ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍ដ៏រន្ធត់​ដែលគ្រួសារ​អត់​​អាច​​សប្បាយ​​​ទៀត​​​​បាន​… ខណៈ​កំពុង​​លេង​​​ទឹក​​ជ្រោះ

6 ឆ្នាំ មុន

កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម

ខេត្ត​កំពង់​ស្ពឺ ៖ កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ដោយ​បោក​ផ្ទប់​នឹង​ផ្ទាំង​ថ្ម ហើយ​ត្រូវ​​ទឹកជ្រោះ​ហូរ​កួច​យក​ទៅ​បាត់ ខណៈ​ក្មេង​ប្រុស​ទៅ​មុជទឹក​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​នៅ​ទឹកធ្លាក់​ជ្រាវ ស្ថិត​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុកថ្ពង ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះក្រឹ​ន  សុខ​សម្បត្តិ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​សាម​គ្កី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ។ លោក​វរ​សេ​នីយ៍​ទោ ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង​ថ្លែង​ថា ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា នៅ​តំបន់​​ទេសចរណ៍​ទឹកធ្លាក់​ជាន់​ទី​២ ភ្នំ​ជ្រាវ ស្ថិត​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ។

អ្នកលក់​ម្ហូបអាហារ​នៅ​ទីនោះ​រៀបរាប់​ថា​មុនពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ព្រមទាំង​ក្រុមគ្រួ​សារបាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត ហូប​បាយ និង​មុជទឹក​លេង​ដូច​អ្នកទេសចរ​ផ្សេង​ៗ​ទៀត​ដែរ​។ ពេល​កំពុង​មុជទឹក​លេង​នោះ ក្មេង​ប្រុស​រង​គ្រោះ​បាន​រអិល​ដួល​បោក​​ទៅ​នឹង​ថ្ម​ហើយ ធ្លាក់​ចូល​ក្ទុ​ង​ទឹក​កួច​នាំ​យក​ទៅ​បាត់ រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ឃើញ​សព​អណ្តែត​​មក​ទើរ​នៅ​ចំណុច​ក្បាល​បូមទឹក​ដែល​មាន​ចម្ងាយ​ប្រមា​ន​៥០០​ម៉ែត្រ​ពី​កន្លែង​ធ្លាក់ ។

ដោយឡែក ប្រភព​ផ្សេង​ទៀត​និយាយ​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ឡើងទៅ​កាន់​ចំណុច​ទឹកធ្លាក់​ជាន់​ទី​២ ដោយ​មុជទឹក​លេង​ជាមួយ​អ្នក​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់ ។ ពេល​នោះ​ដោយសារ​មេឃងងឹត ខាង​សហគមន៍​ដែល​គ្រប់គ្រង​តំបន់​ទឹកធ្លាក់ និង​សមត្ថកិច្ច​នៅ​ទីនោះ បាន​ដាស់តឿន​ដល់​អ្នកទេសចរ​គ្រប់​រូប​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះតែ​ពិនិត្យ​ឃើញថា ​ទឹក​អាច​​ធ្លាក់​​មក​យ៉ាង​គំហុក​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ព្រោះ​ ទឹក​ហូរ​ខ្លាំង ។

ក្រោយ​ពី​មានការ​ដាស់តឿន អ្នក​មុជទឹក​កម្សាន្ត​ទាំងនោះ​ក៏​បាន​ឡើង​ពី​ទឹក​មក​រក​កន្លែង​សុវត្ថិភាព ដោយឡែក​ ក្មេង​ប្រុស​រង​គ្រោះ​មិន​បាន​ឡើង​ទេ ស្រាប់តែ​ទឹកបាន​ហូរ​ធ្លាក់​ពី​ដំណាក់​ខាងលើ​យ៉ាង​គំហុក ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​លើ​ភ្នំ ធ្វើ​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះរ​ត់រក​កន្លែង​សុវត្ថិភាព​មិន​ទាន់​ក៏​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ប្រចាំ​គោលដៅ​និង​ខាង​សហគមន៍ បាន​ចុះ​អន្តរាគមន៍​រក​ក្មេង​ប្រុស​រង​គ្រោះ​ភ្លាម​ៗ​ដែរ​តែ​រក​មិនឃើញ គឺ​ទាល់តែ​រហូត​ដល់​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃ​ដដែលទើប​រក​សព​ឃើញ ហើយ​សមត្ថកិច្ច​ក៏​បាន​បំពេញ​ឯកសារ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ដោយ​មិន​នឹក​ស្មានថា សប្បាយ​ក្លាយជា​ទុក្ខ​បែប​នេះ​ឡើយ ។

សូម​រំឭក​ថា ជា​រៀង​រាល់​ឆ្នាំ​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ជ្រាវ​នេះ តែងតែមាន​អ្នកបាត់បង់​អាយុជីវិត ប្រសិនបើ​អ្នក​ទាំង​នោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ទេ​នោះ ។ ដោយឡែក​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា កន្លែង​ទឹកធ្លាក់​ជ្រាវ​នេះ​មាន​ជើងកប​ចាំ​ឆក់​យក​ជីវិត​អ្នក​ទៅ​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន​ឡើយតែ​ការ​ពិត ជើងកប​នោះ​វា​កើតឡើង​ដោយសារ​តែ​អ្នក​ទៅ​មុជទឹក​ជ្រោះ​ខ្វះ​ស្មារតី​ប្រុង​ប្រយ័ត្ន​តែ​ប៉ុណ្ណោះ ។

ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ ក៏​ជា​សារ​មួយ​ប្រាប់​ដល់​មន្ទីរ​ជំនាញ​ក្នុង​ខេត្ត ដើម្បី​រៀបចំ​ធ្វើ​បែប​ណា​កុំឱ្យ​រមណីយដ្ឋាន​ទឹកធ្លាក់​នេះកើត​មាន​គ្រោះថ្នាក់​តទៅ​ទៀត ។ កន្លែង​កម្សាន្ត​ដែល​មានការ​ធានា​សុវត្ថិភាព ទើប​មាន​ភាព​កក់ក្តៅ​សម្រាប់​អ្នកទេស​
ចរ ៕