ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកីឡា​ជិះសេះ​បាន​ត្រឡប់​មក​វិញ ហើយ​នាំ​មក​ជាមួយ​នូវ​មេដាយ​សំរឹទ្ធិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ជិះសេះ​កម្ពុជា បាន​ត្រឡប់​មក​ពី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ​ទី​២១ ខែសីហា​កន្លង​មក ដោយ​នាំ​មក​ជាមួយ​នូវ​មេដាយ​សំរឹទ្ធិ​១​គ្រឿង ។

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ជិះសេះ​កម្ពុជា បាន​ត្រឡប់​មក​ពី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ​ទី​២១ ខែសីហា​កន្លង​មក ដោយ​នាំ​មក​ជាមួយ​នូវ​មេដាយ​សំរឹទ្ធិ​១​គ្រឿង ។

ការ​វិល​ត្រឡប់​របស់​ក្រុមកីឡា​ជិះសេះ​កម្ពុជា នេះ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ព្រមទាំង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​ជា​ច្រើន​រូប​ទៀត ។

លោក កែវ វ​ណ្ណា​រិ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​កម្ពុជា បានឱ្យ​ដឹង​ថា​កីឡា​ជិះសេះ​កម្ពុជា​ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធិ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​លើក​នេះ បាន​មក​ពី​ការ​ប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម​ដែល​មានឈ្មោះ​ថា Team Endurance​ធ្វើ​ឡើង​នៅ​លើ​ទីលាន Putrajaya Equestrian Park​ឬ​វិញ្ញាសា​ជិះសេះ​ម៉ា​រ៉ា​តុង​ចម្ងាយ​៨០​គីឡូម៉ែត្រ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​កម្ពុជា​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ អ្វី​ដែល​នាំ​ឱ្យ​យើង​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ គឺ​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ទាំង​សេះ ទាំង​កីឡាករ ព្រោះ​វា​ជា​ប្រភេទ​កីឡា​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ភាព​ឈ្លាសវៃ មិនមែន​តែ​កីឡាករ​ទេ គឺ​សេះ​ក៏​ពូកែ កីឡាករ​ក៏​ពូកែ ការ​គ្រប់គ្រង​សេះ​ក៏​ពូកែ​ទៀត​ទើប​ទទួល​បាន​ជោគជ័យ  ។

លោក កែវ វ​ណ្ណា​រិ ថ្លែង​ទៀត​ថា មុន​ពេល​ចេញ​ទៅ​ប្រកួត​យើង​បានដឹង​ពី​សមត្ថភាព​របស់​អត្ត​ព​លិ​ករួច​ហើយ​ថា ពិតជា​នឹង​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​ជូន​ជាតិ​របស់​យើង ។

លោក​បាន​លើក​ឡើង​ទៀត​ថា កាលពី​ឆ្នាំ​២០១៥​ថ្វី​ដ្បិតតែ​យើង​មិន​ទទួល​បាន​មេដាយ​មែន តែ​សហព័ន្ធ​បានដឹង​មុន​ច្បាស់​ណាស់​ថា យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​ឬ​លេខ​៥​ដែរ ។

ដូច្នេះ ជាមួយនឹង​ការ​ទទួល​បាន​មេដាយ​សំរឹទ្ធិ​នា​ពេល​នេះ បាន​ក្លាយជា​បទ​ពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​អត្ត​ព​លិ​ក​ជិះសេះ​កម្ពុជា ដើម្បី​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត សំដៅ​ឈាន​ឆ្ពោះទៅ​ដណ្ដើម​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ។ ជា​ពិសេស គោលដៅ​សំខាន់​បំផុត​នោះ គឺ​ការ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក ហ៊ុយ សុ​ផា​ណា​រិ​ទ្ធ ប្រធាន​ក្រុមកីឡា​ជិះសេះ​កម្ពុជា បាន​សម្ដែង​នូវ​ការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​សមាជិក​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ខិតខំ​ប្រឹងប្រែង​ប្រកួត​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​មក​ជូន​ជាតិ​។ ជាមួយ​លទ្ធផល​ដ៏​ល្អ​នេះ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​អនាគត​កីឡា​ជិះសេះ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕