ជិតភ្លឺក្រឡាប់ភីង… ស្វាងចែស
រថយន្ដសណ្ដោងរ៉ឺម៉កខ្នាតយក្សមួយគ្រឿង
រថយន្ដសណ្ដោងរ៉ឺម៉កខ្នាតយក្សមួយគ្រឿង
ខេត្តពោធិ៍សាត់ ៖ រថយន្ដសណ្ដោងរ៉ឺម៉កខ្នាតយក្សមួយគ្រឿងបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ បណ្ដាលឲ្យផ្អៀងក្រឡាប់ភីងបោកបាក់បង្គោលភ្លើងមួយដើម ព្រមទាំងចាកទំនិញចូលក្នុងស្នាមភ្លោះរាយប៉ាយ ប៉ុន្តែសំណាងល្អពុំមានអ្នកណារងរបួសនោះទេ ។ គ្រោះថ្នាក់នេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និងលេខ១៤៣ ស្ថិតក្នុងភូមិទួលម្កាក់សង្កាត់រលាប ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី២០ សីហា ឆ្នាំ២០១៧ ។
មន្ត្រីចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា រថយន្ដបង្កគ្រោះថ្នាក់នេះ ជារថយន្ដធុនធំម៉ាកFUSOពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 3B-3954សណ្ដោងរ៉ឺម៉កកង់១៦ដឹកទឹកផ្លែឈើ ទឹកបរិសុទ្ធ នំធុង និងអីវ៉ាន់គ្រឿងទេសជាច្រើនមុខទៀត។អ្នកបើកបរឈ្មោះផល ផានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងទៀបភ្លឺនោះគេឃើញរថយន្ដខាងលើធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ទៅបុកបង្គោលចំណាំងប្លាតបាក់អស់មួយដើម ហើយកង់ម្ខាងធ្លាក់ចិញ្ចើមផ្លូវ ។
ពេលនោះអ្នកបើកបរភ្ញាក់ខ្លួន ក៏បានបួងចង្កូតឡើងមកលើថ្នល់វិញ បណ្ដាលឲ្យដាច់រ៉ឺម៉កសណ្ដោងផ្អៀងក្រឡាប់សង្កត់លើបង្គោលខ្សែភ្លើងបាក់អស់មួយដើមព្រមទាំងចាក់អីវ៉ាន់ចូលទៅក្នុងស្នាមភ្លោះរាយប៉ាយ។ ទោះយ៉ាងណាអ្នកបើកបរនិងព្រូមិនមានគ្រោះថ្នាក់ទេ ៕
ចែករំលែកព័តមាននេះ