​ឱ្យ​ការ​ប្រកួត​នៅ​ចុងខែ​សីហា​នេះ មាន​ភាព​ទាក់ទាញ ។

លោក​ថា កីឡាករ ង៉ែត រ​ដ្ឋា អាច​ចាត់ទុកជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ទើប​សម្រេច​ឱ្យ​ឡើង​ប្រកួត​ជា​អន្តរជាតិ ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចម្រុះ​ដោយ​​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា​ជំនួប ង៉ែត រ​ដ្ឋា ជាមួយ​កីឡាករ​ថៃ ពិតជា​មិនធម្មតា ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​គឺជា​សមាស​ភាពល្អ​ម្នាក់ បន្ទាប់​ពី​ការ​ប្រកួត​ប៉ុន្មាន​​លើក​ចុង​ក្រោយ​របស់​គេ​មាន​លទ្ធផល​ល្អ​វិញ ខុស​ពី​មួយ​រយៈពេល​មុន​ដែល​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ មិនសូវ​ល្អ​ខ្លះ នៅ​លើ​សង្វៀន​អន្តរជាតិ​ដូច​គ្នា ។ លោក​ថា ង៉ែត រ​ដ្ឋា នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព​ពេញ​បរិបូរ​ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៣​លើក ឈ្នះ​៥២​លើក ចាញ់​៨​លើក និង​ស្មើ​៣​លើក ហើយ​បើ​ទោះជា​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ឡើង​ប្រកួត​តិច​ជាង​កីឡាករ​កម្ពុជា (​ប្រកួត​៦៦​លើក ឈ្នះ​៥៦​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក​)​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ។

សម្រាប់​កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Ken Shap  ក្នុង​នាម​ជា​គូ​រង​ឯក​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នេះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ  ក្នុង​ពេល​ដែល គឹ​ម វាសនា ជា​កីឡាករ​ខ្លាំង តែ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​អន្តរជាតិ​នា​ពេល​កន្លង​មក ។ លោក​ថា កីឡាករ​ថៃ​គឺជា​ជើង​ចាស់ និង​ល្បីឈ្មោះ តែ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ​បើ​ទោះជា​គេ​ថ្មី​បន្តិច​ក្តី ។

លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៦​លើក ចាញ់​១០​លើក មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ទើប​ប្រកួត​បាន​៥៦​លើក ឈ្នះ​៤៥​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា​ផង​ដែរ​៕