ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គ្រប់គ្រង​កម្មវិធី​កីឡាប្រាប់​មូលហេតុ​ដាក់​កីឡាករ​មុខ​ដដែល​ៗ​ឡើង​ប្រកួត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ទោះ​បី​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មានការ​រីក​ចម្រើន​ខ្លាំង​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ប្រធាន​សហព័ន្ធ​ក៏​ដូច​ជា​

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ទោះ​បី​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មានការ​រីក​ចម្រើន​ខ្លាំង​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ប្រធាន​សហព័ន្ធ​ក៏​ដូច​ជា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ជា​ពិសេស​ស្ថានីយទូរទស្សន៍​ឯកជន​បានប្រជែង​គ្នា​បង្កើត​សង្វៀន​ប្រដាល់​យ៉ាងច្រើន​បម្រើ​ឱ្យ​កម្មវិធី​កីឡា​ដ៏​ពេញ​និយម​របស់​ខ្លួន​ធ្វើ​ឱ្យ​ក្លិប និង​សមាគម​កីឡា​ប្រដា​បង្កើត​ឡើង​ព្រោងព្រាត​ក៏​គេ​កត់សម្គាល់​ឃើញ​ថា នៅ​តាម​សង្វៀន​ទូរទស្សន៍​ទាំងនោះ​ភាគច្រើន​ដាក់​តែ​កីឡាករ​ដដែល​ៗ​ឱ្យ​ប្រកួត​គ្នា​ទៅ​វិញ​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង  ។

លោក ងិ​ន វ៉ា​ន់​ដា មន្ត្រី​ផ្នែក​រដ្ឋបាល​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្លិប​កីឡាប្រដាល់​រីក​ដុះដាល​ដូច​ផ្សិត​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៩១​ក្លិប​និង​សមាគម ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ក្លិប​និង​សមាគម​ចំនួន​២៤​គឺ​មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ប៉ុណ្ណោះ​មិន​មាន​សកម្មភាព​ហ្វឹកហាត់​ឡើយ ។ ដោយ​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​នេះ​ហើយ​ទើប​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ធ្វើ​កំណែទម្រង់​ឱ្យ​បណ្ដា​ក្លិប​និង​សមាគម​ជា​សមាជិក​ទាំងអស់​ធ្វើ​លិខិតស្នើ​សុំ​ឡើង​វិញ​ដើម្បី​មានឈ្មោះ​ជា​ផ្លូវការ​ត្រឹមត្រូវ ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង ។ តាំងពី​មានការ​ផ្សព្វផ្សាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ មាន​ក្លិប​និង​សមាគម​តែ​ជាង​៣០​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់។ ក្នុង​ចំណោម​ក្លិប​និង​សមាគម​ទាំងនោះ​មាន​កីឡាករ​-​កីឡាការិនី​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​សរុប​មាន​ចំនួន​៦៤០​នាក់​ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​១២​នាក់ ។ ទោះបី​ចំនួន​នេះ​មើលឃើញ​ថា​ច្រើន​អាច​បញ្ជាក់​ថា វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មានការ​រីក​ចម្រើន ក៏​ទស្សនិកជន​ភាគច្រើន​មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​សង្វៀន​ប្រដាល់​ទាំងនោះ​ដាក់​តែ​កីឡាករ​ដដែល​ៗ​ឱ្យ​ឡើង​ប្រកួត​ស្ទើរតែ​រាល់​ស​ប្ដា​ហ៍​ទៅ​វិញ ។

លោក មាស សុខ​គ្រី ប្រធាន​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​នេះ​ថា រឿង​នេះ​ត្រូវ​បន្ទោស​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដែល​មិន​ព្រមឱ្យ​កីឡាករ​ដែល​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​មក​ប្រកួត​នៅ​លើ​សង្វៀន​ដទៃ ។

លោក​បញ្ជាក់​ថា ទស្សនិកជន​អាច​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍ បើសិនជា​យើង​អនុញ្ញាត​ឱ្យ​កីឡាករ​ផ្លាស់​ប្ដូរ​សង្វៀន​ប្រកួត​គ្នា ។ ម្យ៉ាងវិញទៀត​យើង​ត្រូវ​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល​ឱ្យ​បាន​ច្រើន ទើប​ថ្ងៃក្រោយ​យើង​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ដែល​ស្ថានីយទូរទស្សន៍​ទាំង​អស់ចង់​បាន ។

លោក មាស វណ្ណ​ឌី ប្រធាន​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក បាន​មាន​ប្រសាសន៍​ថា បានជា​ឃើញ​កីឡាករ​មុខ​ដដែល​ៗ​ឡើង​ប្រកួត​គឺ​ដោយសារ​តែ​ខាង​ស្ថានីយទូរទស្សន៍​ជា​អ្នក​ស្នើ​សុំ​កីឡាករ​ពី​សហព័ន្ធ​ប៉ុណ្ណោះ ។ ជាក់ស្ដែង​ក្លិប​របស់​លោក​មាន​កីឡាករ​ក្មេង​ៗ​ច្រើន​ហើយ​លោក​ក៏​ចង់ឱ្យ​ពួក​គេ​ឡើង​សង្វៀន​ប្រកួត​ដែរ​តែ​ធ្វើ​ម៉េ​ច​បើ​គេ​ចង់បាន​តែ​កីឡាករ​ជើង​ចាស់​ឡើង​សង្វៀន​ប្រកួត​នោះ ។ តាម​លោក​ដឹង កីឡាករ​ថ្មី​ដែល​មិន​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​តែងតែមាន​បញ្ហា​ខ្លះ​ៗ​មិន​ខាន​ដូច​ជា​ប្រកួត​មិន​បាន​ពេញ​៥​ទឹក​ជា​ដើម ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​ម្ចាស់​ស្ពុ​ន​ស័​៊​រ​ទើប​អ្នក​រៀបចំ​កម្មវិធី​មានការ​រើសអើង​កីឡាករ​ថ្មី​បែប​នេះ ។

លោក ម៉ា ស៊ី​ថេ​ត អ្នក​ទទួលខុសត្រូវ​កម្មវិធី​កីឡា​មួយ​រូប​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN​ឱ្យ​ដឹង​ថា ស្ថានីយទូរទស្សន៍​របស់​លោក​គឺ​បើក​ទូលាយ​ដោយ​ផ្ដល់​ឱកាស​ដល់​កីឡាករ​គ្រប់​រូប​មិន​ថា​ជើង​ចាស់​ឬ​ជើង​ថ្មី​នោះ​ទេ អាច​ឡើង​សង្វៀន​ប្រកួត​បាន​ទាំងអស់ ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​ទទួល​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ លោក​ថា កន្លង​​មក​មាន​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នាក់​រួច​មក​ហើយ​ដែល លោក​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ឡើង​សង្វៀន​ប្រកួត​រហូត​ក្លាយជា​កីឡាករ​ឆ្នើម​ឈាន​ទៅ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​​ទៀត​ផង ។ ចំណែក​កីឡាករ​ចាស់​ៗ​ដែល​ខ្លះ​ស្ទើរតែ​ប្រកួត​លែង​បាន​ទៅ​ហើយ​ក៏​លោក​នៅ​តែ​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់​បាន​ឡើង​សង្វៀន​ប្រកួត​ជា​ញឹកញាប់​ដែរ​។

ប៉ុន្តែ​មាន​ករណី​មួយ​ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​អារកាត់​ដោយ​ខ្លួនឯង​បាន គឺ​នៅ​ពេល​ខាង​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី​ចង់បាន​កីឡាករ​កម្រិត​ណាមួយ​នោះ​យើង​ត្រូវ​តែ​ធ្វើ​តាម​សំណូមពរ​របស់​គេ​ហើយ ។

លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​គ្រប់​គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ CNC ​និង ​MyTV ​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​ដែល​ថា​ កីឡាករ​ស្រុក​ខ្មែរ​មុខ​ដដែល​ឡើង​សង្វៀន​ប្រកួត​នោះ​គឺ​ពិតជា​ត្រឹមត្រូវ​ហើយ​។

កីឡាករ​កម្ពុជា​យើង​បើ​ប្រៀបធៀប​ជាមួយ​ថៃ​គឺ​មិន​បាន​មួយ​ខេត្ត​របស់​គេ​ផង កីឡាករ​គេ​ក្នុង​មួយ​ប្រភេទ​ទម្ងន់​មាន​រាប់រយ​នាក់​ដែល​អាច​ឡើង​សង្វៀន​ប្រកួត​បាន​ចំណែក​កីឡាករ​យើង​មាន​តែ​៥-៦​នាក់​ប៉ុណ្ណោះ ដូច្នេះ​ធនធាន​កីឡាករ​យើង​នៅ​មាន​កម្រិត​នៅឡើយ ។ បើសិនជា​ចង់បាន​ដូច​គេ​មាន​តែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ត្រូវ​ខិតខំ​បណ្ដុះបណ្ដាល​កីឡាករ​ឱ្យ​បាន​ច្រើន ពេល​នោះ​យើង​នឹង​មាន​កីឡាករ​ប្លែក​ៗ​ច្រើន​មិន​ខាន ។ ម្យ៉ាងវិញទៀត លោក​កំពុង​តែ​មាន​គោលដៅ​ផលិតកម្ម​វិធី​មួយ​ដាច់​ដោយ​ឡែក​សម្រាប់​កីឡាករ​ក្មេង​ៗ​ដែល​មាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួក​គេ​បាន​បញ្ចេញ​សមត្ថភាព​ពិត និង​អាច​ក្លាយជា​កីឡាករ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត ។

ចំណែក​លោក​សំណព្វ អ្នកគ្រប់គ្រង​កម្ម​វិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍ ​PNN ​វិញ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​បាន​ទេ​ ដោយសារ​លោក​ជាប់​ភារកិច្ច​ទៅ​យក​ព័ត៌មាន​កីឡា​ស៊ី​ហ្គេ​ម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ៕