ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​ពន្លះ​គ្នា​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រង​របួសធ្ងន់​អ្នក​អង្គុយ​ពីក្រោយ​ចំនួន​៤​នាក់ ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដឹក​យក​ទៅ​ព្យាបាល ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ម៉ូយ​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចេញពី​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បាន​បើក​ចេញ​មក​វិញ​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៣១៦៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ចំ​ធុង​ទឹក​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារជើង រង​របួសធ្ងន់​អ្នក​អង្គុយ​ពីក្រោយ​ចំនួន​៤​នាក់ ចំណែកឯ​រថយន្ត​បង្ក​ខូចខាត​បែក​ស្តុ​ប​ខាងឆ្វេង​ផ្នែក​ខាង​មុខ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត ៕