ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សំណង់​ទាំងអស់ អាច​ចាក់​បេតុង​បាន​តែ​ពេល​យប់​ប៉ុណ្ណោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចាក់​បេតុង​មួយ​គ្រឿង​បាន​ឈរជើង​ជ្រែង​ចាក់​យ៉ាង​សង្ហា​នៅ​ពាក់​កណ្តាលផ្លូវ​លេខ​១១៣

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចាក់​បេតុង​មួយ​គ្រឿង​បាន​ឈរជើង​ជ្រែង​ចាក់​យ៉ាង​សង្ហា​នៅ​ពាក់​កណ្តាលផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ដោយ​មិន​ខ្វល់​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ ការ​កកស្ទះ​ចរាចរណ៍​ឡើយ​។ មិនតែប៉ុណ្ណោះ​ក៏​ផ្គើន​ទៅ​នឹង​អាជ្ញាធរ​ខណ្ឌចំការមន ដែល​អនុញ្ញាត​ឲ្យ​គ្រប់​បណ្តា​ការដ្ឋាន​សំណង់​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​អាច​ចាក់​បាន​តែ​នៅ​ពេល​យប់​នោះ​ឡើយ​។ ការ​ឈរ​ជ្រែង​បិទផ្លូវ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់់​បឹង​កេងកង​ទី​២ ខណ្ឌចម្ការមន​។ លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចម្ការមន បាន​ប្រាប់​ថា រាល់​ការ​ចាក់​បេតុង​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយ​ៗ​សាលា​ខណ្ឌ​បាន​អនុញ្ញាតិ​ឲ្យ​ចាក់​បាន​តែ​ពេល​យប់​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​តាម​ផ្លូវ ក៏​ដូច​ជា​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។

តែ​ប្រសិនបើ​ការដ្ឋាន​សំណង់​ណាមួយ​ហ៊ាន​ធ្វើការ​ចាក់​បេតុង​នៅ​ពេល​ថ្ងៃ​គឺ​ធ្វើ​ឡើង​ដោយ​បំពាន និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក់​បេតុង​នៅ​កា​ដ្ឋា​ន​សំណង់​ខាងលើ​នេះ​ដែរ រូប​លោក​មិន​បានដឹង​ឡើយ ហើយ​រូប​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ជា​បន្ទាន់​ផង​ដែរ​។ គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​មកនេះ​លោក​ក៏​ធ្លាប់​បាន​ប្រាប់ កោះសន្តិភាព ឱ្យ​ដឹង​ថា ការ​ចាក់​បេតុង​នេះ​ដែរ​លោក​អនុញ្ញាត​ឲ្យ​ចាក់​តែ​ពេល​យប់​ប៉ុណ្ណោះ និង​មិន​អនុញ្ញាត​ឲ្យ​ចាក់​នៅ​ពេល​ថ្ងៃ​ឡើយ ប្រសិនជា​មិន​ដូច្នោះ កម្លាំង​របស់​លោក​នឹង​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ភ្លាម ប្រសិនបើ​កើត​មានរឿង​អ្វី​កើតឡើង​ម្ចាស់​ការដ្ឋាន​ត្រូវ​ទទួល​ការ​ខុស​ត្រូវ​ដោយ​ខ្លួនឯង​។

ចំណែកឯ​ការ​សាងសង់​រោង​បុណ្យ ឬ​រោងការ​វិញ សាលា​ខណ្ឌ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ឡើង​តែ​មួយ​ភាគ​បី​នៃ​ផ្លូវ​តែ​ប៉ុណ្ណោះ តែ​ប្រសិនបើ​ធ្វើ​លើស​ពី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ហើយ​។ ការ​ឈរ​ជ្រែងជើង​ចាក់​បេតុង​ដោយ​បិទផ្លូវ​ទាំងស្រុង​យ៉ាង​សង្ហា​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​តាម​ផ្លូវ​យ៉ាង​ខ្លាំង  ហើយ​ក៏​មាន​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ធ្វើការ​រអ៊ូរទាំ​ថា <<​អាជ្ញាធរ​មូលដ្ឋាន​មិន​គួរ​ណា​បណ្តោយ​ឲ្យ​រថយន្ត​បាញ់​បេតុង​មក​ឈរ​បាញ់​ដោយ​បិទផ្លូវ​ទាំង​ថ្ងៃ​បែប​នេះ​ឡើយ​>>៕