ជាតិ » ព្រឹត្តិការណ៍សង្គម

ទំនប់​តា​កុយ ខេត្តកំពង់ឆ្នាំង មាន​ផ្លូវ​ថ្មី​ស្អាត​អាច​ទៅ​កម្សាន្ត​បាន

ដោយ ៖ ពៅ សុខហ៊ាន   

ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៦:៣៦   (21-08-2017 16:36)

ខេត្តកំពង់ឆ្នាំង ៖ ស្រុក​ជល​គី​រី គឺជា​ស្រុក​មួយ​ដែល​វិស័យ​គមនាគមន៍​ជួប​ការ​លំបាក ព្រោះតែ​ស្រុក​មួយ​នេះ​ជាង​៨០​ភាគរយ គ្របដណ្តប់​ទៅ​ដោយ​ទឹក​នៅ​រដូវវស្សា ។ ដោយសារ​តែ​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​កសាង​ហេ​ដ្ឋា​រេច​នា​ផ្លូវថ្នល់ ដើម្បី​ឲ្យ​ស្រុក​ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ​នេះ បាន​រីក​ចំរើន​ឡើង​តាម​រយៈ​ការ​កសាង​ផ្លូវ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ នេះ រាជរដ្ឋាភិបាល បាន​កសាង​ថ្នល់ ដោយ​ចាក់​ជា​បេតុង លើ​ទំនប់​តា​កុយ ដែល​ជា​ផ្លូវ​យ៉ាង​លំបាក ត​ភ្ជាប់​ពី​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ទៅ​ផ្សារ​ផ្អាវ ក្នុង​ខេត្តកំពង់ចាម ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៦ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​ទៅ​ផ្សារ​ធំ​ៗ និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ទោះ​យ៉ាងនេះ​ក្តី ផ្លូវ​ដែល​មាន​ប្រវែង​ជាង​៦​ពាន់​ម៉ែត្រ​ខាងលើ​នេះ ធ្វើ​រួច​បាន​តែ​ជាង​ពាក់កណ្ដាល​ប៉ុណ្ណោះ ហើយនឹង​អនុវត្ត​គម្រោង​ថ្មី នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

ប្រជាពលរដ្ឋ​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បាន​បញ្ជាក់​ថា ៖ កាល​មុន​ផ្លូវ​លើ​ខ្នង​ទំនប់​នេះ​ជួប​ការ​លំបាក​ជា​ខ្លាំង ពេល​ឆ្លងកាត់​ម្តង​ៗ ត្រូវ​ប្រើ​រយៈពេល​យូរណាស់ ពេល​ស្ត្រី​មាន​ផ្ទៃពោះ មាន​ជម្ងឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ ជួប​ការ​លំបាក​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ពេល​នេះ ពួក​គាត់​មាន​ទឹកចិត្ត​រីករាយ​ព្រោះ​បាន​ផ្លូវ​ថ្មី ក្រាល​បេតុង ធ្វើ​ដំណើរ​បាន​ស្រួល កាត់​បន្ថយ​ពេលវេលា និង​ពិសេស​ពេល​មានធុរៈ​ចាប់​បាច់​ដូច​ជា​ត្រូវ​ដឹក​អ្នកជម្ងឺ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឬ​ស្ត្រី​ឆ្លងទន្លេ​ជាដើម ។ ពួក​គាត់​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជា​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដែល​បាន​ស្ថាបនា​ផ្លូវ​ថ្មី​បាន​យ៉ាង​ស្អាត និង​រឹង​មាំ​នេះ ។ ទន្ទឹម​នេះ​ដែរ ពួក​គាត់​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ធ្វើ​ផ្លូវ​ដែល​នៅ​សល់​មួយ​កំណាត់​ទៀត​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ជាង​នេះ​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ លោក យិ​ន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី បាន​ឲ្យ​ដឹង​ដែរ​ថា ៖ ផ្លូវ​លើ​ខ្នង​ទំនប់​តា​កុយ​នេះ មាន​ប្រវែង​ជា​៦​ពាន់​៥​រយ​ម៉ែត្រ ដែល​ពេល​នេះ​កសាង​បាន​ជាង​ពាក់កណ្តាល​ហើយ នៅ​សល់​ជាង​២​ពាន់​ម៉ែត្រ​ទៀត និង​កសាង​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕