ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​៥​គ្រាប់ ពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ចម្ការ​ដំឡូង​មី

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នគរបាល​បាន​ឲ្យ​ដឹង​ថា ត្រង់​ចំណុច​ដីចម្ការ​ជិត​ច្រករបៀង​០៤ ហៅ​ង៉ាំ​បា​មូល មាន​ប្រជាពលរដ្ឋ​ទៅ​ជម្រះ​ស្មៅ​ចម្ការ​ដំឡូង

ខេត្តមណ្ឌលគិរី ៖ នគរបាល​បាន​ឲ្យ​ដឹង​ថា ត្រង់​ចំណុច​ដីចម្ការ​ជិត​ច្រករបៀង​០៤ ហៅ​ង៉ាំ​បា​មូល មាន​ប្រជាពលរដ្ឋ​ទៅ​ជម្រះ​ស្មៅ​ចម្ការ​ដំឡូង ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់ មិន​ស្គាល់​ម៉ាក​។ នៅ​ពេល​សមត្ថកិច្ច​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម​ៗ កម្លាំង​បាន​ចុះ​ទៅ​ដល់ទី​តាំង​គ្រាប់​ទាំងនោះ និង​បាន​ពិនិត្យ​ឃើញ​មាន​មួយ​ចំនួន​កប់​ក្នុង​ដី និង​ពីរ​គ្រាប់​ត្រូវ​បាន​អ្នក​ប្រទះ​ឃើញ​រើស​យក​ទៅ​ទុក​លើ​អង្កត់ឈើ នៅ​ជិត​គ្នា​។

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែង​ខាងលើ បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​គ្រាប់​កប់​ក្នុង​ដី​ច្រើន​ទៀត ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ហ៊ាន​កាយ​បន្ត​ទៀត​ឡើយ ព្រោះតែ​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ ទោះជា​យ៉ាងណា ករណី​ខាងលើ លោក​អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ដោះ​មីន ស៊ី​ម៉ាក់ ឲ្យ​ចុះ​ទៅ ត្រួតពិនិត្យ និង​រំដោះ​គ្រាប់​ទាំងនោះ ទៅ​កម្ទេច​ចោល ដើម្បី​បង្កា​គ្រោះថ្នាក់​នានា​ដល់​ប្រជាពលរដ្ឋ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០ ដោយ​របប​សាធារណរដ្ឋ​ខ្មែរ​លោក លន់ ន​ល់ គាំទ្រ​ដោយ​សហរដ្ឋអាមេរិក បាន​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល និង​ការ​កាប់សម្លាប់​គ្នា​។

នៅ​ចុងឆ្នាំ​១៩៩៨ យុទ្ធសាស្ត្រ​ឌី​ហ្វី​ដ នៃ​នយោបាយ​ឈ្នះ​ឈ្នះ បាន​បំបាត់​សង្គ្រាមស៊ីវិល​ទាំងស្រុង ប៉ុន្តែ​អាវុធយុទ្ធភណ្ឌ គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​រាយ​ប៉ាយ​តាម​កន្លែង​ជា​ច្រើន ដែល​បង្ក ការ​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​។ នៅ​ក្នុង​ខែមករា​កន្លង​ទៅ​នេះ​អ្នកជំនាញ​ដោះ​មីន​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស ដោយ​គ្រាប់​មីន​សេសសល់​ពី​សង្គ្រាម បាន​ផ្ទុះ ពេល​ពួក​គេ​កំពុង​បំពេញ​កិច្ចការ​ដោះ​មីន ក្នុង​ខេត្ត​ប៉ៃលិន​។ កម្ពុជា​ក្នុង​ស្ថានភាព​ដែល​មាន​មីន​សេសសល់​ជា​ច្រើន​សែន​គ្រាប់​មិន​ទាន់​ដោះ​អស់នេះ បាន​ទទួល​ការ​ជួយ​ពី​ប្រទេស​មួយ​ចំនួន ក្នុង​ការ​រំដោះ​គ្រាប់​មីន​ចេញពី​ក្នុង​ដី​។

កាលពី​ចុង​ខែមករា​នេះ ជប៉ុន​បាន​សន្យា​ផ្តល់​ចំ​នួ​យ​ជាង​១៧​លាន​ដុល្លារ ក្នុង​ការ​បោសសម្អាត​មីន រយៈពេល​៣​ឆ្នាំ​។ គម្រោង​នៃ​ជំនួយ​នោះ ក៏​បាន​ឯកភាព​ទិញ គ្រឿងចក្រ​កម្ទេច​មីន​ធ្ងន់​ចំនួន​៥​គ្រឿង​បន្ថែម​ទៀត ដែល​គ្រឿងចក្រ​ថី្ម​នេះ តម្លៃ​ជិត​មួយ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង អាច​មក​ដល់​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៧​នេះ​៕