ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម​ថុ​ន វិ​ទិ​នី លាតត្រដាង​ពី​ជីវិត​ពិតដែល​អ្នកគាំទ្រ​ភាគច្រើន​មិន​ដឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​កីឡា គេ​កត់សម្គាល់​កញ្ញា​ហែម​ថុ​ន វិ​ទិ​នី គឺជា​កីឡាការិនី​មួយ​រូប​ដែល​មាន​អ្នក​ចាប់អារម្មណ៍​មិន​តិច​ទេ ជា​ពិសេស​

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​កីឡា គេ​កត់សម្គាល់​កញ្ញា​ហែម​ថុ​ន វិ​ទិ​នី គឺជា​កីឡាការិនី​មួយ​រូប​ដែល​មាន​អ្នក​ចាប់អារម្មណ៍​មិន​តិច​ទេ ជា​ពិសេស​នៅ​ពេល​នឹកគិត​ដល់​កីឡាការិនី​រូប​ណា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ជាងគេ គឺ​ហែម​ថុ​ន វិ​ទិ​នី ពិតជា​ត្រូវ​គេ​នឹកគិត​ដល់​ភ្លាម​ៗ ដោយសារ​តែ​នាង​មាន​រូប​សម្រស់​ស្រស់​សោភា បន្ថែម​ពីលើ​សមត្ថភាព​ផ្នែក​ហែល​ទឹក ។ ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ​ត្រួស​ៗ​របស់​កីឡាការិនី​រូប​នេះ ដែល​អ្នកគាំទ្រ​ភាគច្រើន​មិន​បានដឹង ។

ហែម​ថុ​ន វិ​ទិ​នី ជា​កូនស្រី​ទោល​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ម្ដាយ​ឈ្មោះ​ហែម សេ​ដា វ័យ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។ នាង​កើត​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​១៩៩៣ នៅ​សង្កាត់​​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ នាង​សុំ​មិន​រំលឹក​ដល់​ឪពុក​ឡើយ ដោយសារ​នាង​បាន​ធំ​ដឹងក្ដី​ក្រោម​ការ​តស៊ូ​របស់​ម្ដាយ និង​ជីតា ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ឪពុក​ក្នុង​ពេល​នាង​នៅ​តូច ។ កីឡាការិនី​ល្បីឈ្មោះ​រូប​នេះ​ថ្លែង​ថា​៖«​កុំ​ថា​ឡើយ​ខ្ញុំ​ស្គាល់​មុខ​គាត់ សូ​ម្បី​តែ​គាត់​ឈ្មោះ​អី​ក៏​ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍​ចង់​ដឹង​ដែរ ព្រោះ​គាត់​បោះបង់​ខ្ញុំ​យូរហើយ​» ។ នាង​ជា​កីឡាការិនី​ខ្វះ​ភាព​កក់ក្ដៅ​ពី​ឪពុក បើ​ទោះជា​នាង​ច្រានចោល​ការ​ចោទសួរ​ពាក់ព័ន្ធ​នឹង​បុរស​រូប​នេះ​ក្ដី ។

ក្នុង​វ័យ​កុមារភាព វិ​ទិ​នី បាន​បោះ​ជំហាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា សំពៅ​មាស និង​បាន​បន្ត​ទៅ​កាន់​វិទ្យាល័យ​បាក់​ទូក ។ នាង​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ចំណេះ​ទូទៅ​បាក់​ឌុ​ប​ក្នុង​ឆ្នាំ​២០១០​ដោយ​ទទួល​បាន​និទ្ទេស​មធ្យម ។ មក​ដល់​ពេល​នេះ នាង​មិន​ទាន់​មានឱកាស​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅឡើយ ដោយសារ​តែ​ជាប់​ហាត់​ហែល​ទឹក និង​មមាញឹក​នឹង​ការ​ប្រកួត​នៅ​ក្រៅប្រទេស​សឹង​ដកឃ្លា​មិន​រួច ។ ទោះបី​យ៉ាងណា កីឡាការិនី​រូប​នេះ មាន​គម្រោង​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​នៅ​ឆ្នាំ​ក្រោយ ដើម្បី​បង្កើន​កម្រិត​ចេះ​ដឹង​ឱ្យ​មាន​ស​ន្ទ​ស្សន៍​អាច​ប្រដំប្រសង​គ្នា​នឹង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ។ នាង​និយាយ​ថា​៖«​ខ្ញុំ​ឧស្សាហ៍​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ដូច្នេះ​មាន​តែ​ជំនាញ​ភាសា​ទេ ដែល​ចាំបាច់​សម្រាប់​ខ្ញុំ​ប្រើ​ការ ហើយ​ខ្ញុំ​ប្រហែល​មិន​ដំអក់​ទៀត​ទេ កុំឱ្យ​ខាត​ឆ្នាំ​»​។

ដំណើរ​វិវត្តន៍​ឆ្ពោះទៅ​រក​អាជីព​ហែល​ទឹក
ហែម​ថុ​ន វិ​ទិ​នី ជា​ចៅស្រី​បង្កើត​លោក​ហែម ថុ​ន ដែល​ជា​អតីត​កីឡាករ​ហែល​ទឹក និង​ជា​អតីត​ប្រធាន​សហព័ន្ធ​មួយ​រូប ។ នាង​អះអាង​ថា​លោក​គឺជា​បុរស​តែ​ម្នាក់​គត់​ដែល​នាំ​ឱ្យ​នាង​បាន​ក្លាយជា​កីឡាការិនី​ហែល​ទឹក ក្នុង​ពេល​ដែល​នាង​មិន​ដែល​គិត​ឃើញ​ទាល់តែ​សោះ​ថា​នឹង​បាន​ក្លាយជា​តារា​កីឡាការិនី​លើ​ផ្នែក​នេះ ។ នាង​ថ្លែង​ថា​៖«​កាល​ខ្ញុំ​នៅ​តូច ខ្ញុំ​តែង​ត្រូវ​លោកតា​យក​ទៅ​ហែល​ទឹក ហើយ​បង្ហាត់​ឱ្យ​ចេះ​ហែល​ទឹកជា​ប្រចាំ ទើប​ខ្ញុំ​បាន​ក្លាយជា​កីឡាការិនី​ហែល​ទឹក​មក​ដល់​ថ្ងៃ​ហ្នឹង​»​។

យុវតី​រូប​នេះ បាន​បង្ហាញ​ទេព​កោសល្យ​ក្នុង​នាម​ជា​កីឡាការិនី​ហែល​ទឹក​កាន់តែ​លេចធ្លោ​ក្រោយ​ពី​ទទួល​ការ​បណ្ដុះបណ្ដាល ដែល​ថ្ងៃ​ណា​ក៏​លេចមុខ​មាត់​នៅ​បរិវេណ​អាង​ហែល​ទឹក ជាមួយ​លោក​ហែម ថុ​ន នោះ​ដែរ ដោយសារ​តែ​ក្នុង​ពេល​នោះ​លោក ហែម ថុ​ន គឺជា​អ្នក​ជំរុញ​រូប​នាង​ដ៏​សំខាន់ ។ នាង​ត្រូវ​បាន​ជីតា​លើកទឹកចិត្ត​ឱ្យ​ចូល​ជា​សមា​ជិក​ថ្មី​ក្នុង​កីឡាហែលទឹក នា​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល​នាង​មាន​អាយុ​ទើបតែ​៥​ឆ្នាំ ។ ក្នុង​រយៈពេល​នោះ នាង​មិន​បាន​រំលេច​ចេញ​ស្នាដៃ​ណាមួយ ក្នុង​អាជីព​ជា​អ្នក​ហែល​ទឹក​ឡើយ ដោយសារ​តែ​នាង​ក៏​នៅ​វ័យក្មេង និង​មិន​ទាន់​មានបទពិសោធន៍​ច្រើន​ផង ។ អំឡុង​ពីរ​-​បី​ឆ្នាំ​ក្រោយមក នាង​ក៏​មានឱកាស​តាម​រយៈ​ការ​ជំរុញ​ទាំងនោះ ដោយ​​បាន​វិ​វត្ត​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ដែល​មាន​សមត្ថភាព​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​បន្ទាប់​ពី​នាង​ពេញ​សិទ្ធិ​ក្នុង​ឋានៈ​ជា​កីឡាការិនី​ហែល​ទឹក និង​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​ក្នុង​កម្រិត​​នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់ ។ នាង​ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​ផ្ដល់​កិត្តិយស​ឱ្យ​បញ្ចូល​ឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ​២០០៣ ដែល​ការ​បោះ​ជំហាន​​នោះ​កាន់តែ​ធ្វើ​ឱ្យ​មាន​កម្លាំងចិត្ត​ទ្វេ​ដង​នៅ​ក្នុង​ពិភព​ហែល​ទឹក ។

នាង​ថែម​ទាំង​ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​ឱ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់​ដោយសារ​តែ​ការ​ប្រឹងប្រែង​របស់​ខ្លួន​នោះ​ផង បើ​ទោះជា​មក​ដល់​ពេល​នេះ​នាង​មិន​ទាន់​ទទួល​បាន​មេដាយ ឬ​ចំណាត់ថ្នាក់​ល្អ​ត្រឡប់​មក​វិញ ក្រោម​ការ​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​របស់​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​ក្ដី ។ ទោះបី​យ៉ាងណា សម្រាប់​ការ​ប្រកួត​ក្នុងស្រុក គឺ​នាង​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ជា​កីឡាការិនី​ដែល​ទទួល​បាន​មេដាយមាស​រាប់​មិន​អស់ និង​ជា​កីឡាការិនី​ដែល​មានឱកាស​លុប​លើ​កីឡាការិនី​ហែល​ទឹក​ផ្សេង ដែល​អាច​និយាយ​បាន​ថា សម្រាប់​ការ​ប្រកួត​ក្នុងស្រុក គឺ​មិន​មាន​កីឡាការិនី​ណា​ម្នាក់​ឈ្នះ​នាង​នោះ​ទេ ទើប​ធ្វើ​ឱ្យ​នាង​រមែង​ត្រូវ​បាន​តែងតាំង​ជា​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ជា​ប្រចាំ​រហូត​មាន​អ្នកខ្លះ​យល់​ថា​នាង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ព្រោះតែ​មាន​ខ្សែ​ទុយោ ប៉ុន្តែ​ការ​ពិត​គឺ​មក​ពី​នៅ​ក្នុងស្រុក​មិន​មាន​អ្នក​ណា​ប្រកួត​ឈ្នះ​នាង​ប៉ុណ្ណោះ ។ នាង​មាន​ជំនាញ​ហែល​ទឹក​លើ​ផ្នែក​ហែល​សេរី ហែល​របៀប​មេអំបៅ និង​ហែល​មិន​កំណត់​ចម្ងាយ ។

ជំហាន​ចេញ​ទៅ​ក្រៅប្រទេស
បើ​ទោះជា​មិន​ធ្លាប់​ដណ្ដើម​បាន​ពានរង្វាន់ ឬ​មេដាយ​ពី​ការ​ប្រកួត​នៅ​បរទេស តែ ​ហែមថុ​ន វិ​ទិ​នី គឺជា​កីឡាការិនី​ហែល​ទឹក​ល្បីល្បាញ​តែ​ម្នាក់​គត់​ដែល​តំណាង​ឱ្យ​កម្ពុជា ហើយ​​តែង​លេចមុខ​នៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​នៅ​ឯនាយ​សមុទ្រ ។ នាង​បាន​ចាកចេញ​ទៅ​ប្រកួត​បើក​ឆាក​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ក្នុង​កម្មវិធី​ប្រកួត​កីឡាហែលទឹក​អន្តរ​ជាតិ​នៅ​ថៃ ដោយ​ទទួល​បាន​លទ្ធផល​បរាជ័យ ។ ក្នុង​ឆ្នាំ​២០០៦ នាង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​កា​តា ដោយ​ជួប​វាសនា​ធ្លាក់​ចេញពី​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដូច​គ្នា​។

ក្នុង​ឆ្នាំ​២០០៧ នាង​បាន​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម
នៅ​ថៃ និង​ចាកចេញ​ទៅ​ប្រកួត​នៅ​ជប៉ុន​នា​អំឡុង​ចុងឆ្នាំ​សា​ជា​ថ្មី ។ ជាមួយ​សំណាង​ដូច​មុន តែ​នាង​អាច​ឡើង​ដល់​ជុំ​ល្អ​ជាង​មុន ខណៈ​ដែល​ឆ្លង​ចូល​ដល់​វគ្គ​ទី​ពីរ​ទើប​ធ្លាក់​ចេញពី​ការ​ប្រកួត ។

ក្នុង​ឆ្នាំ​២០០៨ នាង​ចេញ​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ចិន ហើយ​ឆ្នាំ​២០០៩ បាន​ចេញ​ទៅ​បី​ប្រទេស​ព្រម​គ្នា គឺ​សិង្ហ​បុរី ឡាវ និង​អីុ​តា​លី​។

ដោយឡែក​ក្នុង​ឆ្នាំ​២០១០ នាង​បាន​លេច
មុខ​សា​ជា​ថ្មី​នៅ​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ក្នុង​កម្មវិធី​អាស៊ាន​ហ្គេ​ម​៤៥​ប្រទេស និង​ចេញ​ទៅ​ប្រកួត​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រាត​អា​រ៉ាប់​រួម​កាលពី​ចុងឆ្នាំ​ដដែល​នោះ ។

កីឡាការិនី​រូប​នេះ និយាយ​ថា ដំណើរ​ចាកចេញ​ទៅ​ក្រៅប្រទេស​របស់​ខ្លួន ដ្បិតថា​មិន​ធ្លាប់​ជោគជ័យ តែ​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ច្រើន​ដល់​នាង ដែល​អាច​ឱ្យ​នាង​ប្រឹង​ឈោង​​យកជ័យ​ជម្នះ​នា​ពេល​ខាង​មុខ​បាន ។ នាង​និយាយ​ថា​៖«​ខ្ញុំ​គិត​ថា អត្ត​ព​លិ​ក​ហែល​ទឹក​នៅ​ក្រៅប្រទេស​គេ​មាន​វាសនា​ល្អ​ជាង​យើង ព្រោះ​នៅ​ស្រុក​គេ​មិន​ត្រឹមតែ​មាន​អាង​ហែល​ទឹកធំ​ៗ ចូល​ស្ដង់ដារ​ប៉ុណ្ណោះ​ទេ គឺ​សូ​ម្បី​តែ​ឧបករណ៍ និង​សម្ភារ​ក្នុង​ពេល​ហ្វឹកហាត់ ក៏​មាន​ភាព​ទំនើប​ខុស​ពី​នៅ​កម្ពុជា​ដែរ​»​។

ជំហរ​ថ្ងៃ​អនាគត
មក​ទល់​បច្ចុប្បន្ន ហែម​ថុ​ន វិ​ទិ​នី ជា​គ្រូបង្វឹក​កីឡាហែលទឹក ដោយ​កូនសិស្ស​របស់​នាង​គឺ​មាន​ទាំង​តារា​ល្បីឈ្មោះ ។ វិ​ទិ​នី ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ឈប់​ពី​អាជីព​កីឡា​នេះ​ទេ ព្រោះ​វា​ជួយ​ឱ្យ​ខ្ញុំ​មានមុខមាត់ និង​មាន​សុខភាព​ល្អ ហើយ​បើ​ទោះជា​ខ្ញុំ​មាន​ស្វាមី ក៏​ប្រហែល​មិន​ឈប់​ដែរ យ៉ាងច្រើន​ខ្ញុំ​ចេញ​ធ្វើការ​មួយ​រយៈ គឺ​ប្រាកដជា​វិល​មក​កាន់​អាជីព​ជា​គ្រូបង្វឹក​នោះ​វិញ​ហើយ ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​»​។ នាង​ក៏​នឹង​បន្តការងារ​មួយ​នេះ បើ​ទោះជា​នាង​ត្រូវ​រៀប​ការ​ជាមួយ​កីឡាករ​បាល់ទាត់ សំ​អឿ​ន ពិដោរ ក្នុង​ពេល​ខាង​មុខ​ក្តី​៕