ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ កីឡាករ ឃឹម ឌី​ម៉ា ក្លាយជា​តារា​សម្តែង​ភាពយន្ត​ខ្នាត​ធំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតថា ​ស្ងាត់​ពី​ការងារប្រដាល់​មិនសូវ​សស្រាក់សស្រាំ​លើ​សង្វៀន​ដូច​មុន ប៉ុន្តែ​គេ​កត់​សម្គាល់ថា

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតថា ​ស្ងាត់​ពី​ការងារប្រដាល់​មិនសូវ​សស្រាក់សស្រាំ​លើ​សង្វៀន​ដូច​មុន ប៉ុន្តែ​គេ​កត់​សម្គាល់ថា ​កីឡាករ​ល្បីឈ្មោះ ឃឹម ឌី​ម៉ា នៅ​តែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​ចំណោម​អ្នក​ស្នេហា​ប្រដាល់​ភាគច្រើន ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​កីឡាករ​រូប​នេះ​បាន​ក្លាយជា​តារា​សម្ដែង​ក្នុង​ពិភព​ភាពយន្ត​ខ្នាត​ធំ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដែល​នេះ​គឺជា​ជំហាន​ដំបូង​ដែល​រូបគេ​បាន​បោះ​ជំហាន​ពី​កីឡាប្រដាល់​ទៅ​ជា​តារាភាពយន្ត ដែល​ខុស​ពី​អាជីព​ដើម​របស់​ខ្លួន ។

ប្រភព​ពី​ផលិតករ​រឿង «​ចង់​ដឹង​សាកមើល​» ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​បាន​អះអាង​ថា កីឡាករ​ល្បីឈ្មោះ ឃឹម ឌី​ម៉ា បាន​ចុះ​កិច្ចសន្យា​ធ្វើ​ជា​តួ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​មួយ​នេះ​រួចរាល់​ហើយ​ដែល​នឹង​ដល់​ប្លង់​ត្រូវ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ឱ្យ​រឿង​ទាំងមូល​ត្រូវ​ថត​ចប់​ទាំងស្រុង​នៅ​អំឡុង​ចុងខែ​កញ្ញា​ខាង​មុខ ។

លោក ដេ​វីត អ្នកគ្រប់គ្រង​ផលិតកម្ម​GM ដែល​ជា​អ្នក​ផលិតភាព​យន្ត​នេះ បាន​អះអាង​ថា ឃឹម ឌី​ម៉ា ត្រូវ​បានឱ្យ​សម្ដែង​ជា​តួ​សំខាន់​មួយ​ក្នុង​រឿង ដោយ​រូបគេ​ត្រូវ​សម្ដែង​ជា​អ្នក​ក្លាហាន មាន​ចរិត​ម៉ឺងម៉ាត់ និង​ពូកែ​វាយតប់​ផង ដោយ​មិនមែន​ជា​តួ​សម្ដែង​តែ​ប៉ុន្មាន​ប្លង់​ហើយ​ក៏​បាត់​មុខ​នោះ​ទេ ។ ទោះបីជា ឃឹម ឌី​ម៉ា មិន​ទាន់​ប្រាកដ​ថា​មាន​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង​ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​ផ្អែក​តាម​រូបសម្បត្តិ ភាព​ល្បីល្បាញ គឺ​ក្រុមការងារ​នឹង​ផ្ដល់​ឱកាស​ឱ្យ​រូបគេ​សម្ដែង​ជា​តួ​សំខាន់​ក្នុង​រឿង ដោយ​ក្រុមការងារ​ក៏​នឹង​បង្ហាត់​ឱ្យ​ចេះ​លេង​ទឹកមុខ​ដើម្បី​ឱ្យ​ការ​សម្ដែង​លើក​ដំបូង​របស់​មានការ​ចាប់អារម្មណ៍​ផង​ដែរ ។

លោក ដេ​វីត ថ្លែង​ទៀត​ថា លោក​មាន​បំណង​លើក ឃឹម ឌី​ម៉ា ឱ្យ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ភាពយន្ត ដោយ​រំពឹង​ថា​ការ​សម្ដែង​របស់​គេ​នឹង​ទាក់ទាញ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ឲ្យ​ចង់​ទស្សនា​ភាពយន្ត​មួយ​នេះ​ក្រោយ​ពេល​ដាក់​បញ្ចាំង ដោយសារ​តែ​នៅ​ក្នុង​ពិភព​ប្រដាល់ ឃឹម ឌី​ម៉ា គឺ​កីឡាករ​ល្បីឈ្មោះ និង​មានការ​គាំទ្រ​ខ្លាំង ។ លោក​សម្លឹង​ឃើញ​ថា ឃឹម ឌី​ម៉ា នឹង​មាន​ជំហាន​ឈាន​ឡើង​មិន​ចាញ់​ការ​ប្រឡូក​សិល្បៈ​សម្ដែង​របស់​អតីត​កីឡាករ ចៀស ស្រួច និង ចាន់ រតនា នោះ​ទេ ដោយសារ​តែ​កីឡាករ​រូប​នេះ​ពេល​ថត​គឺ​ស៊ី​កាមេរ៉ា ហើយ​បើ​និយាយ​ពី​រូបរាង​ក៏​មិន​ចាញ់​តារា​សម្ដែង​មួយ​ចំនួន​ដែរ ។

លោក​នឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​បោះ​ជំហាន​ក្នុង​ពិភព​សម្ដែង​របស់ ឃឹម ឌី​ម៉ា ជា​ពិសេស​ក្នុង​ពេល​ដែល​រឿង​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ថា តម្រូវ​ឱ្យ​រូបគេ​សម្ដែង​ជា​តួ​សំខាន់​ចេញ​មុខ​ច្រើន​គួរសម ដែល​ងាយ​នឹង​លេចធ្លោ ហើយ​ត្រូវ​សម្ដែង​ជា​តួអង្គ​ចេះ​វាយតប់ និង​មាន​អត្ត​ចរិត​ជា​អ្នកក្លាហាន ដែល​ពិតជា​ស៊ី​នឹង​សមត្ថភាព​របស់​គេ​ដែល​មាន​ជំនាញ​ជា​អ្នកកីឡា​អាជីព​ស្រាប់​នោះ​ទៅ​ទៀត ។

ទោះជា​យ៉ាងណា លោក ដេ​វីត មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឃឹម ឌី​ម៉ា ស៊ីថ្លៃ​ប៉ុន្មាន​ក្នុង​រឿង «​ចង់​ដឹង​សាកមើល​» ជា​ភាពយន្ត​ខ្នាត​ធំ​ដែល​គេ​ទទួល​សម្ដែង​បើក​ឆាក ចាប់តាំងពី​បាន​ក្លាយជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​នោះ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា មានការ​ចរចា​គ្នា​ក្នុង​កម្រិត​មួយ​អាច​ទទួលយក​បាន ទើប​គេ​សុខចិត្ត​ធ្វើ​ដំណើរ​តាំងពី​ខេត្តបន្ទាយ​មាន​ជ័យ​មក​ថត​ដល់​ភ្នំពេញ និង​នៅ​កន្លែង​ខ្លះ​ទៀត ដើម្បី​រំលេច​ផ្ទៃរឿង​ដែល​លោក​ចង់បាន​ឱ្យ​មាន​ភាព​ទាក់ទាញ ។

លោក​មាន​គម្រោង​នឹង​ផ្ដល់​តំណែង​ឱ្យ ឃឹម ឌី​ម៉ា បាន​ថត​ក្នុង​រឿង​របស់​លោក​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​គេ​អាច​សម្ដែង​បានជា​តួ​ធម្មតា​ៗ ដោយ​មិន​ទាល់តែ​តួ​វាយតប់​ឱ្យ​ត្រូវ​នឹង​អាជីព ។ ម្យ៉ាង មក​ពី​រូបគេ​គឺជា​កីឡាករ​ដែល​មាន​រូបរាង​ទាក់ភ្នែក​ផង​នោះ ទើប​យល់​ថាបើ​គេ​អាច​សម្ដែង​ជា​តួ​ទូទៅ​បាន​ដោយ​មិន​ទាល់តែ​ឱ្យ​សម្ដែង​ជា​តួ​ចេះ​ក្បាច់គុន គឺ​ងាយស្រួល​ក្នុង​ការ​សៀតស៊ក​តែ​ម្ដង ។

តាម​រយៈ​ការ​ទម្លាយ​របស់​ផលិតករ​រឿ «​ចង់​ដឹង​សាកមើល​» បាន​បង្ហាញ​ថា ឃឹម ឌី​ម៉ា ដែល​គេ​ធ្លាប់តែ​ស្គាល់​ពី​សមត្ថភាព​តាម​រយៈ​ការ​ឡើង​សង្វៀន​វាយ​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​បរទេស​ផ្សេង​ទៀត នឹង​បង្ហាញ​សមត្ថភាព​មួយ​បែប​ផ្សេង​គឺ​ប្រឡូក​ជា​តារា​សម្ដែង​វិញ​ម្ដង​។

ឌី​ម៉ា គឺជា​កីឡាករ​ល្បី​ម្នាក់​ទៀត ដែល​បាន​ហក់​ចូល​ក្នុង​អាជីព​នេះ ក្នុង​ពេល​ដែល​កីឡាករ​ប្រដាល់​ពីរ​បី​រូប​ហើយ​បាន​ចូល​ប្រឡូក​ដូច​គ្នា និង​បាន​ក្លាយជា​តារា​ដែល​មាន​ទីផ្សារ​ក្នុង​ការ​សម្ដែង​ភាពយន្ត ។  ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​សម្ដែង​ជា​ចំណូលចិត្ត​របស់ ឃឹម ឌី​ម៉ា បន្ថែម​ដោយ​ទេព​កោ​ល​ស្យ​ឬ​យ៉ាងណា​ទេ ក្នុង​ពេល​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ថា ការ​សម្ដែង​គឺ​រូបគេ​មិនសូវ​មាន​ចំណូលចិត្ត តែបើ​មានការ​ស្នើ​ពី​ខាង​ផលិតករ ហើយ​រូបគេ​គិត​ថា​អាច​សម្ដែង​ជា​តួអង្គ​នោះ​បាន គឺ​នឹង​សាកល្បង​សម្ដែង ។

ឃឹម ឌី​ម៉ា គឺជា​កីឡាករ​មួយ​រូប​ដែល​មិនសូវ​មាន​មហិច្ឆតា​ចង់​ក្លាយជា​តារា​សម្ដែង​បន្ថែម​ពី​លើ​ការ​ប្រដាល់​នោះ​ទេ ប៉ុន្តែ​បើ​ការ​សម្ដែង​របស់​គេ​ក្នុង​ជំហាន​បើក​ឆាក​នេះ​មាន​ការ​​គាំទ្រ និង​មាន​ផលិតករ​បន្ត​ផ្ដល់​ឱកាស គឺ​ច្បាស់​ណាស់​រូបគេ​នឹង​អាច​ឈោង​ចាប់​អាជីព​សម្ដែង ក្នុង​ពេល​អាជីព​ប្រដាល់​របស់​ខ្លួន​ក៏​មិនសូវ​រីក​ចម្រើន​ដូច​មុន ដោយសារ​តែ​វត្តមាន​កីឡាករ​ក្មេង​ៗ និង​អាច​បណ្ដាល​មក​ពី​រូបគេ​កាន់តែ​រយាល​មិនសូវ​ចង់​ហ្វឹកហាត់​ជាប់លាប់​ដូច​មុន ដែល​នាំ​ឱ្យ​ធ្លាក់ដៃ​ក្នុង​ពេល​ឡើង​សង្វៀន​ក្រោយ​ៗ ។

បើ​ធៀប​នឹង​អំឡុង​ពេល​មុន គឺ​បច្ចុប្បន្ន ឃឹម ឌី​ម៉ា មិនសូវ​បាន​ឡើង​សង្វៀន​ប៉ុន្មាន​ទេ ពោល​គឺ​ចាប់តាំងពី​រូបគេ​មានការ​ប្រែប្រួល​សមត្ថភាព​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​ទទួល​បាន​ភាព​បរាជ័យ​ក្រោម​ដៃ​កីឡាករ​បរទេស​ច្រើន​ជាង​ឈ្នះ ដែល​មិនមែន​ជា​អ្វី​ដែល​អ្នកគាំទ្រ​ទទួលយក​។

ក្នុង​នោះ សូ​ម្បី​តែ​ការ​ប្រដាល់​ដាក់​ទ្រុង ដែល​ធ្លាប់​ជួយ​ឱ្យ​កីឡាករ​រូប​នេះ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ក៏​សឹងតែ​បាត់​ឱកាស​ដែរ ដោយសារ​តែ​រូបគេ​បរាជ័យ​នៅ​លើ​សង្វៀន​អន្តរជាតិ​នោះ​រហូត​ធ្វើ​ឱ្យ​បាត់បង់​ការ​ផ្គូផ្គង​នា​ពេល​ចុង​ក្រោយ ។

ឃឹម ឌី​ម៉ា ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​កីឡាករ​មួយ​រូប​ដែល​មាន​ទីផ្សារ​នៅ​លើ​សង្វៀន​ប្រដាល់​ក្នុងស្រុក សម្រាប់​ការ​ប្រកួត​ជា​អន្តរ​ជាតិ​ធំ​ៗ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់  ប៉ុន្តែ​បណ្ដាល​មក​ពី​ពេល​ខ្លះ​ក៏​ឈ្នះ ហើយ​ពេល​ខ្លះ​ក៏​ចាញ់ ទើប​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​បាក់​ស្រុត​កម្លាំង​គាំទ្រ​មួយ​ផ្នែក ។ អីុ​ចឹ​ង​ហើយ ទើប​ការ​បង្ហាញខ្លួន​នៅ​ក្នុង​វិស័យ​ភាពយន្ត​អាច​ជា​ការ​កៀរគរ​ប្រជាប្រិយ​ភាព​មួយ​ថ្មី បន្ទាប់​ពី​ទីផ្សារ​ឡើង​ប្រដាល់​របស់​កីឡាករ​រូប​នេះ​មានការ​ប្រែប្រួល ជា​ពិសេស​ក្រោយ​ការ​ឡើង​សង្វៀន​ម្ដង​ៗ​របស់​គេ ទទួល​លទ្ធ​ផល​មិនសូវ​ល្អ​តាម​ការ​រំពឹង​ទុក ។

ឃឹម ឌី​ម៉ា ធ្លាប់​បាន​ប្រកាស​ថា ភាព​នឿយ​ណាយ​នៅ​ក្នុង​ពិភព​ប្រដាល់ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រូបគេ​មិនសូវ​ស្វាហាប់​ជាមួយនឹង​ការ​ឡើង​សង្វៀន ទើប​ធ្វើ​ឱ្យ​ការ​ហ្វឹក​ហាត់​​មិនសូវ​សកម្ម ហើយ​ឈាន​ទៅ​បាត់បង់​កម្លាំង​រឹង​មាំ​មួយ​ផ្នែក ដែល​នាំ​ឱ្យ​យូរ​ៗ​ទើប​ទទួល​ឡើង​ប្រកួត​ម្ដង ។ ទោះជា​យ៉ាងណា ការ​ប្រដាល់​នៅ​តែ​ជា​ជម្រើស​សម្រាប់​ជីវិត តែ​មិន​ចង់​ឡើង​ប្រកួត​រហូត​ភ្លេច​គិតការ​ងារ​ផ្ទាល់ខ្លួន និង​ចេះ​តែ​ទទួល​ប្រកួត រហូត​មិន​ទុក​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​នោះ​ទេ ទើប​អ្នក​ទស្សនា​កម្រ​ឃើញ ឃឹម ឌី​ម៉ា ឡើង​សង្វៀន​សឹងតែ​រាល់​អាទិត្យ​ដូច​មុន ដែល​មាន​ន័យ​ថា​សឹងតែ​ស្ងាត់​មុខ ទាល់តែ​ច្រើន​ស​ប្ដា​ហ៍​ទើប​ឃើញ​ឡើង​ប្រកួត​ម្ដង ។

ទំនងជា​ចង់​បង្វែរ​អាជីព​ពី​ការ​ប្រដាល់​ទៅ​ជា​អាជីព​មួយ​ផ្សេង​ទៀត​ហើយ ទើប​ស្រាប់តែ​ឃឹម ឌី​ម៉ា លេចមុខ​យ៉ាង​ក្រឡឺម​ក្នុង​ការ​ទទួល​សម្ដែង​ក្នុង​រឿង​«​ចង់​ដឹង​សាកមើល​» ដែល​ត្រូវ​គេ​អះអាង​ថា កីឡាករ​រូប​នេះ​គឺជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង ហើយ​ត្រូវ​សម្ដែង​ជា​តួអង្គ​ដែល​មាន​រូបរាង​សង្ហា និង​ចេះ​វាយតប់​ផង ។

ផលិតករ​រឿង «​ចង់​ដឹង​សាកមើល​» បញ្ជាក់​ថា ភាពយន្ត​មួយ​នេះ​នឹង​បញ្ចប់​ការ​ថត​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​អាច​ដំណើរការ​ដាក់​បញ្ចាំង​ក្នុង​រោង​នៅ​អំឡុង​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​។ លោក ដេ​វីត បញ្ជាក់​ថា តួអង្គ​របស់ ឃឹម ឌី​ម៉ា ក៏​ត្រូវ​សម្ដែង​ប៉ះ​ជាមួយ​តួអង្គ​ជា​អ្នកចេះ​វាយតប់​ផ្សេង​ទៀត​ដែរ ដើម្បី​រំលេច​ក្បាច់គុន​ដោយ​ឱ្យ​មាន​ឈុត​ឆាក​វាយតប់​ដោយ​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ ។ ក្នុង​នោះ​ភាពយន្ត​មួយ​នេះ ក៏​តម្រូវ​ឱ្យ​តួអង្គ​សំខាន់​សម្ដែង​បែប​កំប្លុកកំប្លែង​ផង​ដែរ បើ​ទោះជា ឃឹម ឌី​ម៉ា មិន​មាន​ប្លង់​ច្រើន​ក្នុង​ការ​សម្ដែង​ជា​តួ​បែប​កំប្លែង ដែល​ខុស​ពី​ជំនាញ​ដើម​របស់​គេ ។

លោក​ហាក់​រំពឹង​ក្នុង​កម្រិត​ខ្ពស់​ថា រឿង​ដែល​ឃឹម ឌី​ម៉ា ចូលរួម​សម្ដែង​នឹង​មានការ​គាំទ្រ​ខ្លាំង ដោយសារ​តែ​រូបគេ​ទើបត្រូវ​សម្ដែង​ជា​លើក​ដំបូង ហើយ​ភាពយន្ត​មួយ​នេះ​ក៏​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា នាយ​ចាប​ចៀន នាយ​ក្រូច កញ្ញា ដួង ម៉ា​និ​ច លោកលឹ​ម រ​ដ្ឋា និង​តារា​សម្ដែង​ល្បីឈ្មោះ​ជា​ច្រើន​ទៀត ។ ក្រៅពី​ឃឹម ឌី​ម៉ា ក៏​មាន​វត្តមាន​កីឡាករ​អាជីព​មួយ​ចំនួន​ទៀត​ចូលរួម​សម្ដែង​ដែរ ៕