ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​អស់​ប្រជាពលរដ្ឋ​ក៏​ព្រោះតែ​…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គំនរ​សម្រាម​ដ៏​ធំ​ដែល​ត្រូវ​គេ​យក​ទៅ​ចាក់ចោល

ខេត្ត​ប៉ៃលិន ៖ គំនរ​សម្រាម​ដ៏​ធំ​ដែល​ត្រូវ​គេ​យក​ទៅ​ចាក់ចោល​នៅ​ក្បែរផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង​ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រហូត​មក​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នេះ​ត្រូវ​បាន​គេ​ដុត​ហើយ បណ្តាល​ឱ្យ​ឆេះ​ហុយផ្សែង​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា គំនរ​សម្រាម​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​គេ​លួច​ដឹក​យក​ទៅ​បោះចោល​ជា​រៀង​រាល់​យប់​អស់​រយៈពេល​ជា​យូរ​មក​ហើយ បណ្តាល​ឱ្យ​ជះក្លិន​ស្អុយ​ចូល​ក្នុងផ្ទះ​របស់​ពួក​គាត់ ខណៈ​មាន​ខ្យល់​បក់​ផាត់​មក​ពី​ទិស​ខាងកើត​ម្តង​ៗ ជា​ពិសេស​រដូវភ្លៀង​ធ្លាក់​ជោកជាំ​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ការ​បោះចោល​សម្រាម​នេះ​មិន​ធ្លាប់​ឃើញ​មាន​ខាង​មន្ទីរ​ពាក់ព័ន្ធ​ក៏​ដូច​ជា​ខាង​បរិស្ថាន ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ឬ​ចាត់ការ​យក​ទៅ​បោះចោល​នៅ​កន្លែង​ចាក់សម្រាម​ឡើ យ ដោយ​ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​ក្លាយទៅជា​គំនរ​ដ៏​ធំ ។ រហូត​មក​ដល់​ពេល​ស្ងួត​ល្អ ស្រាប់តែ​មាន​គេ​លួច​ដុត ធ្វើ​ឱ្យ​ឆេះ​ហុយផ្សែង​ខ្មួលខ្មាញ់ និង​មាន​ក្លិន​ជាតិពុល​ហុយ​ចូល​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឱ្យ​អ្នកខ្លះ កើត​ជម្ងឺ​ផ្តាសាយ ក្អក ក្អួត និង​ឈឺក្បាល​វិលមុខ​ផង​ដែរ ។ ប្រភព​បញ្ជាក់​ទៀត​ថា មុន​ដំបូង​គេ​នឹក​ស្មានថា ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ម្នាក់​ៗ​ភ័យ​ស្លន់ស្លោរ ហើយ​អ្នកខ្លះ​ដើរ​រក​ធុង​ដងទឹក​រត់​បម្រុង​យក​ទៅ​ជះ​ស្រោច​ពន្លត់ ខ្លះ​ទៀត​បម្រុង​នឹង​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ឆេះ​គំនរ​សម្រាម​ទៅ​វិញ​ទើប​នាំ​គ្នា​ត្រប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។ ចំណែក​អ្នកខ្លះ​ទៀត មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ដោយ​គំនរ​សម្រាម​ដ៏​ច្រើន​នេះ​មិន​គួរ​យក​ទៅ​បោះចោល​អនាធិបតេយ្យ​រួច​យក​ភ្លើង​ដុត​បណ្តាល​ឱ្យ​ឆេះ​បែប​នេះ​ទេ គួរតែ​ដឹក​យក​ទៅ​ចោល​នៅ​កន្លែង​ត្រឹមត្រូវ​វិញ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់​បានដឹង​ពី​រឿង​គេ​ដុត​សម្រាម​នៅ​ក្បែរ​ជាយក្រុង​ទេ ដោយ​លោក​ទើប​មក​ពី​ប្រជុំ​ឯ​ភ្នំពេញ តែ​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ដើម្បី​រៀបចំ​កុំឱ្យ​គេ​បន្ត​យក​ទៅ​ចាក់ចោល​បែប​នេះ​ទៀត ៕