រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានស្នើដល់អ្នកនយោបាយ ពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ថា មិនត្រូវកាប់សម្លាប់គ្នា និងក៏មិនចាំបាច់ឱបរឹតគ្នាដែរសុំត្រឹមតែចាប់ដៃគ្នាបានហើយ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋានក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែសីហាលោក កឹម សុខា បានសរសេរថា «យើងមិនត្រូវកាប់សម្លាប់គ្នា និងក៏មិនចាំបាច់ឱបរឹតគ្នាដែរ សុំត្រឹមតែចាប់ដៃគ្នាដើម្បីកសាងកម្ពុជាឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងសេចក្ដីសុខចម្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរបានហើយ» ។
ការលើកឡើងបែបនេះរបស់លោក កឹម សុខា គឺបន្ទាប់ពីឃើញសកម្មភាពអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពេលកន្លងមកមានភាពស្និទ្ធស្នាលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រហូតដល់មានការទទួលទានអាហារជាលក្ខណៈគ្រួសារ និងបានចូលរួមកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាបជាមួយគ្នាទៀតផង ។ប៉ុន្តែលទ្ធផលចុងក្រោយ លោក សម រង្ស៊ី បានប្រើអាកប្បកិរិយាមិនគប្បីចំពោះក្រុមគ្រួសារសម្តេចតេជោ ដែលធ្វើឱ្យសម្តេចតេជោខឹងសម្បា
យ៉ាងខ្លាំង និងឱ្យលោក សម រង្ស៊ី សុំទោសទៀតផង ។
ត្រង់ចំណុចហ្នឹងដែលលោក កឹម សុខា បានគូសបញ្ជាក់ថា «ខ្ញុំយល់ឃើញថា អ្នកនយោបាយ ឬគណបក្សនយោបាយខ្មែរ គួរប្រកួតប្រជែងគ្នាតែទស្សនៈរៀងៗខ្លួន ។ អ្នកនយោបាយខ្មែរមិនគួរបន្ដការជេរប្រមាថ លាបពណ៌ គំរាមកំហែង បង្កការឈឺចាប់ចំពោះខ្មែរគ្នាឯងតទៅទៀតទេ» ។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា «ខ្ញុំសង្កេតឃើញថា អ្នកនយោបាយខ្មែរកន្លងមក ពេល
ត្រូវរ៉ូវគ្នាធ្វើជាឱបរឹតស្និទ្ធស្នាលនឹងគ្នាទាំងគ្រួសារ ។ ពេលខ្វែងគំនិតគ្នា វាយប្រហារគ្នា ស្ទើរតែស៊ីសាច់ហុតឈាមគ្នា ។អាកប្បកិរិយាទាំងនេះវាហួសហេតុពេកហើយ ព្រោះជាលទ្ធផលវានឹងបំផ្លាញខ្លួនឯង បំផ្លាញសង្គមខ្មែរ និងរហូតដល់បំផ្លាញប្រទេសជាតិយើងទៀតផង» ។
សូមជម្រាបថា ការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ ធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សកាន់អំណាចមិនដែលយកខ្មែរណាជាសត្រូវទេ ព្រោះថារាល់ទង្វើដែលធ្វើឡើងនោះសុទ្ធតែគណបក្សប្រឆាំងជាអ្នកធ្វើឡើងទាំងអស់ ហើយអ្វីដែលកើតឡើងចំពោះសកម្មជន និងអតីតមេបក្សប្រឆាំងគឺធ្វើតាមច្បាប់ទាំងអស់ ៕
ចែករំលែកព័តមាននេះ